ភ្នំពេញ៖ ក្រោយការអនុញ្ញាតឱ្យការធ្វើចរាចរណ៍នៅទូទាំងប្រទេសឡើងវិញ ជាពិសេសការបើកក្រុងភ្នំពេញបន្ទាប់ពីការគ្រប់គ្រងស្ថានការណ៍នៃការប្រភពចម្លងមានប្រសិទ្ធភាពចាប់តាំងពីដើមខែឧសភារហូតមកគេសង្កេតឃើញថា ប្រភេទអាជីវកម្មមួយចំនួនចាប់ផ្តើមមានសកម្មភាពឡើងវិញ ហើយក្នុងនោះទីផ្សារអចលនទ្រព្យក៏ចាប់កម្រើកឡើងវិញគួរឲ្យកត់សម្គាល់។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) បានថ្លែងថា ចាប់តាំងពីមានការបើកដំណើរការឱ្យធ្វើចរាចរណ៍ឡើងវិញរហូតមកដល់ពេលនេះ សកម្មភាពទិញលក់ក្នុងវិស័យអចលនទ្រព្យមានសកម្មភាពវិញហើយ ប៉ុន្តែស្ថិតនៅក្នុងសភាពយឺតបន្តិច។
លោក សំ សុខនឿន ពន្យល់ថា ស្ថានភាពយឺតនេះ គឺដោយសារជំងឺកូវីដ ១៩ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលកន្លងមកនេះ ជាពិសេសបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនធំធ្លាក់ចុះក្នុងពេលបិតខ្ទប់ទីក្រុង និងបណ្តាខេត្តនានា។
លោកបញ្ជាក់ថា “បច្ចុប្បន្នេះ យើងមើលឃើញថា ប្រជាពលរដ្ឋអាចធ្វើដំណើរនៅក្នុងទីក្រុងបាន និងអាចធ្វើដំណើរឆ្លងកាន់ខេត្តក៏បានទៀតនោះ បានធ្វើឱ្យការទិញលក់នៅក្នុងវិស័យអចលទ្រព្យមានសន្ទុះងើបឡើងវិញ បើធៀបជាមួយនឹងពេលបិតខ្ទប់មិនឱ្យមានការដើរហើរ”។
លោក សុខនឿន បន្តថា “ដើម្បីឱ្យមានការទិញលក់ក្នុងវិស័យអចលនទ្រព្យកាន់តែមានសន្ទុះលឿនទៅមុខឡើងវិញ លុះត្រាតែប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមការកំណត់របស់រាជរដ្ឋាភិបាល និងទាមទារពេលវេលាបន្ថែមទៀត ដើម្បីមនុស្សចាប់ផ្តើមមានទំនុកចិត្តក្នុងការចេញដើរក្រៅប្រកបមុខជំនួញឡើងវិញ ជាពិសេសអាចទទួលបានចំណូលពីការប្រកបមុខរបរឡើងវិញផងដែរ”។
ជាមួយគ្នានេះ លោកក៏បានលើកឡើផងដែរងថា នៅពេលដែលពិភពលោក បានទប់ស្កាត់ជោគជ័យនោះ សេដ្ឋកិច្ចនឹងវិលមករកប្រក្រតីភាពឡើងវិញ ហើយកម្ពុជាក៏នឹងកាន់តែមានភាពល្អប្រសើរបន្ទាប់ពីវិនិយោគិនបរទេសវិលមកកម្ពុជាវិញ ជាពិសេសអ្នកវិនិយោគចិនដែលមានគម្រោងជាច្រើននៅកម្ពុជា ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលក៏មានយុទ្ធសាស្ត្រក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ដែលកាន់តែធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាអាចមានសន្ទុះ និងមានសកម្មភាព៕