ភ្នំពេញ៖ ការិវនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមានច្រើនប្រភេទ វាអាស្រ័យទៅលើលំហូរទុនរបស់អ្នកវិនិយោគស្ថិតនៅក្នុងកម្រិតបែបណា ដែលជាទូទៅការវិនិយោគលើវិស័យអចលនទ្រព្យគ្រប់ប្រភេទទួលបានចំណេញដូចគ្នា។
លោក គៀម សៀកឡុង នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Dream Property Solution បានឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យគ្រប់ប្រភេទ បានផ្តល់ផលប្រយោជន៍ផ្សេងៗពីគ្នាទៅតាមប្រភេទនៃអចលនទ្រព្យ និងលំហូរទុនរបស់អ្នកវិនិយោគ។
លោកបន្តថា សម្រាប់ការវិនិយោគលើវិស័យខុនដូដែលសាងសង់រួចរាល់ គឺទទួលបានផលចំណេញពី ៨ ទៅ ១០ ភាគរយ ដែលមានអត្រាខ្ពស់ តែក្នុងករណីទុកក្នុងរយៈពេលណាមួយ គឺអាត្រាចំណេញតិច ព្រោះថា ទំនោរនៃការរស់នៅក្នុងខុនដូស្ថិតក្នុងកម្រិតទាបនៅឡើយ។
លោកបន្ថែថា សម្រាប់ការវិនិយោគលើលំនៅឋានវិញ ទទួលបានផលចំណេញលឿន តែបើដាក់ជួលវិញមិនទទួលបានថ្លៃនោះទេ ពោលមានប្រមាណ ៤ ភាគរយប៉ុណ្ណោះ ខណៈតម្លៃផ្ទះប្រមាណ ២០ ទៅ ២៥ម៉ឺន យើងជួលថ្លៃបានប្រមាណតែ ១០០០ ឬ ៨០០ដុល្លារ តែប៉ុណ្ណោះ ក្នុងមួយខែ ។
លោកបញ្ជាក់ថា សម្រាប់ការវិនិយោគលើវិស័យដីធ្លីវិញត្រូវការពេល ទើបទទួលបានផលចំណេញ អ្នកដែលមិនមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ទេ ពិបាកនឹងទទួលបានចំណេញលឿនណាស់ ។ ការវិនិយោគលើដីធ្លីត្រូវការពេលយ៉ាងណាស់ ៥ ឆ្នាំឡើងទើបទទួលបានផលចំណេញច្រើន ទៅតាមប្រភេទដី និងទីតាំងដែលមានសក្តានុពលខ្ពស់។
លោកថា ក្នុងចំណោមការវិនិយោគលើវិស័យអចលនទ្រព្យទាំងនេះ ការិវនិយោគដីធ្លីទទួលបានផលចំណេញច្រើនជាងគេ ពោលកំណើនប្រមាណ ២០ ទៅ ៣០ ភាគរយក្នុងមួយឆ្នាំ តែសម្រាប់ខុនដូ និងលំនៅឋាន មានកំណើនយឺត តែមានលំហូសាច់ប្រាក់លឿន៕