ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលមានការទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ Key Real Estate Co.,Ltd លោក សន សៀប បានចែករំលែកនូវចំណេះដឹងខ្លីៗ ប៉ុន្តែមានអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកចង់ប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ។ 

ជាការចូលរួមលើកស្ទួយវិស័យអចលនទ្រព្យ ក៏ដូចជាផ្តល់ជាចំណេះដឹងដល់អ្នកដែលមានបំណងចាប់ជំនួញ និងប្រឡូកនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលកំពុងមានភាពពុះកញ្ជ្រោលនៅពេលពេលបច្ចុប្បន្ន បានបង្ហាញពីការវាយតម្លៃអចលនទ្រព្យមុនពេលវិនិយោគ ដោយលោកបានលើកឡើងថា៖ “មុនពេលវិនិយោគគួរមើលពីទីតាំង ទំហំ ជម្រៅ ក្បាលដី និងរូបរាងដីជាដើម ដើម្បីឱ្យការវិនិយោគមានដំណើរការល្អប្រសើរ ដោយផ្តោតទៅលើចំណុច2 គឺ៖ ទី1-រូបមន្តប្រៀបធៀប ទី2-រូបមន្តវិនិយោគ”។ 

លោកបានបន្តថា “យើងត្រូវប្រមូលព័ត៌មាន ដើម្បីឱ្យដឹងពីទីផ្សារ ដោយពិចារណាទៅលើតម្លៃណាមួយដែលសមស្របសម្រាប់យើងអាចធ្វើការវិនិយោគបាន។ ពោលគឺយើងយកមកវិភាគតាមទិន្នន័យទីផ្សារ បន្ទាប់មកគឺយើងបានតម្លៃទីផ្សារដែលយើងត្រូវយកមកធ្វើការវិនិយោគ”។ 

លោក សន សៀប ក៏បានបន្ថែមទៀតដែរថា “កត្តាដែលយើងគួរវាយតម្លៃមុនវិនិយោគ គឺ ដើម្បីឱ្យដឹងពីកត្តានៃការលក់ត្រឡប់ទៅវិញ ដោយបានមកពីការលក់ ឬជួល និងមានភាពងាយស្រួលក្នុងការទទួលបានផលចំណេញថា តើយើងត្រូវធ្វើការវិនិយោគលំនៅដ្ឋាន ខុនដូ អាផាតមិន ឬក៏ផ្ទះល្វែង ដែលការពិចារណា គឺស្ថិតនៅលើអ្នកវិនិយោគខ្លួនឯងដែលបានវិភាគទៅតាមទិន្នន័យទីផ្សារដែលបានប្រមូលមក”៕