ការ​បំពាក់​ឧបករណ៍​ហាត់​ប្រាណ ​សម្រាប់ឆ្លៀតហាត់ប្រាណនៅ​កន្លែង​ធ្វើ​ការ ឬ​ក្នុង​បរិស្ថាន​ការងារ ថ្មី​ៗ​នេះ​ត្រូវ​បាន​ការសិក្សាមួយបង្ហាញ​ឱ្យ​ដឹង​ថា បាន​ជួយ​ទៅ​ដល់​សុខភាព​បេះ​ដូង​និង​សរសៃ​ឈាម​ ដល់​ទៅ​១០​%មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ បាន​ជួយ​ទាំង​បង្កើន​ថាម​ពល​ស្វាហាប់សម្រាប់​ការងារ​ទៀត​​ផង​។

ការ​សិក្សា​ស្រាវជ្រាវ​ ធ្វើ​ឡើង​ដោយ​​ក្រុម​ការងារ​ស្រាវជ្រាវ​​សាកលវិទ្យា​ល័យ​ Stirling ចក្រភព​អង់គ្លេស បាន​ពិសោធ​ទៅ​លើ​​​បុគ្គលិក​ធ្វើ​ការ​២៥​នាក់ និង​​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​​ពិសោធ​។ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​២៥ ​ត្រូវ​បាន​បំបែក​ជា​ពី​រ​ក្រុម ដោយ​​ពាក់​កណ្តាល​​នៃ​ពួក​គេ ត្រូវ​ចូល​ក្នុង​កម្មវិធី​ឆ្លៀត​ហាត់​ប្រាណ​ ​ក្នុង​ពេល​ការងារឯ​ចំណែក​អ្នក​ផ្សេង​ៗ​ នៅ​ធ្វើ​ការ​តាម​ធម្មតា​។ ក្នុង​គោល​បំណង​នេះអ្នក​ស្រាវជ្រាវ​ចង់​ដឹង​ និង​ប្រៀប​ធៀប​អំពី​​បម្រែ​បម្រួល ដែល​នឹង​ត្រូវ​កត់​សម្គាល់​សម្រាប់​អ្នក​ឆ្លៀត​ហាត់​ប្រាណ​​ ពេល​ការងារ​និង​ក្នុង​បរិស្ថាន​ការងារ​ ដោយ​ប្រើ​រង្វាស់ (VO2 max) ដែល​តាម​ដាន​សំខាន់​ទៅ​លើ​សួត អុកស៊ីហ្សែន​ក្នុង​រាង​កាយ បេះដូង និង​សាច់​ដុំក្នុង​ពេល​ធ្វើ​ចលនា​ហាត់​ប្រាណ។

ជា​​លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ធ្វើ​ការ​ ដែល​ឆ្លៀត​ហាត់​ប្រាណ ក្នុង​កម្មវិធីដែល​បាន​អនុវត្ត​​ការ​ហាត់​ប្រាណ​លើ​ឧបករណ៍ បាន​ប្រហែល​៨​នាទី ២​ដង​/១​សប្តាហ៍ និង​អស់​រយៈ​ពេល​៦​សប្តាហ៍ ឬបានឆ្លៀតហាត់ប្រាណនៅអំឡុងពេលបំពេញការងារ គឺមាន​VO2 max កើន​ឡើង​ប្រហែល​១០​%ដែល​នេះ ស្មើ​នឹង​ការ​បន្ថយ​នូវ​អត្រា​ជំងឺ​បេះ​ដូង​បាន​​ ១៥%។

ការ​ឃើញ​ពី​បម្រែ​បម្រួល​នោះ គឺ​ដោយ​សារ​ចលនា​ឈាម​ និង​អុកស៊ីហ្សែន​ បាន​​សកម្ម​ក្នុង​រាង​កាយជួយ​ឱ្យ​ពួក​គេ​មាន​សុខភាព​ល្អ និង​មាន​រាង​កាយ​សម​សួន ហើយ​ជា​ពិសេស​នោះគឺ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា អ្នក​ចូល​រួម បង្ហាញ​ភាព​រីក​រាយ​ ថា​សកម្មភាព​នោះពួក​គេ​អាច​ធ្វើ​បាន ងាយ​ស្រួល និង​ធ្វើ​ដោយ​​ភាព​រីក​រាយ ដែល​កត្តា​ទាំង​នេះជួយ​ទៅ​ដល់​គុណភាព​ការងារ​ពួក​គេ បាន​យ៉ាង​ស្វាហាប់​​ដោយ​ថាម​ពល​ផង​ដែរ។

ជា​លទ្ធផល​រួម ក្រុម​អ្នក​ស្រាវជ្រាវ​បាន​​បង្ហាញ​លទ្ធផល​ចុះ​ផ្សាយ​​ក្នុង​ព្រឹត្តិបត្រ​សុខភាព​អង់គ្លេស ​BMCថា ​ការ​ឆ្លៀត​​ហាត់​ប្រាណ​​បាន​ត្រឹម​រយៈ​ពេល​ ៨​នាទី បាន​ពីរទៅ​បី​ដង​/១សប្តាហ៍ គឺ​បាន​ចូល​រួម​ចំណែក​ជា​ប្រយោជន៍​ដល់​សុខភាព​បេះ​ដូង​និង​កាត់​បន្ថយ​​អត្រា​ជំងឺ​បេះ​ដូង​បាន​រហូត​ដល់​១៥%ព្រម​ទាំង​​បន្ថយ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២ ទៀត​ផង​៕​