កោះកុង ៖ នៅក្នុងកម្មវិធីនៃការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកោះកុង បានត្រៀមដាក់បញ្ចូលបេក្ខភាពឆ្នេរដែលមានសោភ័ណភាពស្អាតប្រចាំខេត្តចំនួន១១ទីតាំង ក្រោយទទួលបានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

រដ្ឋបាលខេត្តកោះកុងក៏នឹងត្រៀមដាក់ឆ្នេរខ្សាច់កម្សាន្តបេក្ខភាពជាច្រើន ក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១ ក្នុងនោះរួមមាន៖ ឆ្នេរកោះស្នេហ៍ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ឆ្នេរប៉ាក់ខ្លង និងឆ្នេរចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីមា ឆ្នេរនេសាទ និងឆ្នេរជ្រោយស្វាយ ស្ថិតក្នុងស្រុកស្រែអំបិល ឆ្នេរអាវសីវង្ស ឆ្នេរឡាំធាន ឆ្នេរពយស្ងាវ ឆ្នេរអាវយាយសែន ឆ្នេរកោះស្មាច់ និងឆ្នេរកោះសមិត ស្ថិតក្នុងស្រុកគិរីសាគរ។

លោក នី ផល្លា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា ខេត្តកោះកុង មានឆ្នេរខ្សាច់ស្អាតធម្មជាតិជាច្រើនដែលមានសក្តានុពលខ្ពស់អាចរៀបចំកែលម្អដើម្បីចូលរួមក្នុងការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ ២០២១ បាន។ លើសពីនោះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាពិនិត្យឃើញថា ឆ្នេរខ្សាច់ទាំងអស់នោះអាចរៀបចំដើម្បីយកពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អបាន ដែលនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងជាមេដែកឆក់ជំរុញដល់ការរីកលូតលាស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅតាមតំបន់ជាប់នឹងឆ្នេរខ្សាច់ទាំងនោះផងដែរ។

ដោយមើលឃើញពីសក្តានុពលទេសចរណ៍ធម្មជាតិដ៏សម្បូរបែប លោក នី ផល្លី បានជំរុញដល់រដ្ឋបាលខេត្តកោះកុងធ្វើបច្ចុប្បន្នភាពឆ្នេរខ្សាច់ទាំងអស់នៅតាមក្រុង-ស្រុកដែរមានឆ្នេរ និងរៀបចំជ្រើសរើសឆ្នេរខ្សាច់កម្សាន្តស្អាតៗ ដើម្បីត្រៀមដាក់បញ្ចូលឆ្នេរបេក្ខភាពឲ្យបានច្រើនក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២១។ ក្នុងករណីចាំបាច់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង ១និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងជួយគាំទ្រជាបច្ចេកទេសក្នុងការរៀបចំកែលម្អឆ្នេរទាំងនោះអោយបានស្អាតស្របតាមស្តង់ដាបច្ចេកទេសដើម្បីអាចយកបានពិន្ទុ និងចំណាត់ថ្នាក់ល្អ៕