ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់រយៈពេលយ៉ាងយូរ៣០ថ្ងៃ (ថ្ងៃធ្វើការ) ក្នុងការពិនិត្យ និងសម្រេចផ្តល់ ឬមិនផ្តល់វិញ្ញាបនបត្រវាស់វែង គិតចាប់ពីថ្ងៃទទួលបានសំណុំឯកសារពេញលេញនិងត្រឹមត្រូវ។

ប្រការ ៣ នៃសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា សំណុំឯកសារស្នើសុំវិញ្ញាបនបត្រវាស់វែង ត្រូវដាក់នៅច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវចេញបង្កាន់ដៃទទួលពាក្យស្នើសុំនៅពេលទទួលបានសំណុំឯកសារស្នើសុំពេញលេញ និងត្រឹមត្រូវ។

បន្ទាប់ពីទទួលបានសំណុំឯកសារស្នើសុំច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបញ្ជូនសំណុំឯកសារនេះទៅលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលស្គាល់សមត្ថភាពវាស់វែងក្នុងរយៈពេលយ៉ាងយូរ២(ពីរ)ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃចេញបង្កាន់ដៃទទួលពាក្យស្នើសុំ។

គណៈកម្មាធិការទទួលស្គាល់សមត្ថភាពវាស់វែងត្រូវពិនិត្យ និងវាយតម្លៃទទួលស្គាល់សមត្ថភាពវាស់វែង និងលើកសំណើជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេលយ៉ាងយូរ ២៤ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលសំណុំឯកសារ ដើម្បីសម្រេចផ្ដល់និង ចុះហត្ថលេខាលើវិញ្ញាបនបត្រវាស់វែង។

គណៈកម្មាធិការទទួលស្គាល់សមត្ថភាពវាស់វែងត្រូវបញ្ជូនវិញ្ញាបនបត្រវាស់វែង និងសំណុំឯកសារពាក់ព័ន្ធផ្សេងទៀត ទៅច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងរយៈពេលយ៉ាងយូរ២នៃថ្ងៃធ្វើការ ដើម្បីប្រគល់ជូនម្ចាស់សំណើ។ 

ច្រកចេញចូលតែមួយនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរៀបចំឯកសារក្នុងរយៈពេលយ៉ាងយូរ២ថ្ងៃនៃថ្ងៃធ្វើការ ដើម្បីប្រគល់ជូនម្ចាស់សំណើ៕