ភ្នំពេញ៖ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ត្រូវពិនិត្យផ្ដល់យោបល់ និងបញ្ជូនសំណុំឯកសារស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ទៅអភិបាលនៃគណៈអភិបាល ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេលយ៉ាងយូរ០៧ថ្ងៃ (ប្រាំពីរថ្ងៃនៃថ្ងៃធ្វើការ) ។
យោងតាមប្រកាសស្តីពីបែបបទ និងនិតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់បានឱ្យដឹងថា ក្នុងករណីសំណុំឯកសារស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ពុំមានរបាយការណ៍ត្រួតពិនិត្យ គុណភាព និងសុវត្ថិភាពសំណង់ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវចាត់តាំងមន្ត្រីត្រួតពិនិត្យ សំណង់ដើម្បីចុះត្រួតពិនិត្យ និងធ្វើរបាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ។
រយៈពេលនៃការចុះត្រួតពិនិត្យធ្វើរបាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ មិនរាប់បញ្ចូលក្នុងបរិបថនៃការពិនិត្យ និងសម្រេចផ្ដល់វិញបនបត្រប្រើប្រាស់សំណង់ឡើយ។
ក្នុងករណីសំណង់មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស ដូចមានចែងក្នុងប្រកាសនេះ អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវបង្គាប់ឱ្យម្ចាស់សំណង់ធ្វើការកែតម្រូវ និង/ ឬបំពេញបន្ថែមឱ្យ ស្របតាមបទប្បញ្ញត្តិបច្ចេកទេសមុននឹងចេញវិញ្ញាបនបត្រប្រើប្រាស់សំណង់។
ក្នុងករណីមិនអាចសម្រេចផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់បាន អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវបញ្ជូនសំណុំឯកសារទៅអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដើម្បីសុំយោបល់។
ក្នុងករណីមិនអាចបានអាចផ្ដល់យោបល់បាន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវបញ្ជូនសំណុំឯកសារទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណងដើម្បីសុំយោបល់។ រយៈពេលនៃការកែតម្រូវ បំពេញបន្ថែម និងរយៈពេលស្នើសុំយោបល់តាមឋានានុក្រមនេះមិនរាប់បញ្ចូលក្នុងបរិបថនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ឡើយ។
បន្ទាប់ពីបានពិនិត្យលើសំណុំឯកសារស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ អភិបាលនៃគណៈ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវសម្រេចលើសំណុំឯកសារស្នើសុំ ដូចខាងក្រោម៖
១. ផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់តាមសំណើ ក្នុងករណីពិនិត្យឃើញថា សំណង់បានគោរពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទដ្ឋានគតិយុត្តជាធរមាន។
២. ចេញលិខិតបង្គាប់ឱ្យកែតម្រូវ ឬរុះរើសំណង់ ក្នុងករណីពិនិត្យឃើញថា សំណង់មិនគោរពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទដ្ឋានគតិយុត្តជាធរមាន។
អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវបញ្ចូនសំណុំឯកសារដែលបានសម្រេចរួចទៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេលយ៉ាងយូរ ០៣(បី) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារស្នើសុំ៕