សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

នៅ​ពេ​ល​មួយ​ដែល​អ្នក​ចំណាយ​ពេល​មើល​ទារកនិង​​មាន​​តួនាទី​នៅ​ចាំ​មើល​ក្មេង​ៗ អ្នក​នឹង​អាច​សង្កេត​ឃើញ​របៀប​របប​ខ្លះ​ទៅ​តាម​ធម្មជាតិ​របស់​​ពួក​គេ​។ ហើយ​ចំណុច​ទាំង​​នោះ​ក៏​បាន​បង្រៀន​ទៅ​ដល់​អ្នកដែល​ជា​មនុស្ស​ធំ​ផង​ដែរដែល​ក្នុង​នាម​អ្នក​ជា​ប៉ា​ជា​ម៉ាក់ ជា​ពូ​ មីង​មើល​ថែ​កូន​ក្មួយ។ ជា​មួយ​គ្នា​នេះ លោក​ស្រី Fetell Leeដែល​ជា​អ្នក​ម្តាយ​ជន​ជាតិ​អាមេរិកាំង​មួយ​រូប​បាន​ចែក​រំលែក​ជា​គំនិត​សម្គាល់​​មួយ​ចំនួន​៖

.ភាព​រីក​រាយ​នៃ​​សកម្មភាព​ដដែល​ៗ

​តើ​អ្នក​ធ្លាប់​​សម្គាល់​​មើល​ឃើញ​ទេ ​ទារក​​នៅ​ពេល​ដែល​អ្នក​ប្រឡែង​លេង​ជា​មួយ​គេ​នូវ​​​សកម្មភាព​មួយឧទាហរណ៍​អ្នក​ធ្វើ​​ជា​ភ្ញាក់​​ឱ្យ​គេ​សើច ឬ​អ្នក​ធ្វើ​​មើល​អត់​ឃើញ​គេនោះ​អ្នក​នឹង​សង្កេត​ឃើញ​ថា​​គេ​​រី​ករាយ​នឹង​សកម្មភាព​ដដែល​នោះ​និង​នៅ​តាម​សង្កេត​មើល​អ្នក​​ដោយ​ភាព​រីក​រាយ​។ ត្រឡប់​មក​វិញអ្នក​នឹង​​ឃើញ​​ដោយ​ខ្លួន​អ្នក​ថា​នៅ​រាល់​ពេល​អ្នក​ជួប​បទ​ពិសោធ​ណា​មួយ​ដដែល​ៗ តែ​អ្នក​ក៏​​នៅ​តែ​អាច​រីក​រាយ​ដោយ​សារ​អ្នក​នឹង​បាន​សង្កេត​ឃើញ​ចំណុច​​ថ្មី​ៗ​​ពី​អ្វី​ដដែល​នោះដោយ​សារ​ការ​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​វា​។ ជា​​ការ​ជាក់​ស្តែង​ក្នុង​ជីវភាព​រស់​នៅ​ទូ​ទៅដូច​អ្នក​ហាត់​​យ៉ូហ្គាឬ​មួយ​ហាត់​រាំ គ្រូ​រាំ​ច្រើន​ប្រាប់​ថាកាយ​វិការ​នេះ នៅ​តែ​ថ្មី​សម្រាប់​កូន​សិស្ស​បើ​ទោះ​បី​អ្នក​បាន​ហាត់​ធ្វើ​ដដែល​រាប់​រយ​ដង​ក៏​ដោយ ដែល​នេះ​សម្តៅ​ជា​ខ្លី​គឺ​ការ​យក​​ចិត្ត​ទុក​ដាក់​សង្កេត​លើ​អ្វី​មួយ​​ដែល​ជា​ចំនុច​ខ្វះ​ខាត​រហូត​អ្នក​អាច​ធ្វើ​បាន​ដោយ​ភាព​ត្រឹម​ត្រូវ និង​ប្រសើរ​ឡើង​។

Image

.អារម្មណ៍​ផ្លាស់​ប្តូរ​លឿន

អ្នក​អាច​សម្គាល់​ឃើញ​ថាអារម្មណ៍​ក្មេង​ៗ​ផ្លាស់​ប្តូរ​លឿន​ហើយ​ពេល​ខ្លះ​​ពុំ​មាន​អ្វី​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​ឡើយដែល​នេះ​អាច​ជា​សញ្ញា​ថា​គេ​ឃ្លាន ឬ​ងងុយ​គេង​ប៉ុន្តែ​ពួក​គេ​នឹង​ត្រឡប់​មក​រីក​រាយ​ឡើង​វិញ​​។ ចំណុច​នេះ​​អ្នក​អាច​ស្វែង​យល់​ពី​លក្ខណៈ​វេជ្ជសាស្រ្ត​ថា​ ខួរ​ក្បាល​​របស់​ទារក​គឺ​​នៅ​​ទម្រង់​កំពុង​វិវឌ្ឍ​នៅ​ឡើយដូច​នេះ​​អារម្មណ៍​របស់​ពួក​គេ​បញ្ចេញ​មក​ខាង​ក្រៅ​គឺ​លឿន​ដោយ​ពុំ​មាន​ឆ្លង​កាត់​ការ​វិភាគ​ដូច​ខួរ​ក្បាល​ដែល​បាន​វិវឌ្ឍ​ពេញ​លេញ​ដូច​​មនុស្ស​ធំ​នោះ​ទេ​។យ៉ាង​ណា​មិញ​ ចំណុច​នេះ​គឺ​បង្រៀន​យើង​ថាក្នុង​កម្រិត​មួយ​ដែល​តាន​តឹង​ខ្លាំង​ការ​ដក​ឃ្លា​ចេញ​ពី​​ស្ថាន​ភាព​តាន​តឹង​ខ្លះគឺ​អាច​ជួយ​អ្នក​ឱ្យ​បាន​ប្រសើរ​ឡើង​វិញសម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ។ ឧទាហរណ៍​អ្នក​អស់​កម្លាំង​ខ្លាំងអ្នក​អាច​សម្រាក​បន្តិចញ៉ាំ​ទឹក​ ឬ​ ទឹក​ផ្លែ​ឈើ​ស្រស់​មួយ​កែវនឹង​អាច​ជួយ​ឱ្យ​យើង​ផ្តោត​លើ​គោល​ដៅ​ឡើង​វិញ​ដោយ​អារម្មណ៍​ស្រស់​ស្រាយ​។

.អ្វី​ៗ​​​មាន​ពេល​វេលា​របស់​វា

ប្រហែល​ធ្លាប់​មាន​ពិសោធ​ឃើញ​ថាកូន​ក្មេង​​នៅ​ពេល​អ្នក​​ទិញ​កាដូ​ឱ្យ​គេ​នូវ​របស់​ថ្មី​មួយ​គេ​នឹង​ស្រលាញ់​ពេញ​ចិត្ត​ហើយ​លេង​វា​។ ប៉ុន្តែ​​នៅ​ថ្ងៃ​មួយអ្នក​រៀប​ចំ​ទុក​ដាក់​​របស់​លេង​ចាស់​ៗ​​ឱ្យ​គេ​ហើយ​​គេ​ឃើញ​របស់​ចាស់​មួយ​ដោយ​ចៃ​ដន្យ​អ្នក​អាច​ឃើញ​គេ​ស្រាប់​តែ​ពេញ​ចិត្ត​នឹង​ចូល​ចិត្ត​លេង​របស់​នោះ​ឡើង​វិញ​មិន​លែង​។ ដល់​ចំណុច​នេះបើ​យើង​ត្រឡប់​មក​មនុស្ស​ធំ​វិញអ្នក​អាច​ឃើញ​ថាចំណាប់​អារម្មណ៍​របស់​អ្នក​នៅ​លើ​អ្វី​មួយឬ​ការ​ស្វែង​យល់​​ពី​អ្វី​មួយ​ដែល​កើត​មាន​ជា​ហូរ​ហែរ ប៉ុន្តែ​ដល់​ពេល​​មួយ​អ្នក​រក​ឃើញ​ថា​​អ្នក​​ធ្លាប់​មាន​គោល​ដៅ​អ្វី​មួយហើយ​ពេល​​នោះ​អ្នក​ជឿ​ជាក់​ថា​អ្នក​​បន្ត​ធ្វើ​វា​ឱ្យ​ជោគ​ជ័យ​ឡើង​វិញគឺ​​ជា​​រឿង​សំខាន់​ផង​ដែរ។ ចំណុច​នេះ​គឺ​បាន​បង្រៀន​យើង​ថាគោល​ដៅ​ខ្លះ​គឺ​អ្នក​មិន​បាន​បោះ​បង់​វា​ចោល​ទេគ្រាន់​តែ​ពុំ​ទាន់​ដល់​ពេល ឬ​មាន​ពេល​វេលា​របស់​វាហើយ​បើ​អ្នក​ពិត​ជា​ស្រលាញ់​ពិត​ប្រាកដ​​មែនអ្នក​នឹង​មិន​បោះ​បង់​ឡើយ​៕ 

Image