ភ្នំពេញ៖ ជារឿយៗគេតែងឃើញមានបណ្តាអ្នកជំនាញក្នុងវិស័យឯកជន ក៏ដូចជាមន្ត្រីជំនាញវិស័យរដ្ឋ បានធ្វើការណែនាំទៅដល់បណ្តាប្រជាពលរដ្ឋទូទៅ​ដែលមានបំណងចង់ទិញគម្រោងដីឡូតិ៍សម្រាប់ធ្វើជាកម្មសិទ្ធិនិងសាងសង់លំនៅដ្ឋាននោះ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជៀសវាងចាញ់បោក​ជន​ខិលខូចជាពិសេសគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដែលស្ថិតនៅតាមបណ្តាខេត្តគោលដៅទេសចរណ៍។

ប្រធានក្រុមប្រឹក្សាភិបាលសមាគម អ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់គេហទំព័រ KramaPost ថា រហូត​មក​ដល់ពេលនេះ សកម្មភាពឆបោក ការលក់អចលនទ្រព្យមិនមានភាពស្មោះត្រង់និងការរង់គ្រោះរបស់អតិថិជនដែលជាអ្នកទិញគម្រោង នៅតែបន្តកើតមាន ដូច្នេះសម្រាប់អ្នកដែលមានបំណង់ទិញគម្រោងដីឡូតិ៍ ក៏ដូចជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដទៃទៀតត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ជៀសវាងជួបការខាតបង់ទាំងពេលវេលាទាំងថវិកាដែលប្រឹងរកបានទាំងលំបាក។

លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍ថា ៖ «បច្ចុប្បន្នដោយសារតែការព្យាយាមរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ​ដឹក​នាំក្នុងការស្វះស្វែងរកនូវវ៉ាក់សាំង ប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដដើម្បីចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសរហូតដល់ជិត៩០ភាគរយ​ទៅហើយ ​នោះសកម្មភាពអាជីវកម្មនានាស្ទើរគ្រប់វិស័យ បានចាប់មានដំណើរការឡើងវិញ ហើយក្នុងនោះវិស័យអចលនទ្រព្យក៏ចាប់មានសកម្មភាពឡើងវិញ ទាំងកា​រ​សាង​សង់ទាំងការទិញលក់»។  

លោកឧកញ៉ាបានបន្តថា៖«ឥលូវដូចជាមិនសូវមានគម្រោងអភិវឌ្ឍន៍ដីឡូតិ៍នៅតាមតំបន់ជាយក្រុងភ្នំពេញដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ប៉ុន្តែវាបានបង្វែរ​គោលដៅ​ទៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលមានសក្ដានុពលដែលជាគោលដៅសេដ្ឋកិច្ច និងទេសចរណ៍ ដោយភាគច្រើន​អ្នកអភិវឌ្ឍន៍​ពុះដី​ក្នុងទំហំធំសម្រាប់សាងសងលំនៅដ្ឋានបែបលំហែរ។ ប៉ុន្តែ ខ្ញុំសូមក្រើនរំលឹកថាមុនពេលសម្រេចចិត្តទិញ ចាំបាច់ត្រូវតែ សិក្សាឲ្យបានច្បាស់​លាស់ ពីទី​តាំង​គម្រោងសិក្សាពីក្រុមហ៊ុនអភិវឌ្ឍន៍ និងលក់ឲ្យបានស៊ីជម្រៅ ដើម្បីអាចប្រាកដថាជាក្រុមហ៊ុនស្របច្បាប់ ជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុន និងមានប្លង់ដែល​ចេញ​ដោយក្រសួងឬមន្ទីរត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាជួបការចាញ់បោកគេ ទិញអស់លុយហើយមិនទទួលបានដីសូម្បីមួយម៉ែត្រ» ៕