ភ្នំពេញ៖ អ្នកជំនាញបានមើលឃើញថា ទីផ្សារនៃការទិញលក់គម្រោងខុនដូនៅកម្ពុជាបានទទួលរងនូវផលប៉ះពាល់ខ្លាំងពីជំងឹកូវីដ១៩ បើធៀបជាមួយនឹងផ្នែកផ្សេងទៀតក្នុងវិស័យអចលនទ្រព្យ ដោយសារការវិនិយោគភាគច្រើន គឺជាជនបរទេស។
លោកឧកញ៉ា ចេង ខេង អគ្គនាយក្រុមហ៊ុន CPL បានឱ្យដឹងថា នៅក្នុងទីក្រុងភ្នំពេញកាលពីមុនមិនមានអគារខ្ពស់ច្រើនទេ ប៉ុន្តែ បច្ចុប្បន្ននេះគឺមានចំនួនច្រើនដែលកំពុងវិនិយោគ ហើយទទួលរងនូវផលប៉ះពាល់ពីជំងឹកូវីដ១៩ ដោយពិបាកក្នុងទិញលក់ ហើយភាគច្រើន វិនិយោគិនដែលបណ្តាក់ទុននៅក្នុងផ្នែកមួយនេះជាជនបរទេស និងខ្មែរតិចតួចបំផុត។
លោកឧកញ៉ា ចេង ខេង បានពន្យល់ថា អ្នកវិនិយោគលើគម្រោងប្រភេទនេះ កំពុងតែរង់ចាំឱ្យស្ថានភាពល្អប្រសើរឡើងវិញ ដើម្បីបញ្ចេញគម្រោងរបស់ខ្លួន ព្រោះកំពុងជួបបញ្ហាប្រឈមខ្លាំងពីជំងឹកូវីដ១៩។
ទោះជាយ៉ាងណាលោក ឧកញ៉ា ចេង ខេង ក៏បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ដែលកំពុងជួបបញ្ហានៃវិបត្តិទីផ្សារទាំងនោះសូមកុំឱ្យមានការអស់សង្ឃឹម និងបាក់ទឹកចិត្ត ព្រោះអ្វីៗនឹងចាប់ផ្តើមមានការទិញលក់ឡើងវិញក្រោយស្ថានការណ៍ប្រឈមនឹងជំងឺដែលកំពុងរាលដាលនេះស្ងប់ស្ងាត់បាត់ទៅវិញក្នុងពេលខាងមុខនេះ។
លោក James Hodge អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានទទួលស្គាល់ថាទីផ្សារលំនៅឋានដែលរួមបញ្ចូលទាំងផ្នែកខុនដូផងដែរនោះ នៅតែបន្តស្ងប់ស្ងាត់ជាងធម្មតា ខណៈអ្នកទិញបន្តរក្សាទុកនូវធនធានវិនិយោគរបស់ខ្លួន និងជៀសវាងការចំណាយ អំឡុងពេលភាពមិនប្រាកដប្រជានៅតែអាចកើតមាន។
លោកបានថ្លែងថា ការរំខានដែលបណ្តាលមកពីព្រឹត្តិការណ៍២០ខែកុម្ភៈ អាចផ្តល់នូវឱកាសខ្លះសម្រាប់អ្នកមានសាច់ប្រាក់ក្នុងការចំណាយ និងមានភាពវៀងវៃក្នុងការវិនិយោគលើទីផ្សារនាពេលបច្ចុប្បន្ន ព្រោះមានអចលនទ្រព្យតម្លៃទាបជាងទីផ្សារដែលមានផលចំណេញខ្ពស់នាពេលអនាគត។
បើតាមអ្នកជំនាញអន្តរជាតិរូបនេះបញ្ជាក់ថា ការទិញលក់អចលនទ្រព្យភាគច្រើន ជាពិសេសផ្នែកខុនដូគឺទាមទារឱ្យមានការជួបមុខគ្នាក្នុងការចចារ និងផ្តល់ទំនុកចិត្តឱ្យគ្នាទៅវិញទៅមក ទើបការទិញលក់មានអត្រាជោគជ័យខ្ពស់។ ប៉ុន្តែចាប់តាំងពីដើមឆ្នាំរហូតមក មនុស្សមានភាពភ័យខ្លាចក្នុងការចេញក្រៅ ហើយម្យ៉ាងទៀតអ្នកខ្លះមិនហ៊ានចំណាយលុយច្រើនក្នុងកំឡុងពេលដែលមានសេដ្ឋកិច្ចមិនល្អ ដូច្នេះទាំងអស់នេះ ក៏ជាហេតុផលដែលធ្វើឱ្យការទិញលក់មានការធ្លាក់ចុះផងដែរ៕