ភ្នំពេញ៖ តំបន់ចោមចៅនៃភាគខាងលិចរាជធានីភ្នំពេញនាពេលបច្ចុបប្បន្ននេះ បាននឹងកំពុងប្រែក្លាយជាទំបន់ដែលប្រមូលផ្តុំដោយរោងចក្រសហគ្រាស ទៅជាគម្រោងអភិវឌ្ឍន៍លំនៅឋានជាមួយសំណង់បុរីបែបទាន់សម័យដែលកាន់តែជំរុឱ្យតំបន់នេះ មានសក្តានុពលខ្ពស់ក្នុងវិស័យអចលនទ្រពញយ និងសេដ្ឋកិច្ច ។ 

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ នៅតំបន់ចោមចៅ មានការអភិវឌ្ឍន៍ និងមានគម្រោងជាច្រើនៅក្នុងតំបន់នេះ ដែលក្នុងនោះគម្រោងអភិវឌ្ឍន៍ជារោងចក្រ សហគ្រាស គឺមានតិចតួច ប៉ុន្តែចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានគឺមានច្រើន ។

លោកបន្តថា “តំបន់នេះ កំពុងតែមានការកង្វះខាតដីអភិវឌ្ឍន៍សម្រាប់គម្រោងធំៗ ហើយតម្លៃដីក៏មានតម្លៃខ្ពស់ផងដែរ ដោយសម្រាប់តែជាប្រភេទដីឡូតិ៍ត្រូវបានគេពុះក្នុងទំហំ៥x២០ ម៉ែត្រ យ៉ាងហោចណាស់មានតម្លៃទាបបំផុត គឺជាង ១ ម៉ឺនដុល្លារទៅហើយ”។

លោកបន្តថា “បើទោះបីមានលុយ ក៏ប្រហែលជាពិបាករកទិញដីក្នុងទំហំធំៗបានដែរនៅក្នុងតំបន់នេះ ព្រោះបច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនគម្រោងកំពុងតែបន្តធ្វើសកម្មភាព ហើយគម្រោអភិវឌ្ឍន៍ទាំងអស់នេះភាគច្រើនគេបានទិញទុកតាំងពីដីនៅមានតម្លៃថោកកាលពីប៉ុន្មានឆ្នាំមុនមកម្លេះ”។ 

អគ្គនាយកក្រុមហ៊ុន Century 21 Advance លោក ឡុង គឹមសួគ៌ ឱ្យដឹងដែរថា តំបន់ចោមចៅនាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានការរីកចម្រើន ហើយតម្លៃអចលនទ្រព្យនៅក្នុងតំបន់នឹងកាន់តែមានតម្លៃខ្ពស់បន្ថែមទៀត ជាពិសេសទីផ្សារដីធ្លី ព្រោះតំបន់នេះមានគម្រោងអភិវឌ្ឍន៍ច្រើន ។

លោកថ្លែងថា “តំបន់ចោមចៅ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាច្រើនដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងដូចជាគម្រោងពង្រីកផ្លូវជាតិលេខ៤ ការស្ថាបនាផ្លូវជាតិ៣ចាប់ពីរង្វង់មូលចោមចៅ ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាដើម ហើយមិនយូរទៀតនោះទេ តំបន់នេះនឹងមានភាពរីកចម្រើនដូចទៅនឹងបណ្តាខ័ណ្ឌមួយចំនួនទៀតនៅក្នុងទីក្រុងភ្នំពេញដែរ”។

លោក ឡុង គឹមសួគ៌ បានបន្ថែមថា នៅក្នុងរយៈពេលប្រហែល២ឆ្នាំទៀត នឹងមានការអភិវឌ្ឍន៍កាន់តែខ្លាំង ហើយចំពោះតម្លៃលំនៅឋានកម្រិតសមរម្យ (មួយជាន់) បច្ចុប្បន្ននៅក្នុងតំបន់នេះ ប្រហែល៥ម៉ឺនដុល្លារអាមេរិកឡើងលើ (ចន្លោះពី ៥ម៉ឺន ទៅ ១០ម៉ឺន) ហើយតម្លៃលំនៅឋានអាជីវកម្មមានតម្លៃប្រមាណ១០ម៉ឺន ទៅ១២ ម៉ឺនដុល្លារអាមេរិក”៕