ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បានលើកឡើងថា មិនមែនការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ សុទ្ធតែទទួលបានចំណេញ និងជោគជ័យទាំងអស់នោះទេ ដែលក្នុងនោះភាពបរាជ័យក៏កើតមានច្រើនដែរ ជាពិសេសសម្រាប់អ្នកដែលរកស៊ីតាមគ្នា ដោយគ្មានជំនាញច្បាស់ និងការស្វែងយល់ពីទីផ្សារមួយនេះ។
លោកមានប្រសាសន៍ថា “ទោះជាអ្នកទាំងនោះ បានសម្រេចចិត្តចេញមកប្រកបជំនួញមួយនេះក៏ដោយ តែភាពជាក់ស្តែងត្រូវបានគត់សម្គាល់ឃើញថា មានមួយចំនួនអាចសម្រេចបានភាពល្អប្រសើរ និងរីកចម្រើនទទួលបានប្រាក់ចំណេ ញពីការវិនិយោគ ហើយក៏មានមនុស្សមួយក្រុមទៀត ជួបភាពបរាជ័យលើការធ្វើជំនួញ ក្នុងវិស័យមួយនេះទៅវិញ ដែលភាពបរាជ័យ និងភាពជោគជ័យ គឺមានការជាប់ព័ន្ធទៅនឹងចំណុចធំៗចំនួន៣ ដែលវាជាគ្រឹះក្នុងការប្រកបជំនួញទិញ-លក់អចលនទ្រព្យ” ។
លោកបានបញ្ជាក់ថា គោលការណ៍គ្រឹះទាំង៣ ដែលចាំបាច់ត្រូវតែដឹងមុនពេលចេញប្រឡូកក្នុងវិស័យអចលនទ្រព្យរួមមានដូចជា
ទី១ ស្វែងយល់ឱ្យបានច្បាស់ពីតម្លៃទីផ្សារ និងតម្រូវការជាក់ស្ដែង
នេះជាកិច្ចការដំបូង ដែលអ្នកត្រូវដឹងតម្លៃអចលនទ្រព្យជាក់ស្ដែងនៅក្នុងតំបន់នីមួយៗ ជាពិសេសគឺតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍។ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យ ក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ ឬទិញ ដោយទទួលបានផលចំណេញច្រើន។ អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត ជាពិសេសត្រូវដឹងថា ហេតុអ្វីតំបន់នេះមានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែតម្លៃនៃអចលនទ្រព្យមិនកើនឡើងសោះ?។
ទី២ សម្លឹងទៅតំបន់ជាយក្រុងដែលមានសក្ដានុពល
ជាការពិតណាស់ នៅពេលការអភិវឌ្ឍ តំបន់ក្នុងក្រុងកាន់តែតូចទៅៗ នោះក្រុមអ្នកវិនិយោគនឹងងាកទៅជាយក្រុងវិញម្ដង ដូច្នេះ អ្នកត្រូវដឹងថា បច្ចុប្បន្នតើការអភិវឌ្ឍនៅក្នុងទីក្រុងដល់កម្រិតណាហើយ ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា? នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយ នឹងក្លាយជាតំបន់អភិវឌ្ឍន៍ នោះអ្នកនឹងមើលឃើញពីការរកស៊ី និងទទួលបានផលចំណេញ ពីការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យមួយនេះ។
ទី៣ តាមដានព័ត៌មានដែលពាក់ព័ន្ធ
ត្រូវមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នឯកជន ឬស្ថាប័នរដ្ឋ ដើម្បីទទួលបានព័ត៌មាននានា ពាក់ព័ន្ធទៅវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ពិតប្រាកដ តំបន់ណានឹងត្រូវរដ្ឋាភិបាលកាត់ធ្វើជារបស់រដ្ឋ។ មួយវិញទៀត ការមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នរដ្ឋ អ្នកក៏អាចនឹងទទួលបានផលចំណេញច្រើន ព្រោះនៅពេលមានក្រុមវិនិយោគមក គេអាចនឹងរុញច្រានគម្រោងណាមួយ ឱ្យមកអ្នកដឹងក៏ថាបានដែរ៕