រាជធានីភ្នំពេញ ៖ ផ្ទុយពីការទន្ទឹងរង់ចាំគម្រោងសាងសង់ស្ពានតភ្ជាប់និស្ស័យជាមួយរាជធានីភ្នំពេញ ក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េ ស្រាប់តែធ្លាយចេញនូវគម្រោងអភិវឌ្ឍ និងបង្កើតក្រុងរណបថ្មីនៅលើដីទំហំ៧០ហិកតាក្រោមការវិនិយោគដោយក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ ទៅវិញ ដែលកាន់តែជំរុញឲ្យមានសកម្មភាពទិញលក់ដីនៅតំបន់នេះកើតមានសាជាថ្មី។
គ្រាន់តែមានការលេចឡើងនូវគម្រោងបង្កើតទីក្រុងរណបថ្មីនៅលើផ្ទៃដីទំហំ៧០ហិកតា ក្រោមការវិនិយោគនិងអភិវឌ្ឍន៍ដោយក្រុមហ៊ុនក្នុងស្រុករបស់លោកឧកញ៉ា ឃុន សៀ សហការជាមួយក្រុមហ៊ុនអន្តរជាតិដែលទទួលបានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល បានធ្វើឲ្យសម្មភាពទិញលក់ដីធ្លីនៅតំបន់អរិយក្សត្រ ស្ថិតក្នុងស្រុកល្វាឯមខេត្តកណ្តាល ចាប់ផ្តើមកម្រើកឡើងសាជាថ្មី។
លោក ចាន់ភារម្យ ជាភ្នាក់ងារទិញលក់ដីធ្លីយ៉ាងសកម្មនៅប៉ែកខាងកើតរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ក្នុងរយៈពេលប្រមាណជាងកន្លះខែនេះ មានឈ្មួញទិញលក់ដីច្រើនចុះមកស្វែងរកទិញដីដែលស្ថិតនៅក្បែរគម្រោងបង្កើតទីក្រុងថ្មីជាបន្តបន្ទាប់។
លោកបានបន្តថា “ប៉ុន្មានថ្ងៃនេះមានអ្នករកស៊ីដីមកពីភ្នំពេញ និងក្រុងតាខ្មៅមួយចំនួនចុះមករកទិញដីតែក្នុងតម្លៃមិនសូវខ្ពស់ពេកនោះទេ ហើយក្នុងនោះក៏មានក្រុមហ៊ុនភ្នាក់ងាររកស៊ីផ្នែកអចលនទ្រព្យផងដែរ ប៉ុន្តែដូចជាមិនទាន់ឃើញត្រូវរ៉ូវគ្នារវាងអ្នករកទិញនិងម្ចាស់ដីព្រមព្រៀងគ្នា ក្នុងទ្រង់ទ្រាយធំណាមួយនៅឡើយនោះទេ”។
លោក ចាន់ភារម្យ បានបន្តថា “ធម្មតា អ្នកទិញចង់បានថោក អ្នកលក់ចង់បានថ្លៃ ប៉ុន្តែបើដីទំហំធំៗដែលស្ថិតនៅក្បែរគម្រោងធ្វើក្រុងថ្មីស្រដៀងគ្នានឹងទីក្រុងកោះនរា ដែលគេលើកឡើងខាងលើនេះ ដូចជាមិនសូវមាននោះទេបើមានគឺមាននៅតំបន់ឆ្ងាយពីមាត់ទន្លេប្រមាណ២គីឡូម៉ែត្រទៅ ហើយតម្លៃក៏ធូរថ្លៃជាងដីដែលស្ថិតនៅក្បែរផ្លូវមាត់ទន្លេដែលជាផ្លូវមេនេះដែរ”។
ពាក់ព័ន្ធទៅនឹងតម្លៃធ្លីនៅតំបន់អរិយក្សត្រស្រុកល្វាឯម ក្បែរតំបន់ដែលមានការអភិវឌ្ឍន៍ស្រាប់ លោក សំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា បើទោះជាស្ថិតនៅក្នុងបរិបទនៃជំងឺកូវីដដែលធ្វើតម្លៃដីធ្លីនៅតំបន់មួយចំនួនធ្លាក់ថ្លៃប៉ុន្តែនៅអរិយក្សត្រមិនធ្លាក់ថ្លៃនោះទេ។
លោក សំសុខនឿន បានបន្តថា តម្លៃដីនៅតំបន់ប៉ែកខាងកើតនៃរាជធានីភ្នំពេញមួយនេះនៅតែរក្សាបាននូវភាពល្អប្រសើរ តាំងពីមិនទាន់លេចចេញគម្រោងអភិវឌ្ឍន៍ក្រុងថ្មីម៉្លេះ ជាពិសេសដីធ្លីដែលស្ថិតនៅតាមបណ្តោយលេខ៣៨០ ដែលជាផ្លូវមេជាប់មាត់ទន្លេមានតម្លៃក្នុងចន្លោះចាប់ពី ៧៥០ ទៅជាង១០០០ ដុល្លារក្នុងមួយម៉ែត្រ ហើយបន្តឆ្ងាយពីផ្លូវមេបន្តិចដូចជា ផ្លូវលេខ២៨០មានតម្លៃចន្លោះពី១៨០ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីដែលនៅឆ្ងាយជាប្រភេទដីចំការធំៗ អាចមានតម្លៃចាប់ពី២៨ដុល្លារឡើងទៅដល់ជាង១០០ដុល្លារអាស្រ័យតាមទំហំដី ទីតាំង និងស្ថានភាពដីជាក់ស្ដែង។
លោកបានអះអាងថា តម្លៃដីទាំងអស់នេះនៅមិនទាន់ឈានដល់ចំណុចទ្រឹងនោះទេ ពោលគឺនៅថ្ងៃខាងមុខក្រោយពេលមានវត្តគម្រោងអភិវឌ្ឍន៍ធំៗកើតមាន ជាពិសេសវត្តមានស្ពានឆ្លងមកកាន់រាជធានីភ្នំពេញ នោះតម្លៃនឹងបន្តកើនឡើងខ្ពស់ជាងនេះ៕