រាជធានីភ្នំពេញ៖ ស្រដៀងគ្នាទៅនឹងការអភិវឌ្ឍសំណង់លំនៅដ្ឋានប្រភេទជាន់ផ្ទាល់ដី មានការកើនឡើងសរុបជិត៩៣,០០០ខ្នងនោះ នៅត្រឹមចុងត្រីមាសទី ៣​កន្លងទៅនេះ អត្រានៃការផ្គត់ផ្គង់អគារការិយាល័យជួល (Office Space) ក៏មានការកើនឡើងដូចគ្នា ខណៈដែលតម្រូវការទីផ្សារជួលជាក់​ស្ដែងហាក់​ស្ថិត​ក្នុង​សភាពទ្រឹងនៅឡើយ បើទោះជាសកម្មភាពចេញធ្វើអាជីវកម្ម និងបំពេញការងាររបស់វិស័យឯកជន បានចាប់ផ្តើមមានសកម្មភាពឡើងវិញក៏ដោយ។

លោក ចាន់សំណាង នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CH Samnang Realty Co.Ltd បានមានប្រសាសន៍ប្រាប់ Kramapost ថា បច្ចុប្បន្ននេះ បើទោះជាបណ្តាក្រុមហ៊ុនឯកជន ឬស្ថាប័នអង្គការបានចាប់ដំណើរការបំពេញការងារយ៉ាងទូលាយក៏ដោយ ប៉ុន្តែសម្រាប់តម្រូវការជួលទីតាំង​អគារ​ការិយា​ល័យ​ថ្មី ហាក់នៅមិនទាន់មានច្រើននោះទេ។

លោក ចាន់សំណាង បានមានប្រសាសន៍បន្តថា ៖ «ទោះជាសកម្មភាពអាជីវកម្ម ក៏ដូចជាកិច្ចបំពេញការងារនៅតាមបណ្តាក្រុមហ៊ុន ស្ថាប័នឬអង្គការ​នានាចាប់មានភាពមមាញឹកខ្លាំង ជាងកាលពីអំឡុងត្រីមាសទី២នោះពិតមែន ប៉ុន្តែស្ថាប័នទាំងអស់នោះ ភាគច្រើនគឺសុទ្ធតែមានកុងត្រាចាស់ដែលនៅមិនទាន់​បញ្ចប់​នៅឡើយ ដូច្នេះគ្មានហេតុផលណាដែលពួកគេត្រូវទៅជួលទីតាំងថ្មីនោះទេ។ ម៉្យាងវិញទៀត ខ្ញុំគិតថា ទោះជារហូតដល់បំណាច់​ឆ្នាំដែល​អាចមានកុង​ត្រាមួយចំនួនត្រូវបញ្ចប់ ក៏គេអាចបន្តកុងត្រាថ្មីបន្ថែម ព្រោះភាគីតំណាងក្រុមហ៊ុនក៏មិនចង់ចំណាយពេលក្នុងការរើបំលាស់ទីតាំងនោះដែរ លើកឡែងតែអគារ​ការិយាល័យជួលថ្មីមានភាពទាក់ទាញជាង ដូចជាទីធ្លាធំទូលាយ តម្លៃទាបនិងមានសោភ័ណភាពល្អ។ ប៉ុន្តែ យ៉ាងណាក៏ដោយ ខ្ញុំជឿថាទីតាំង​អគារ​ការិយាល័យថ្មី​ក៏មានតម្លៃមិនទាបជាងអគារការិយាល័យចាស់ដែលត្រូវបានដាក់ដំណើរការរួចជាស្រេចនៅក្នុងទីផ្សារនោះដែរ»។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថាអគារការិយាល័យជួលថ្មី ដែលទើបដាក់បញ្ចូលក្នុងទីផ្សារនៅពេលនេះអាចនឹង​មានតម្រូវការខ្ពស់ បន្ទាប់ប្រទេស​កម្ពុជាត្រូវ​បាន​បើកចំហរឡើងវិញ លើគ្រប់វិស័យ ជាពិសេសចាប់ពីដើមឆ្នាំ២០២២ខាងមុខ ខណៈដែលវត្តមានជនបរទេស ក៏ដូចជាក្រុមហ៊ុនបរទេសចាប់ផ្តើមសម្រុក​ចូល​មកវិនិយោគនៅកម្ពុជាវិញក្រោយភាពថមថយវិបត្តិនៃជំងឺកូវីដ-១៩។  

ផ្អែកតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា នៅក្នុងត្រីមាសទី៣ឆ្នាំ២០២១ គម្រោងអគារការិយាល័យថ្មីចំនួន៧ ត្រូវបាន​បញ្ចប់​ការសាងសង់ដែលមានផ្ទៃក្រឡាសរុប ៦១,៦៤២ ម៉ែតការ៉េ ​ហើយក្នុងនោះមានប្រមាណជាង ៧០%នៃការផ្គត់ផ្គង់ថ្មីនេះបានមកពីគម្រោង GIA Tower ដែលជាគម្រោងការិយាល័យសហកម្មសិទ្ធិ ហើយក្រៅពីនោះគឺជាគម្រោងកាន់កាប់កម្មសិទ្ធិដោយម្ចាស់តែមួយដែលភាគច្រើនជាការិយាល័យកម្រិត B និង C។

ការផ្គត់ផ្គង់សរុបគិតត្រីមាសទី៣ឆ្នាំ២០២១ មានចំនួន ៧៨៦,៩៣១ម៉ែត្រការ៉េ ដែលភាគច្រើនបានមកពីគម្រោងកាន់កាប់កម្មសិទ្ធិដោយម្ចាស់តែមួយ។ ការផ្គត់ផ្គង់កើនឡើងកំពុងដាក់សម្ពាធឱ្យមានការធ្លាក់ចុះលើអត្រាកាន់កាប់ខណៈគម្រោងកាន់កាប់កម្មសិទ្ធិដោយម្ចាស់តែមួយមានអត្រាធ្លាក់ចុះចំនួន ៤.៦០%។

ជាមួយគ្នានេះ មានការព្យាករថានៅចុងឆ្នាំ២០២១ ទំហំផ្គត់ផ្គង់ការិយាល័យសរុបអាចនឹងកើនឡើងដល់ ៧៩០,៨៩០ ម៉ែត្រការ៉េ កើនឡើងចំនួន ១៤៧,១៤៤  ម៉ែត្រការ៉េ បើធៀបនឹងឆ្នាំ២០២០។ ត្រឹមត្រីមាសទី៤ឆ្នាំ២០២២ ការផ្គត់ផ្គង់នេះត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀតរហូតដល់ជាង ១លានម៉ែត្រការ៉េ៕