សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មានការប្រកួតប្រជែងគ្នាក្នុងវិស័យការងារកាន់តែមានច្រើន ទើបធ្វើឲ្យបងប្អូនមួយចំនួនរវល់សឹងតែរកពេលវេលាដើម្បីផ្ទាល់ខ្លួនគ្មាន។ ប៉ុន្តែតើជីវិតយើងគ្រប់រូបគឺមានត្រឹមតែការងារ និងមុខរបរមួយ ដើម្បីរកប្រាក់ចំណូល គឺគ្រប់គ្រាន់សម្រាប់បំពេញសេចក្តីសុខហើយឬ។ 

ចម្លើយគឺយើងគ្រប់រូបប្រាកដជា កំពុងតែឆ្លើយនៅក្នុងចិត្តរួចហើយថាវាមិនអាចនោះទេ ព្រោះថាតម្រូវការនៅក្នុងជីវិតរបស់យើងនូវមានច្រើនលើសពីនេះ ។ ដូច្នេះ៣ចំណុចខាងក្រោមនេះ នឹងធ្វើឲ្យអ្នកបានស្វែងយល់កាន់តែច្បាស់ភាពរវល់ក្នុងការងារ:

ទី១.ការផ្ដល់ស្នាមញញឹមទៅកាន់គ្រួសារ និងមនុស្សជាទីស្រលាញ់

អ្នកទាំងអស់គ្នាប្រាកដជាចង់សួរត្រឡប់មកវិញថា តើយើងផ្ដល់ស្នាមញញឹមឲ្យគាត់ដោយវិធីណាទៅ? វាជាការពិតណាស់ថាការផ្ដល់ស្នាមញញឹមទៅកាន់ពួកគាត់ មិនមែនជាការហុចលុយទៅឲ្យគាត់ទេ ប៉ុន្តែអ្វីដែរយើងគួរធ្វើគឺសកម្មភាពជាប្រចាំថ្ងៃរបស់យើងរួមជាមួយនឹងក្រុមគ្រួសារ។ 

យ៉ាងណាមិញការញុាំអាហារពេលព្រឹក ឬពេលរសៀលជុំគ្នាយ៉ាងហោចណាស់មួយថ្ងៃបានម្ដងមុននឹងអ្នកទៅធ្វើការ ឬត្រឡប់មកពីធ្វើការវិញជាប្រចាំ ខ្លួនអ្នកផ្ទាល់នឹងមានអារម្មណ៍ប្រសើរឡើង ជាពិសេសអ្នកអាចបានជិតដិតជាមួយក្រុមគ្រួសារ។ក្នុងនោះផងដែរទំនាក់ទំនង នៅក្នុងផ្ទះក៏កាន់តែមានភាពល្អប្រសើរឡើង ស្របពេលដែលអ្នកបានបំពេញការងារជាមួយនឹងអារម្មណ៍ស្រស់ស្រាយជាប្រចាំរបស់អ្នក។ មនុស្សលុះត្រាណាតែមានក្ដីសុខទើបអាចញញឹមបាន ហេតុនេះបានសេចក្ដីថា បើអ្នកធ្វើឲគាត់មានស្នាមញញឹមស្មើរនិងធ្វើឲពួកគាត់មានក្ដីសុខដូចគ្នា។

ទី២.​ការជួបជុំជាមួយមិត្តចាស់ៗ

ជំនួបរវាងអ្នកជាមួយនឹងមិត្តដែលបានបែកគ្នា បន្ទាប់ពីចេញទៅបំពេញភារកិច្ចរៀងខ្លួន ហើយជាមិត្តដែល ត្រូវបានបែកគ្នាបន្ទាប់ពីចូលមហាវិទ្យាល័យរៀងៗខ្លួនជាដើម។ មិត្តចាស់មិនមែនមានន័យថា យើងត្រូវទៅជួបមួយថ្ងៃម្ដងដូចជាការជួបជុំជាមួយក្រុមគ្រួសារឡើយ ប៉ុន្តែការជំនួបគ្នារវាងអ្នក និងមិត្តរបស់អ្នកអាចធ្វើឡើងយ៉ាងហោចណាស់ក្នុងមួយខែឲ្យបានម្ដង តាមដែលអ្នកអាចធ្វើបាន។ 

ការជួបជាមួយមិត្តវិទ្យាល័យ ប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍ពិសេសម្យ៉ាង (ជាងការជួបជុំគ្នាផ្សេងៗ សំដៅទៅលើការជួបជុំជាមួយក្រុមការងារ ឬមិត្តមហាវិទ្យាល័យជាដើម....)ដែលអាចអោយអ្នកជជែកគ្នាលែង ហើយអង្គុយរំលឹករាល់អនុស្សាវរីយ៍ចាស់ៗដែល សប្បាយៗ ឬចែករំលែកបទពិសោធន៍ថ្មីទៅវិញទៅមក។ ការជួបជុំគ្នានេះមិនត្រឹមតែធ្វើអោយអ្នករំសាយរាល់ទុក្ខកង្វល់ទេ តែវាអាចធ្វើឲ្យអ្នកបានបង្កើតការចងចាំល្អៗនិងទំនាក់ទំនងល្អជាមួយគ្នាថែមទៀតផង។

ទី៣.បង្កើនអនុស្សាវរីយ៍ល្អៗជាមួយនឹងមនុស្សជាទីស្រលាញ់

ពាក្យអាត្មានិយមមួយចំនួន ដែលតែងតែបានលឺពីសំណាក់យុវវ័យនោះគឺ «បងឬអូនខំប្រឹងប្រែងធ្វើការងារហើយគ្មាពេលវេលាគ្រប់គ្រាន់គ្នាទៅវិញទៅមក គឺដើម្បីអនាគតរបស់យើង» ចង់សួរថា បើបច្ចុប្បន្នអ្នកមិនទាន់បានកសាងរឿងល្អជាមួយគ្នាផង ឬក៏ថែរក្សាគ្នាទៅវិញទៅមកបានផង តើអ្នកប្រាកដទេថា អនាគតទៅមានវត្តមានរបស់គ្នានៅក្នុងថ្ងៃអនាគតដែរឬទេ? 

ចូរកុំបណ្ដោយពេលឲ្យកន្លងហួសទៅ ដោយមិនបានធ្វើអ្វីល្អឲ្យគ្នាទៅវិញទៅមក ពេលខ្លះអ្នកអាចកំពុងមើលរំលងឱកាសល្អរបស់អ្នកសម្រាប់បង្កើតអនុស្សាវរីយ៍ជាមួយមនុស្សជាទីស្រលាញ់ ដោយអ្នកគ្រាន់តែទៅញាំអីជាមួយគ្នាមួយម៉ោងទៅពីរម៉ោងដូចជាទៅផ្សារ ឬទៅកន្លែងកម្សាន្តនានាជាដើម។

សរុបរួមមក កុំអោយដោយសារតែការងាររបស់អ្នក ធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ឯកា អាត្មានិយមជាមួយនឹងគ្រួសារ មនុស្សជាទីស្រលាញ់ ហើយរឹតតែមិនត្រូវបណ្ដោយពេលវេលា ជាមួយនឹងការងារដោយមិនបានធ្វើអ្វីគ្រប់យ៉ាងសម្រាប់ពួកគាត់៕