សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការទទួលបានដំណឹងការងារថ្មីគឺជារឿងមួយដែលល្អបំផុតសម្រាប់អ្នក។ ច្បាស់ណាស់ អ្នកប្រាកដជាសប្បាយរីករាយនិងពេញចិត្តជាមួយការងារនោះជាក់ជាមិនខាន។ ប៉ុន្តែការឈានជើងចូលក្រុមហ៊ុនថ្ងៃដំបូង គឺជាថ្ងៃសំខាន់មួយដែលអ្នកគួរតែប្រុងប្រយ័ត្ននិងមិនគួរមើលរំលងឡើយ ព្រោះមានបុគ្គលិកជាច្រើនបែរជាមិនបានបំពេញខ្លួន ឱ្យបានល្អសោះ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃការងាររបស់ពួកគេ។ ដូច្នេះអ្នកគួរតែ បំពេញតួនាទី ក៏ដូចជាចំណុចមួយចំនួនឱ្យបានត្រឹមត្រូវជៀសវាងកំហុសឆ្គងផ្សេងៗ ដែលមិនគួរឱ្យកើតមានឡើងនិងដើម្បីកុំឱ្យប៉ះពាល់ដល់ការងាររបស់អ្នក។

ខាងក្រោមនេះ គឺជាចំណុចទាំង៥ដែលអ្នកគួរតែធ្វើនៅថ្ងៃដំបូងនៃការងាររបស់អ្នក:

១. ទៅឱ្យដល់ក្រុមហ៊ុនមុនម៉ោងកំណត់

ការគោរពពេលវេលា គឺសេចក្តីថ្លៃថ្នូរមួយរបស់មនុស្សគ្រប់រូប ហើយវាក៏បានបង្ហាញពីអត្តចរឹកនិងក្រមសីលធម៌នៃបុគ្គលិកទូទៅ រួមទាំងអ្នកផងដែរ។ ច្បាស់ណាស់ ចៅហ្វាយរបស់អ្នកប្រាកដជាមិនមើលរំលងចំណុចមួយនេះឡើយ។​ ដូច្នេះនៅថ្ងៃដំបូង អ្នកចាំបាច់ត្រូវភ្ញាក់ពីគេងឱ្យលឿនជាងរាល់ដង ហើយត្រូវធ្វើយ៉ាងទៅឱ្យដល់ក្រុមហ៊ុនលឿនជាងបុគ្គលិកទូទៅ យ៉ាងហោចណាស់ឱ្យបានមុនពី១០ ទៅ១៥នាទី។ វានឹងបញ្ជាក់ថា អ្នកជាបុគ្គលិកមួយរូបដែលមានសេចក្តីថ្លៃថ្នូរក្នុងខ្លួន ម៉ត់ចត់យកចិត្តទុកដាក់នឹងការងារ និងជាមនុស្សម្នាក់ចេះដែលឱ្យតម្លៃទៅលើពេលវេលា។ ត្រូវចាំថា អ្នកត្រូវទៅធ្វើការឱ្យទៀងពេលជារៀងរាល់ថ្ងៃ ​ព្រោះការគោរពម៉ោងធ្វើការគឺជាតម្លៃផ្ទាល់ខ្លួនរបស់អ្នក។

២. ត្រូវស្លៀកពាក់ឱ្យសមរម្យ

ការស្លៀកពាក់ ក៏ជារឿងមួយដ៏សំខាន់ផងដែរដែលអ្នកមិនត្រូវមើលរំលង។ ការស្លៀកពាក់គឺជាកត្តាមួយដែលអាចឆ្លុះបង្ហាញឱ្យឃើញពីអត្តចរឹកនិងសេចក្តីថ្លៃថ្នូររបស់អ្នក។ អ្នកត្រូវជ្រើសរើសសម្លៀកបំពាក់ដែលអ្នកគិតថា ​សាកសមនឹងអ្នកជាមួយនឹងមុខដំណែងរបស់អ្នក។ ប្រសិនបើក្រុមហ៊ុន តម្រូវឱ្យមានឯកសណ្ឋានណាមួយសម្រាប់មុខដំណែងរបស់អ្នក ​អ្នកត្រូវតែរៀបចំឱ្យបានសាកសម និងសមរម្យ មិនស៊ិចស៊ីពេក ​ហើយក៏មិនសុភាពពេក។

៣. ត្រូវបង្កើតទំនាក់ទំនងល្អជាមួយបុគ្គលិកដ៏ទៃ

ទំនាក់ទំនងគឺជាចំណុចដ៏សំខាន់ ដែលអ្នកត្រូវតែមានជាមួយបុគ្គលិកមួយចំនួននៅក្នុងក្រុមហ៊ុន។ វាមិនពិបាកពេកទេ​ ដែលអ្នកគ្រាន់តែឈានជើងចូលទៅកាន់ក្រុមហ៊ុនថ្មី មុខតំណែងថ្មី ជាមួយទឹកមុខស្រស់សង្ហារញញឹម និងរួសរាយដើម្បីបង្កើតទំនាក់ទំនងល្អ និងភាពស្និតស្នាលជាមួយមនុស្សនៅជុំវិញខ្លួននោះព្រោះថា មិត្តភាពនឹងជួយអ្នកក្នុងកាការបំពេញតួនាទី ក្នុងមុខតំណែងរបស់អ្នកនៅថ្ងៃក្រោយ។

៤. កុំធ្វើខ្លួនចេះជាងបុគ្គលិកចាស់ៗ

ជាការពិតណាស់ ក្នុងក្រុមហ៊ុនមួយប្រាកដជាមានបុគ្គលិកចាស់ៗ ដែលបានធ្វើការនិងមានបទពីសោធន៍យូរឆ្នាំជាក់ជាមិនខាន។ ប្រសិនបើពួកគេណែនាំឱ្យអ្នកធ្វើបែបណា អ្នកគួរតែធ្វើតាមគេប្រាប់សិនទៅ  អ្នកមិនគួរបដិសេធទៅលើការណែនាំ ហើយក៏មិនចាំបាច់បញ្ចេញយោបល់​ ឬកែតម្រូវនូវគំនិតមួយចំនួនរបស់ពួកគេដែរ ព្រោះពួកគេអាចនឹងគិតថាអ្នកជាមនុស្សអួតអាង មកក្រោយគេគួរតែស្តាប់និងយកគម្រូតាមអ្នកមុន។ ​ក្នុងន័យនេះមិនមែនមានន័យថា អ្នកត្រូវតែយល់ស្របតាមគេហើយបដិសេធគំនិតខ្លួនឯងទាំងស្រុងនោះទេ ​​គឺចង់ឱ្យអ្នកចេះមើលកាលៈទេសៈ  និងចេះឱ្យតម្លៃទៅលើបទពិសោធន៍របស់ពួកគេ ព្រោះពួកគេមកមុនយើង បើទោះបីចំណុចខ្លះអ្នកធ្លាប់ជួប ធ្លាប់បានរៀនហើយក៏ដោយក៏មិនអាចយកប្រៀបធៀបនឹងការដែលពួកគេអនុវត្តន៍រាល់ថ្ងៃនោះដែរ។​

៥. កុំលេងសើចច្រើនពេក

ការលេងសើចដែលធ្វើឱ្យសប្បាយរីករាយ គឺជារឿងមួយដែលមនុស្សទូទៅចូលចិត្ត។ ប៉ុន្តែក្នុងការចូលធ្វើការថ្ងៃដំបូង អ្នកមិនគួរលេងសើចច្រើនពេកទេ​ ព្រោះថា មិនមែនមនុស្សទាំងអស់សុទ្ធតែពេញចិត្ត ទៅលើការលេងសើចរបស់អ្នកនោះទេ ផ្ទុយទៅវិញវានឹងបង្ហាញពីអត្តចរឹករបស់អ្នកថា អ្នកជាមនុស្សដែលឡេះឡោះ​លេងសើចច្រើន និងមិនសូវយកចិត្តទុកដាក់ទៅលើការងារប៉ុន្មានទេ។

ចំណុចទាំង៥ខាងលើនេះ នឹងជួយអ្នកក្នុងការរៀបចំខ្លួន ក៏ដូចជាធ្វើការឈានជើងចូលក្រុមហ៊ុនជាមួយការងារថ្មី និងមុខតំណែងថ្មីនៅថ្ងៃដំបូងដោយមិនមានបង្ករកំហុសឆ្គងណាមួយ៕