ភ្នំពេញ៖ អ្នកធ្វើអាជីកម្មដីឡូតិ៍សម្រាប់លក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានសន្ទុះរីកចំរើនស្ទើតែគ្រប់ទីកន្លែង និង គួរឱ្យកត់សម្គាល់ ខណៈគម្រោងមួយចំនួន មិនទទួលបានស្របច្បាប់ និងមួយចំនួនទៀតស្របច្បាប់។
ដើម្បីឱ្យគម្រោងដីឡូតិ៍ទទួលបានជោគជ័យ និង មានសុវត្ថិភាពជូនដល់អិតិថិជនរបស់ខ្លួន អ្នកធ្វើអាជីវកម្មដីឡូតិ៍ទាំងអស់ត្រូវស្នើលិខិត និងអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ។
យោងតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ បានឱ្យដឹងថា អ្នកអភិវឌ្ឍអចលនវត្ថុដែលមានបំណងធ្វើអាជីវកម្មដីឡូតិ៍ ត្រូវដាក់ពាក្យស្នើសុំ ឬលិខិតអនុញ្ញាតអាជីវកម្ម ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម៖
- លិខិត និងពាក្យស្នើសុំឬលិខិតអនុញ្ញាតតាមគំរូរបស់មន្ទីរ
- វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីដែលកំពុងធ្វើការអភិវឌ្ឍន៍
- ប្លង់រួមស្តីពីការអភិវឌ្ឍន៍ដីឡូតិ៍
-លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច
- លិខិតដាក់ប្រាក់តម្កល់៥%(ប្រាំភាគរយ នៃតម្លៃវិនិយោគឬតម្លៃពីវិនិយោគសរុប ឬតម្លៃដីវិនិយោគតាមដំណាក់កាល
- ផែនការអាជីវកម្មលម្អិតទៅតាមរយៈពេលនៃគម្រោងអភិវឌ្ឍន៍អចលនវត្ថុ
- លិខិតថ្កោលទោសរបស់ម្ចាស់គម្រោងដែលចេញដោយក្រសួងយុត្តិធម៌ ឬ លិខិតបញ្ជាក់កិរិយាមាយាទដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
សេចក្តីប្រកាសដដែលបន្តថា ក្រសួង ឬមន្ទីរមានរយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការក្នុងការត្រួតពិនិត្យ និងសម្រេច ឬមិនផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាពអាជីវកម្មជូនអ្នកអភិវឌ្ឍន៍អចលនវត្ថុ គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារគ្រប់ចំនួន និងត្រឹមត្រូវ។
សេចក្តីប្រកាសដដែលបន្ថែមទៀតថា អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មមិនអាចផ្ទេរ ឬលក់បានឡើយ។ ករណីមានការផ្លាស់ប្តូរឈ្មោះគម្រោងអភិវឌ្ឍអចលនវត្ថុ ឬឈ្មោះអ្នកអភិវឌ្ឍ ឬឈ្មោះភាគហ៊ុននិក ឬអ្នកឈរឈ្មោះលើអាជ្ញាប័ណ្ណ /លិខិតអនុញ្ញាតអាជីវកម្ម អ្នកអភិវឌ្ឍអចលនវត្ថុត្រូវស្នើសុំការអនុញ្ញាត ជាលាយលក្ខណ៍អក្សរពីក្រសួង ឬមន្ទីរជាមុនសិន៕