ភ្នំពេញ៖ ហាក់មានភាពខុសប្លែកកាលពីប្រមាណ៤ទៅ៥ឆ្នាំមុន ដែលអ្នកអភិវឌ្ឍន៍វិស័យលំនៅដ្ឋានភាគច្រើនបានតម្រង់ទិស​បាញ់ឆ្ពោះទៅកាន់ប៉ែក​ខាង​ជើងនិងខាងត្បូងរាជធានីភ្នំពេញ ប៉ុន្តែសម្រាប់ពេលនេះក្រុហ៊ុនដែលជាអ្នកភិវឌ្ឍន៍ បានបង្វែរគោលដៅទៅកាន់តំបន់ប៉ែកខាងកើតជាបណ្តើរៗ ខណៈដែល​ភាព​អំណោយផលទាំងកត្តាតម្លៃ កត្តាហេដ្ឋារចនាសម្ព័ន្ធនិងទំនោរនៃកំណើនប្រជាសាស្ត្រកំពុងកើតមាន។ 

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា គ្រប់តំបន់ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ​ទាំងអស់​ សុទ្ធតែជាគោលដៅវិនិយោគនិងអភិវឌ្ឍន៍ទាំងអស់ ជាពិសេសផ្នែកលំនៅដ្ឋាន ព្រោះកំណើននៃចំនួនប្រជាជនដែលចូលមក​កាន់រាជធានីភ្នំពេញ​មាន​ការកើនឡើងជាបន្តបន្ទាប់ជាពិសេសគម្រោង និងផែនការមេពង្រីកក្រុងនៅក្នុងរង្វង់អង្កត់ផ្ចិត១០០គីឡូម៉ែត្រជុំវិញនៅត្រឹមឆ្នាំ២០៣៥ខាងមុខនេះ។

លោកឧកញ៉ាបានបញ្ជាក់ថា៖ “កាលពីប៉ុន្មានឆ្នាំមុន តំបន់ដែលជាគោលដៅនៃការវិនិយោគនិងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានគឺស្ថិតនៅប៉ែកខាងជើង និងប៉ែក​ខាងត្បូងក្រុង ខណៈដែលនៅតំបន់ទាំងនេះមានភាពអំណោយផលល្អទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងកត្តាភូមិសាស្ត្រហើយតម្លៃដីធ្លីក៏នៅមានភាពសមរម្យ​ ដែល​អាច​អនុញ្ញាតិឲ្យអ្នកអភិវឌ្ឍន៍មានឱកាសចំណេញច្រើន ហើយក្រុមហ៊ុនប្រកួតប្រជែងក៏មិនទាន់មានច្រើន”។

លោកឧកញ៉ា នួន រិទ្ធី បានបន្តថា ៖ “បច្ចុប្បន្ននេះ បើនិយាយពីគម្រោងអភិវឌ្ឍន៍ធំៗពីសំណាក់វិស័យឯកជននិងគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​តម្លៃ​ស​​រុបរាប់ពាន់លានដុល្លារនោះ គឺស្ថិតនៅប៉ែកខាងត្បូងក្រុងដោយក្នុងនោះរួមមានគម្រោងសាងសង់អាកាសយានដ្ឋានភ្នំពេញអន្តរជាតិថ្មី គម្រោង​សាងសង់ក្រុងរណប គម្រោងលំនៅដ្ឋានប្រណីតរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ល្បីឈ្មោះជាច្រើន ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ​ត្រូវបានសាងសង់យ៉ាងស្រស់ស្អាត ដូចជាវិថី៦០ម៉ែត្រវិថី៥០ម៉ែត្រ ផ្លូវក្រវាត់ក្រុងទី៣ជាដើមប៉ុន្តែអ្វីដែលជាបញ្ហាគឺតម្លៃដីបានឡើងខ្ពស់ដល់កម្រិតមួយទៅហើយ”។

ពាក់ព័ន្ធទៅនឹងទំនោរនិងគោលដៅរបស់បណ្តាក្រុមហ៊ុនអ្នកអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន បន្តពីតំបន់ខាងលើនេះលោកឧកញ៉ា នួន រិទ្ធី បានបង្ហើបថា គោលដៅ​បន្ទាប់គឺប៉ែកខាងកើតរាជធានីភ្នំពេញខណៈដែលបច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋាននិងបណ្តុំលំនៅដ្ឋានយ៉ាងច្រើន កំពុងបង្ហាញខ្លួនជាមយនឹងសកម្មភាពសាងសង់យ៉ាងមមាញឹកផងដែរ។

លោកឧកញ៉ាបញ្ជាក់ថា បើគិតចាប់ពីតំបន់ច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជាង២០គីឡូគឺមានវត្តមានបុរីជាច្រើន ដោយក្នុងនោះមាន​ចាប់​ពីប្រភេទលំនៅដ្ឋានតម្លៃមធ្យមដែលត្រូវបានគេដាក់លក់មិនក្រោយ៥ម៉ឺនដុល្លារនោះទេរហូតមានគម្រោងខ្លះមានរហូតដល់ខ្ទង់លានដុល្លារសម្រាប់​លំនៅ​ដ្ឋានមួយខ្នង។ហេតុផលសំខាន់ដែលជំរុញឲ្យអ្នកវិនិយោគងាកទៅកាន់តំបន់បែកខាងកើតក្រុងជាពិសេសផ្លូវជាតិលេខ១។

នៅប៉ែកខាងកើតនេះវាជាតំបន់ជាយក្រុង មានហេដ្ឋារចនាសម្ព័ន្ធស្រាប់និងគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីដែលនឹងត្រូវវិនិយោគដោយរាជរដ្ឋាភិបាលហើយ​ក៏មានមជ្ឈមណ្ឌលសំខាន់ៗដែលជាចំណុចទាក់ទាញ និងលើកកម្ពស់ដល់ការវិនិយោគផងដែរ។ ដូច្នេះ ចង់មិនចង់ តំបន់នេះ មិនយូរទៀតនោះទេវាក៏មានរូបភាពអភិវឌ្ឍន៍ដូចគ្នាទៅនឹងតំបន់ប៉ែកខាងត្បូងក្រុងនោះផងដែរ៕