អ្នកកើតមកក្នុងពិភពលោកគឺជួបនឹងរឿងរ៉ាវជាច្រើន ដែលជាបទពិសោធ និងមេរៀនរៀនសូត្រសម្រាប់ជីវិតជាប្រចាំថ្ងៃ។ជាចំណុចខ្លះៗ ទៅលើផ្នែកមួយៗនៃជីវិត នៃមនុស្សដែលនៅជុំវិញអ្នក ទាំងគ្រួសារ បងប្អូន និងមិត្តភក្តិគឺសុទ្ធតែផ្តល់ជាអត្ថន័យមេរៀនសម្រាប់អ្នកអាចស្វែងយល់ពីពួកគេដែលចំនុចខ្លះៗមានដូចជា៖

. ម្តាយ

ជាមនុស្សដំបូងដែលផ្តល់ក្តីស្រលាញ់ដល់អ្នកដោយគ្មានលក្ខខណ្ឌ។ ជាអ្នកផ្តល់កំណើតដល់អ្នក ឱ្យបានឃើញពិភពលោកនេះ ព្រមទាំងជាអ្នកចិញ្ចឹមថែរក្សាការពារអ្នក រួមទាំងគុណបំណាច់ផ្សេងៗទៀត មិនអាចកាត់ថ្លៃបាន។ ដូចនេះជាកាតព្វកិច្ច ការមើលថែរក្សាពួកគាត់ ជារឿងដែលអ្នកអាចធ្វើ និងគួរធ្វើ មិនគួររំលង។

Image 

. ឪពុក

អ្នកដែលថែរក្សាអ្នក ចិញ្ចឹមអ្នកការពារអ្នក ណែនាំអ្នក និងចង់ឃើញអ្នករីករាយ ក្លាយជាមនុស្សល្អគឺឪពុករបស់អ្នក។ មានរឿងរ៉ាវលំបាកជាច្រើនដែលលោកឆ្លងកាត់ដើម្បីរក្សា និងផ្តល់ភាពកក់ក្តៅដល់កូនៗ ដែលពេលខ្លះអ្នកអាចមិនដឹង។ ដូច្នេះ ការ​គោរពនិងការតបស្នងសងគុណលោក ជារឿងមួយដែលអ្នកមិនអាចមើលរំលងផងដែរ។

. បងប្អូន

បន្ទាប់ពីឪពុកម្តាយអ្នកដែលនៅក្បែរអ្នក ការពារអ្នក ចែករំលែកអនុស្សាវរីយ៍រីករាយនិងទុក្ខសោកជាមួយអ្នកនោះគឺបងប្អូន។ ពួកគេបង្រៀនអ្នកនូវអ្វីដែលជាតម្លៃការចេះជួយទុក្ខធុរៈគ្នាចែករំលែក ការពារ សាមគ្គីគ្នា ដែលជាបទពិសោធក្នុងជីវិតរបស់អ្នក។

. មិត្តភក្តិ

ជាអ្នករាប់អានអ្នកដែលបង្រៀនអ្នកនូវបទពិសោធជាច្រើនផងដែរ ទាំងល្អ និងអាក្រក់។ ក្នុងការរស់នៅ ការសេពគប់គឺតែងពឹងអាស្រ័យគ្នាទៅវិញទៅមក ដូចនេះ មិត្តភក្តិអាចដឹកនាំអ្នកទៅផ្លូវល្អ(កល្យាណមិត្ត)ចេះចែករំលែក ចេះជួយធុរៈ និងគ្រាអាសន្ន ចេះជួយគ្នាឱ្យរីកចម្រើន អ្នកនឹងជួបទន្ទឹមនឹងនោះ ក៏អាចជួបនឹងមិត្តមិនល្អផងដែរ(បាបមិត្ត) ដូចជានាំអ្នកដើរលេងច្រើន ហ៊ឺហារគ្មានគោលដៅ ឬមួយដល់ថ្នាក់នាំប្រព្រឹត្តអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើមជាដើមដែលអ្នកគួរចៀសឆ្ងាយពីរឿងនេះ។

. ដៃគូជីវិត

ជាមនុស្សដែលរួមដំណើរជីវិតជាមួយអ្នកផ្តល់ក្តីស្រលាញ់ មើលថែរក្សាអ្នក និងខិតខំរីកចម្រើនទៅមុខជាមួយអ្នក។តម្លៃរបស់គូជីវិត ក៏បានបង្រៀនអ្នកផងដែរ ឱ្យយល់ពីតម្លៃនៃការលះបង់ ការផ្តល់ក្តីស្រលាញ់និងការសន្តោស ឬអាធ្យាស្រ័យកំហុសឆ្គងណាមួយដែលកើតឡើងផងដែរ។ 

Image

. កូនៗរបស់អ្នក

ជាមនុស្សដែលអ្នកបានផ្តល់កំណើតជាមនុស្សដែលបង្រៀនអ្នកឱ្យចេះទទួលខុសត្រូវក្នុងនាមជាឪពុកម្តាយ។ បន្ថែមពីនោះពួកគេក៏បានឱ្យអ្នកយល់នូវតម្លៃនៃការផ្តល់ក្តីស្រលាញ់ ការទំនួលខុសត្រូវ សន្សំសំចៃនិងគិតគូរដល់កូនៗជាមុនផងដែរ។

. យាយតា

គាត់ឪពុកម្តាយរបស់ប៉ាម៉ាក់របស់អ្នក គាត់ក៏ជាអ្នកផ្តល់ក្តីស្រលាញ់ធំធេងដល់អ្នកជាចៅផងដែរ។ បន្ថែមពីនោះគាត់ក៏អ្នកផ្តល់ដំបូន្មាន ជាមនុស្សមានបទពិសោធណែនាំនិងអប់រំទូន្មានអ្នកផងដែរក្នុងការរស់នៅ និងអនាគត។ មេរៀនពីបទពិសោធនានារបស់លោកនឹងបង្រៀនអ្នកបានវៃឆ្លាត និងចេះគ្រប់គ្រងបញ្ហានានាជាច្រើនក្នុងជីវិតហើយអ្នកក៏គួរមានពេលនៅក្បែរពួកគាត់ឱ្យបានច្រើនផងដែរ តាមលទ្ធភាពដែលអាចធ្វើបាន៕