ភ្នំពេញ៖ អ្នកជំនាញបានអំពាវនាវឱ្យក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនផ្សេងទៀត ត្រូវត្រៀមទុនបម្រុងសមស្របណាមួយ ដើម្បីបង្ការហានិភ័យដែលកើតឡើងជាយថាហេតុដោយសារតែការបន្តរាតត្បាតនៃជំងឺកូវីដ១៩។
លោក គាម សៀកឡុង នាយកប្រតិបត្តិ Century 21 Dream Property បានពន្យល់ថា បើមិនមានការត្រៀមទុនបម្រុងទេ វានឹងអាចមានហានិភ័យខ្ពស់ ព្រោះមិនទាន់បានមួយខែ ឬកន្លះខែផង មានក្រុមហ៊ុនមានភាពរង្គោះរង្គើររកតែក្ស័យធន។ រូបភាពទាំងនេះ ក៏ព្រោះតែម្ចាស់ក្រុមហ៊ុន មិនបានចាត់ចែងលៃលក់លើការត្រៀមទុនបម្រុងឱ្យបានរួចរាល់ជាមុន។
លោកបានបញ្ជាក់ថា សម្រាប់ប្រភពទុកបម្រុង គឺមានភាពចាំបាច់បំផុតសម្រាប់អ្នកមានអាជីវកម្ម ឬមានក្រុមហ៊ុន ហើយបើនាំគ្នាគិតថា យកទុនបម្រុងមកទុកចោលវានាំឱ្យខាតនោះ គឺមិនត្រឹមត្រូវនោះទេ គឺយើងអាចទៅដាក់នៅធនាគារក្នុងរយៈពេលខ្លីបានទាំងការប្រាក់ និងបានផលចំណេញ និងសុវត្ថិភាពផងដែរ។
លោក គាម សៀកឡុង បានបញ្ជាក់ថា “ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មនានា ត្រូវតែកសាងកេរ្តិ៍ឈ្មោះឱ្យបានល្អ បូករួមជាមួយនឹងទំនាក់ទំនងបណ្តាញ ដែលជាអ្នករកស៊ីដូចគ្នា ឬអ្នកផ្សេងទៀត វានឹងជួយយើងក្នុងការរកលុយពីគេនៅរយៈពេលណាមួយដែលអាចជួយឱ្យក្រុមហ៊ុនអាចមានដំណើរការបាន។ មួយវិញទៀត នៅពេលដែលក្រុមហ៊ុនមានក្រុមការងារដែលមានសមត្ថភាពគឺអាចរកចំណូលមកវិញបានលឿនដើម្បីដោះស្រាយវិបត្តិ ឬសងទៅត្រឡប់ ទៅគេវិញបានលឿន”៕