មានមនុស្សជាច្រើនតែងចោទជាសំណួរថា តើគួរទិញដីនៅតំបន់ណា ទំហំប៉ុណ្ណាទើបមានឱកាសទទួលបានចំណេញច្រើន ដែលជាការឆ្លើយតបទៅនឹងការវិនិយោគរបស់ពួកគេ។ សំណួរនេះត្រូវបានអ្នកជំនាញបង្ហើបប្រាប់ថា ទិញដីនៅណាក៏អាចទទួលបានផលចំណេញ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកទិញចង់បានចំណេញក្នុងរយៈពេលដ៏ខ្លីឬក្នុងរយៈពេលយូរតែប៉ុណ្ណោះ។
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាលោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment បានមានប្រសាសន៍ថា ការទិញដីទុកសម្រាប់វិនិយោគគឺមិនខាតបង់នោះទេពោលគឺសុទ្ធតែអាចទទួលបានផលចំណេញត្រឡប់មកវិញ ទាស់ត្រង់ថា ទទួលបានចំណេញតិចឬច្រើនតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ការទិញដីវិនិយោគដើម្បីទទួលបានផលចំណេញ គឺទាមទារឲ្យអ្នកទិញក៏ដូចជាអ្នកវិនិយោគមានគោលដៅច្បាស់លាស់ថា តើការទិញដីវិនិយោគនេះក្នុងគោលបំណងរយៈពេលខ្លីឬរយៈពេលវែង។ ជាក់ស្ដែងការទិញដីវិនិយោគក្នុងរយៈពេលខ្លីអាចឆាប់ទទួលបានផលចំណេញ ប៉ុន្តែទំហំនៃប្រាក់ចំណេញគឺមានចំនួនតិចបើធៀបទៅនឹងការទិញដីទុកវិនិយោគក្នុងរយៈពេលពេលវែង។
លោក វ៉ា វីរៈ បានមានប្រសាសន៍បន្តថា ការទិញដីវិនិយោគក្នុងរយៈពេលខ្លីគឺអាចទទួលបានផលចំណេញមិនច្រើននោះទេ ហើយតំបន់ដែលអាចវិនិយោគទទួលបានចំណេញភ្លាមៗគឺស្ថិតនៅក្បែរគម្រោងអភិវឌ្ឍន៍ទាំងវិស័យរដ្ឋនិងវិស័យឯកជន។
ប៉ុន្តែសម្រាប់ការវិនិយោគក្នុងរយៈពេលវែង ដែលស្ថិតនៅឆ្ងាយពីគម្រោងអភិវឌ្ឍន៍ឬតាមបណ្តាខេត្តមួយចំនួនគឺមានតម្លៃទាប លុះពេលមានគម្រោងអភិវឌ្ឍន៍ណាមួយត្រូវបានលេចរូបរាងឡើងនោះតម្លៃដីអាចឡើងហួសពីថ្លៃដើម១០០ភាគរយក៏មានដែរ ដែលជំរុញឲ្យឲ្យកាសទទួលបានផលចំណេញមានអត្រាខ្ពស់ជាងការវិនិយោគនៅតំបន់ដែលមានការអភិវឌ្ឍស្រាប់។
ដូច្នេះសម្រាប់អ្នកដែលមានបំណងចង់វិនិយោគនៅក្នុងទីផ្សារដីធ្លី អាចធ្វើការពិចារណានិងប្រៀបធៀបរវាងលក្ខខណ្ឌទាំង២ដូចបានលើកឡើងខាងលើនេះថាតើលក្ខខណ្ឌមួយណាជាជម្រើសរបស់អ្នក ៕