ភ្នំពេញ៖ នាយកផ្នែកលំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE Cambodia លោក David Pen បានឱ្យដឹងថា មានគម្រោងរាប់រយដែលកំពុងអភិវឌ្ឍនៅទូទាំងទីក្រុងភ្នំពេញ នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ប៉ុន្តែតំបន់ដែលមានសន្ទុះអភិវឌ្ឍន៍ និងកើនឡើងខ្លាំងជាងគេនាពេលនេះគឺស្ថិតនៅតំបន់ភាគខាងត្បូងនៃទីក្រុង។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោក David Pen បានលើកឡើងថា នៅតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញមានគម្រោងអភិឌ្ឍន៍ធំៗជាច្រើនដូចជា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គម្រោង Aeon 3 គម្រោងផ្លូវក្រវាត់ក្រុងទី៣ និងវត្តមានមជ្ឈមណ្ឌលអាជីវកម្មធំៗជាច្រើនទៀត ដែលជាកត្តាជំរុញឱ្យតំបន់នេះមានការទាក់ទាញ និងរីកចំរើនលើវិស័យអចលនទ្រព្យ។
លោក David Pen ថ្លែងថា៖«មិនមានអ្វីគួរឱ្យសង្ស័យអ្វីទៀតទេ នៅក្នុងគំនិតរបស់ខ្ញុំ តំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញមានសន្ទុះរីកចំរើនខ្លាំងនាពេលបច្ចុប្បន្ននេះ ជាមួយនឹងគម្រោង និងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀតឆ្ពោះទៅតំបន់នេះ ហើយមើលទៅវាមាននិរន្តរភាពទៀត »។
បើតាមលោក David Pen នៅក្នុងអំឡុងពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់ចាប់យកឱកាស ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ ដើម្បីយកចំណេញនៅថ្ងៃក្រោយ ស្របពេលដែលតម្លៃនៅធូថ្លៃនៅឡើយ។
លោក David Pen បញ្ជាក់ទៀតថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានប៉ះពាល់មកលើសេដ្ឋកិច្ច និងការកើនឡើងនៃការប្រកួតប្រជែង ក៏បានធ្វើឱ្យអ្នកអភិវឌ្ឍន៍កំពុងផ្តល់ជូននូវផែនការទូទាត់លុយមានសភាពបត់បែនផងដែរទៅតាមអតិថិជនរបស់ខ្លួន។ ជាមួយគ្នានេះ ធនាគារក៏កំពុងផ្តល់អត្រាការប្រាក់គួរឱ្យទាក់ទាញកាន់តែខ្លាំងឡើង រួមជាមួយនឹងលក្ខខណ្ឌផ្តល់ប្រាក់កម្ចីក៏សមរម្យ ។
លោកDavid Pen ថ្លែងថា « ទោះបីមានអ្វីកើតឡើងនៅជុំវិញយើងក៏ដោយ វិនិយោគិនតែងតែមើលឃើញ និងដឹងថាពេលច្បាស់លាស់ និងកន្លែងណាដែលផ្តល់ឱកាសល្អបំផុតសម្រាប់ធ្វើការវិនិយោគ។ ចំពោះខ្ញុំយោងទៅតាមទិន្នន័យ និងការសិក្សាទីផ្សារដែលខ្ញុំមាននៅក្នុងដៃ ពេលវេលាដើម្បីវិនិយោគគឺនៅពេលនេះហើយ ដោយឡែកទីតាំងគឺស្ថិតនៅភាគខាងត្បូងនៃទីក្រុងគឺជាផ្លូវដែលត្រូវទៅ»៕