ភ្នំពេញ៖ វិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ និងការធ្វើដំណើរ ពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត ស្របពេលដែល វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏ទទួលរងនូវផលប៉ះពាល់គួរសមផងដែរ ដែលជំរុញឱ្យម្ចាស់អចលនវត្ថុមួយចំនួន បង្ខំចិត្តលក់ក្រោមតម្លៃទីផ្សារ ។
លោក Rassel Tizon អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Prestigue Home (Cambodia) Co.Ltd កាលពីថ្ងៃទី ២៥ ខែកុម្ភៈនេះឱ្យដឹងថា ការលក់អចលនវត្ថុក្នុងតម្លៃក្រោមទីផ្សារនេះ គឺជាឱកាសមួយសម្រាប់ក្រុមហ៊ុនភ្នាក់ងារលក់ និងអ្នកទិញលក់បន្ត អាចរកផលចំណេញបានយ៉ាងងាយស្រួលតាមរយៈការណែនាំភ្ញៀវដែលមានសក្តានុពលខ្ពស់ឱ្យទិញបានផងដែរ។
លោក Rassel ថ្លែងថា «បញ្ហាកូវីដតាំងពីឆ្នាំ២០២០ រហូតមដល់បច្ចុប្បន្ននេះ មិនបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងខ្លាំងរហូតឈានដល់ការបញ្ឈប់ប្រតិបត្តិការទិញលក់ នៅក្នុងវិស័យអចលនទ្រព្យនោះទេ ពោលគឺសកម្មភាពទាំងនោះស្ថិតនៅធម្មតា និងបន្តឆ្ពោះទៅមុខ » ។
យ៉ាងណាក៏ដោយ លោក Rasselថា "ម្ចាស់អចលនវត្ថុភាគច្រើន បានសម្រេចចិត្តក្នុងការលក់អចលនវត្ថុរបស់ខ្លួនមួយចំនួនទៅក្នុងទីផ្សារដោយការតម្លៃទាបជាងទីផ្សារ។ ខ្ញុំគិតថា ក្រុមហ៊ុនភ្នាក់ងារលក់ នៅពេលដែលជួបជាមួយ អ្នកទិញដែលមានសក្តានុពល ហើយណែនាំទិញអចលនវត្ថុសម្រាប់ធ្វើការវិនិយោគបន្តគឺជាកត្តាដ៏ដំខាន់បំផុត" ។
លោក វ៉ា វីរៈ សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានទទួលស្គាល់ដែរថា នៅក្នុងវិបត្តិនៃជំងឺកូវីដ ១៩ នេះ ប្រតិបត្តិការទិញលក់អចលនទ្រព្យបានទទួលរងនូវផលប៉ះពាល់មួយចំនួន ដោយសារគ្មានវិនិយោគិនធំៗមកពីក្រៅប្រទេស ជាពិសេសវិនិយោគិនចិន ដែលធ្វើឱ្យអ្នកដែលមានដីក្នុងទំហំធំមិនអាចលក់ចេញទៅវិញបាន។
លោកថ្លែងថា« អ្នករកស៊ីដីក្នុងដំណាក់កាលនេះ ពួកគេបន្តទៅទិញដីដែលមានតម្លៃធូថ្លៃ ឬដីដែលមានទំហំតូចៗវិញ ព្រោះ នេះ គឺជាវដ្តនៃទីផ្សារអលចនទ្រព្យ ប៉ុន្តែបញ្ហាជំងឺកូវីដ ១៩ បានធ្វើឱ្យតម្លៃទីផ្សារដីក្នុងទំហំធំមិនអាចលក់ចេញបាននោះទេ»។
ទោះជាយ៉ាងណា លោក វ៉ា វិរៈ បញ្ជាក់ថា បច្ចុប្បន្ននេះ បើទោះបីជួបបញ្ហាប្រឈមទៅនឹងជំងឺកូវីដ ១៩ ប៉ុន្តែប្រតិបត្តិការទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមាន តាមរយៈការទិញ-លក់នៅក្នុងប្រទេសក្នុងតម្លៃ ៣០ម៉ឺន ទៅ ៥០ ដុល្លារអាមេរិក ជាសេសដីធ្លី និងលំនៅឋានដែលមានតម្លៃធូរថ្លៃ នៅតាមតំបន់ជាយរាជធានីភ្នំពេញ៕