ភ្នំពេញ ៖ បច្ចុប្បន្ននេះ មិនថាស្ថិតនៅក្នុងសម័យកាលប្រឈមនឹងវិបត្តិកូវីដ១៩នោះទេ សកម្មភាពនៃការវិនិយោគទៅលើគម្រោងដីឡូតិ៍ គឺនៅតែមាន ជាពិសេសនៅតាមបណ្តាជាយក្រុងតែម្ដង។ យ៉ាងណាក៏ដោយ នៅក្នុងមុខជំនួញដែលអាស្រ័យទៅលើភ្នាក់ងារជាអ្នកលក់នេះក៏ត្រូវទាមទារឱ្យមានជំនាញ និងចំណេះដឹងសំខាន់ ដើម្បីទទួលបានជោគជ័យជាមួយគម្រោងរបស់ខ្លួន។ 

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate Co,.Ltd លោក វិន ឈុនហ៊ាត ដែលមានជំនាញ និងបទពិសោធន៍ក្នុងទីផ្សារខាងលើនេះបានចែករំលែកថា ថ្វីត្បិតទីផ្សារដីឡូតិ៍មានច្រើនគម្រោង និងច្រើនខេត្តក្រុង ខណៈដែលមនុស្សជាច្រើននៅតែមានតម្រូវការទិញសម្រាប់សាងសង់លំនៅដ្ឋាន ឬទិញសម្រាប់វិនិយោគបន្តយកចំណេញពិតមែន ប៉ុន្តែមិនប្រាកដថា គ្រប់គម្រោងទាំងអស់សុទ្ធតែអាចធ្វើបានជោគជ័យទាំងអស់នោះទេ។ 

លោកបញ្ជាក់ថា គម្រោងមួយអាចទទួលបានភាពជោគជ័យទៅរួច លុះត្រាតែអ្នកដែលទទួលគម្រោង និងជាអ្នកដឹកនាំក្រុមភ្នាក់ងារមានចំណេះដឹង និងការវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ជៀសវាងការទទួលយកគម្រោងគេហើយលក់មិនចេញ ដែលក្រៅពីខាតបង់ធនធាន ពេលវេលា ថែមទាំងខូចកេរ្តិ៍ឈ្មោះថែមទៀត។ លោកថា មុនពេលទទួលយកគម្រោងណាមួយត្រូវពឹងផ្អែកទៅលើចំណុចសំខាន់ៗដូចខាងក្រោមនេះ ៖ 

១. ត្រូវមានចំណេះដឹងផ្ទាល់ខ្លួន៖ ចំណេះដឹងផ្ទាល់ខ្លួននេះ សំដៅលើការចេះប្រមូលព័ត៌មានឱ្យបានទូលំទូលាយ និងធ្វើការវិភាគ គិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចទទួលយកពុះដីឡូត៍លក់ ពិសេសតម្លៃដីនៅជុំវិញទីតាំងដែលយើងចង់ពុះដីលក់នោះ។ ធ្វើការប្រៀបធៀបពីទីតាំងមួយនឹងទីតាំងមួយទៀត ដោយប្រៀបធៀបពីតម្លៃ និងសក្តានុពលរបស់ទីតាំងនោះមានអ្វីខ្លះ ពិសេសការវិនិយោគធំៗពីវិស័យឯកជន ឬការវិនិយោគរបស់រដ្ឋដើម្បីបង្ហាញទៅអតិថិជនថា ពេលដែលពួកគាត់ទិញហើយ តើគាត់អាចធ្វើអ្វីបានខ្លះ ឫបានអ្វីត្រឡប់មកវិញខ្លះ ឬអាចធ្វើផ្ទះជួល ឬទិញទុកលក់យកប្រាក់ចំណេញមកវិញជាដើម។ ឧទាហរណ៍ថា យើងពុះដីឡូត៍លក់នៅក្នុងតំបន់ដែលរោងចក្រត្រៀមនឹងទៅដល់ ឬរោងចក្រកំពុងសាងសង់បណ្តើរៗហើយនៅពេលរោងចក្រសាងសង់រួច ដីនៅតំបន់នោះនឹងឡើងថ្លៃដោយឯកឯង ឬទិញហើយធ្វើផ្ទះជួលក៏បានដូច្នេះអតិថិជនពិតជាចាប់អារម្មណ៍មកលើគម្រោងយើងមិនខាន។ ក្រៅពីនេះត្រូវពង្រាយកម្លាំងយ៉ាងម៉េចឱ្យបានគ្រប់កន្លែង ដើម្បីឱ្យអាចទទួលបានព័ត៌មានពាក់ព័ន្ធក្នុងវិស័យដែលយើងត្រូវផ្តល់សេវាកម្ម ឬវិនិយោគនោះឱ្យបានច្រើន និងច្បាស់លាស់។

២. ភាពឆ្លាតវៃ និងសមត្ថភាពផ្ទាល់ខ្លួន៖ ក្រៅពីចំណេះដឹងខាងលើមួយចំនួនហើយ យើងក៏ត្រូវយល់ដឹងពីខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនយើងជានរណា មានជំនាញបែបណា និងចង់លក់ផលិតផលអ្វី ហើយតើផលិតផលយើងនោះល្អ ឬយ៉ាងណា? ឧទាហរណ៍ថា ចង់វិនិយោគលើដី យើងត្រូវដឹងថា ដីកន្លែងណាល្អ និងងាយស្រួលរកប្រាក់ចំណេញមកវិញ។ ប្រសិនជាមានលុយតិច ហើយចង់វិនិយោគ យើងត្រូវវិនិយោគលើអចលនទ្រព្យណាដែលមានទីផ្សារខ្ពស់ ងាយទទួលបានទុនបង្វិលដើម្បីវិនិយោគលើទីតាំងផ្សេងថ្មីទៀត និងទទួលបានប្រាក់ចំណេញលឿន បើទោះជាប្រាក់ចំណេញទាំងនោះមានចំនួនតិចក៏ដោយ ចៀសវាងបង្កកទុនចោលមួយកន្លែង វានឹងធ្វើឱ្យកកស្ទះដើមទុនក្នុងការពង្រីកអាជីវកម្មទៅមុខ ឬពិបាកក្នុងការសងរំលស់ទៅធនាគារវិញប្រសិនជាមានកម្ចីផ្សេង។

៣. កសាងទំនុកចិត្ត៖ ធ្វើជាក្រុមហ៊ុនអចលនទ្រព្យ អ្វីដែលសំខាន់ត្រូវកសាងកេរ្តិ៍ឈ្មោះ ព្រោះកេរ្តិ៍ឈ្មោះជារឿងចាំបាច់សម្រាប់ភាពជោគជ័យជានិរន្តរ៍ មិនមែនក្នុងរយៈពេលខ្លីនោះទេ តែជាជោគជ័យក្នុងរយៈពេលវែងតាំងពីខ្លួនឯងរហូតទៅដល់សាច់ញាតិជំនាន់ក្រោយៗទៀតផង។ មុនចេញប្រតិបត្តិការ បុគ្គលិកត្រូវតែទទួលការបណ្តុះបណ្តាលចំនួន ៤ ចំណុចជាមុនសិន ដូចជាជំនាញក្នុងការនិយាយ ជំនាញក្នុងការទំនាក់ទំនងភ្ញៀវ ជំនាញក្នុងការដោះស្រាយបញ្ហារបស់អតិថិជន និងជំនាញក្នុងការទិញ-លក់-ជួលដោយជោគជ័យ។ ដូច្នេះដើម្បីធ្វើឱ្យភ្នាក់ងារអចលនទ្រព្យមានចំណេះ ជំនាញ និងបទពិសោធន៍ដែលអាចធ្វើការបានក្នុងវិស័យនេះ គឺគេត្រូវការការបណ្តុះបណ្តាល និងពង្រីកភ្នាក់ងារឱ្យបានច្រើន ដើម្បីពង្រីកវិសាលភាពការងាររបស់យើងឱ្យបានទូលំទូលាយ។ ពិសេសត្រូវមានចំណេះដឹងផ្នែកច្បាប់ យល់ដឹងពីដំណើរការបង់ពន្ធ ឬពន្ធប្រថាប់ត្រាពិសេសនីតិវិធីក្នុងការដំណើការកាត់ប្លង់ ឬការបំបែកក្បាលដីជូនអតិថិជនដើម្បីទទួលបានទំនុកចិត្តកាន់តែខ្ពស់។

៤. រកអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំជួយការងារ៖ ប្រសិនជាយើងមិនសូវចេះ និងមិនមានជំនាញ យើងត្រូវធ្វើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញអចលនទ្រព្យដែលមានបទពិសោធន៍ដើម្បីផ្តល់ជាដំបូន្មានថា តើយើងគួរធ្វើយ៉ាងម៉េច រៀបចំយ៉ាងម៉េច ដើម្បីឱ្យការបំពេញការងារ ឬការវិនិយោគក្នុងវិស័យនេះមានភាពល្អប្រសើរឡើង និងបញ្ចៀសបាននូវហានិភ័យ។ យើងត្រូវចេះប្រមូលព័ត៌មាន និងទទួលយកការប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយមុនធ្វើការសម្រេចចិត្តថា តើការវិនិយោគរបស់យើងមានភាពត្រឹមត្រូវ និងគួរធ្វើប៉ុនណា។ 

ឧទាហរណ៍ ការពុះដីឡូត៍លក់បច្ចុប្បន្នបានរីកទៅតំបន់ជាយក្រុង នេះគឺដោយសារអ្នកវិនិយោគទាំងនោះបានសិក្សាច្បាស់លាស់ពីការអភិវឌ្ឍរបស់រដ្ឋាភិបាល ដូចជាគោលនយោបាយរុញរោងចក្រចេញពីទីក្រុងទៅតំបន់ជាយក្រុង ទៅកាន់ទីតាំងដែលងាយស្រួលក្នុងការដឹកជញ្ជូន ដូចជាតំបន់នៅតាមផ្លូវជាតិ៣ និងផ្លូវជាតិលេខ៤ ជាដើម ដែលធ្វើឱ្យសកម្មភាពពុះដីឡូត៍លក់នៅតំបន់នោះ ក៏កាន់តែរីកដុះដាលខ្លាំងឡើងៗ ។ 

ដូច្នេះ ចំពោះអ្នកដែលមានបំណងចង់វិនិយោគលើវិស័យពុះដីឡូតិ៍ គប្បីត្រូវតែដឹងច្បាស់ពីចំណុចទាំង៤ដូចដែលបានលើកឡើងខាងលើនេះ ទើបមិនជួបហានិភ័យខ្ពស់ ៕