អ្នកជំនាញផ្នែកសិក្សាទីផ្សារអចលនទ្រព្យកម្ពុជា បានអះអាងថាតម្លៃអចលនទ្រព្យនៅក្នុងក្រុងសៀមអាចនឹងកើនឡើងចាប់ពីចុងឆ្នាំ២០២១ខាងមុខនេះតទៅ បន្ទាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ ខ្សែត្រូវបានបញ្ចប់ ប៉ុន្តែសម្រាប់ការទិញលក់ វិញ គឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ អាស្រ័យលើស្ថានការនៃជំងឺកូវីដ១៩នៅក្នុងប្រទេស។
លោក សន សៀប ស្ថាបនិក និងអគ្គនាយក្រុមហ៊ុន Key Real Estate បានថ្លែងថាទីផ្សារអចលនទ្រព្យក្នុងក្រុងសៀមរាបអាចនឹងមានកំណើនឡើងវិញ ចាប់ពីចុងឆ្នាំ២០២១ខាងមុខនេះ គ្រាន់តែកំណើនបានប៉ុន្មាននោះគឺត្រូវរង់ចាំមើលស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ជាមុនសិន។
ទោះជាយ៉ាងណាលោកបន្តថា បើស្ថានភាពឆាប់បានល្អប្រសើរ សកម្មភាពនៃការទិញលក់និងតម្លៃនឹងមានសម្ទុះឡើងវិញព្រមគ្នាផងដែរ។
លោក សន សៀប ថ្លែងថា ៖ “ខ្ញុំគិតថា ទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបនឹងល្អឡើងវិញ ចាប់ពីចុងឆ្នាំនេះព្រោះសកម្មភាពនៃការធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធទូទាំងក្រុងនិងការបើកទទួលភ្ញៀវទេសចរបរទេសនឹងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះទីផ្សារមួយនេះ”។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ក្រុមហ៊ុន Key Real Estate កាលពីកន្លងទៅថ្មីៗនេះបានឱ្យដឹងថាតម្លៃដីនៅក្រុងសៀមរាបកាលពីឆ្នាំ២០២០ បានធ្លាក់ចុះ ៥ភាគរយធៀបឆ្នាំ២០១៩ដោយមានតម្លៃមធ្យម ១,៥២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ធ្លាក់ចុះពី ១,៦០០ដុល្លារអាមេរិក ដែលបង្ករឡើងដោយជំងឺកូវីដ១៩។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានឱ្យដឹងថាបើទោះបីការស្ថាបនាផ្លូវក្នុងក្រុងសៀមរាបមិនទាន់រួចរាល់ប៉ុន្តែតម្លៃ និងសកម្មភាពទិញ លក់ដី ទីនោះបានកើនមួយកម្រិតហើយ។កំណើននេះនឹងមានបន្ថែមទៀតចាប់ពីចុងឆ្នាំ២០២១ បន្ទាប់ពីការស្ថាបនាផ្លូវនឹងត្រូវរួចរាល់ហើយភ្ញៀវទេសចរបរទេសចូលមកកម្ពុជាក៏រំពឹងចាប់ផ្តើមកើនឡើងវិញ។
លោកបន្ថែមថាក្រៅពីនេះ ការសង់ព្រលានយន្តហោះនិងស្ថានភាពតម្លៃទីផ្សារនៅទាប ធៀបនឹងដីនៅក្រុងព្រះសីហនុក៏ជាកត្តាជួយធ្វើឱ្យទីផ្សារអចលនទ្រព្យនៅទីនោះងើបឡើងវិញឆាប់រហ័សផងដែរ។
ជាមួយគ្នានេះលោកឧកញ៉ាបានទទួលស្គាល់ថា វិស័យទេសចរណ៍នៅខេត្តសៀមរាបទទួលរងនូវផលប៉ះពាល់ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យជាពិសេសការអភិវឌ្ឍវិស័យសំណង់ខ្នាតតូច និងមធ្យមរួមទាំងទីផ្សារដីធ្លីនៅតែមានសកម្មភាពក្រោមការចូលរួមរបស់អ្នកវិនិយោគនិងអភិវឌ្ឍន៍ក្នុងស្រុក៕