ភាពម្ចាស់ការលើខ្លួនឯង ជាចំនុចយ៉ាងសំខាន់ក្នុងការ​ជំរុញជីវិតរបស់មនុស្សម្នាក់ៗ ឱ្យមានប្រសិទ្ធភាពខ្ពស់និងគុណតម្លៃ​សម្រាប់ខ្លួនឯងនិងសង្គម តែជាទូទៅមានមនុស្សមិនច្រើនទេដែលមានភាពម្ចាស់ការលើខ្លួនឯង។

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ពាក់ព័ន្ធនឹងបញ្ហានេះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងថាមនុស្សដែលគ្មានភាពម្ចាស់ការ គឺប្រៀបបានទៅនឹងមនុស្សយន្ត ដែលលោកហៅពួកគេថា ជាបុគ្គលិកយន្ត ឬជាសហគ្រិនយន្ត។ មូលហេតុដែលលោកហៅបែបនេះ គឺដោយសារតែ​លោកមើលឃើញថា​ សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ គឺធ្វើឡើងមិនមែនដើម្បីបុព្វហេតុជីវិតផ្ទាល់ខ្លួនឡើយ តែធ្វើឡើងដើម្បីផ្គាប់លើបរិស្ថានខាងក្រៅ មិនខុសអ្វីពីមនុស្សយន្ត ដែល​ទាល់តែគេបញ្ជារឬកំណត់កម្មវិធីឱ្យធ្វើសកម្មភាព ទើបវាអាចដំណើរការបាន។ មនុស្សប្រភេទនេះភាគច្រើន​ធ្វើការងារដោយត្រូវការការសរសើរ ការលើកទឹកចិត្ត ការញញឹមញញែម និងការលើកតម្លៃជាអត្ថប្រយោជន៍ពីស្ថាប័នជាដើម។ ប្រសិនបើ​ថ្ងៃណាមួយ គេលែងទទួលបានការលើកទឹកចិត្តឬស្ងើចសរសើរ គេនឹងលែង​មានភាពវិជ្ជមានភ្លាម ព្រោះគេគ្មានបុព្វហេតុពិតប្រាកដនៃជីវិតខ្លួនឯងដែលត្រូវធ្វើ។

លោកឧកញ៉ា ប៉ិច បូឡែន បាននិយាយថា៖ «​តាមពិតទៅការសរសើរ និងការលើកទឹកចិត្តជារឿងល្អ តែជីវិតយើងម្នាក់ៗមិនមែនត្រូវការចាំឱ្យតែគេលើកទឹកចិត្តទើបខំប្រឹងប្រែងនោះទេ។យើងត្រូវការ​ថាមពលពីខាងក្នុងនិងភាពជាម្ចាស់ការដើម្បីគ្រប់គ្រងជោគវាសនាក្នុងជីវិតខ្លួនឯង»។

អ្នកអប់រំខាងលើបានបន្ថែមទៀតថា មនុស្សម្នាក់ៗមានបុព្វហេតុជីវិត និងការទទួលខុសត្រូវខុសគ្នាហេតុនេះ​លើលោកនេះគ្មានអ្នកណាមានពេលលើកទឹកចិត្តយើង ២៤ម៉ោងនោះទេ។ ហេតុនេះអ្វីដែលយើងត្រូវធ្វើគឺចេះលើកទឹកចិត្ត និងជំរុញសក្តានុពលខាងក្នុងដោយខ្លួនឯង។ នៅពេលយើងមានថាមពលវិជ្ជមានពីខាងក្នុង ឬអាចនិយាយបានថា​ យើងមានភាពម្ចាស់ការលើខ្លួនឯង នោះយើងនឹង​ធ្វើការងារគ្រប់បែបយ៉ាងដើម្បី​បំពេញបេសកកម្មជីវិតប្រកបដោយ​គុណតម្លៃ។ ក្នុងស្ថានភាពបែបនេះ យើងនឹងតែក្លាយជាមនុស្សដ៏មានសក្តានុពល និងសកម្មគ្រប់កាលៈទេសៈទាំងអស់ ទោះបីជាមានគេសរសើរ ឬគ្មានគេសរសើរក៏ដោយ ព្រោះយើងធ្វើការងារមិនមែនដើម្បីតែការសរសើរនោះទេ តែដើម្បី​ក្លាយជាអ្វីដែលយើងចង់ឃើញពិតប្រាកដ។ យើ​ងមិនអាចបណ្តោយឱ្យ​ការអូសទាញនៃបរិស្ថានខាងក្រៅ មកប៉ះពាល់ដល់វត្ថុបំណងពិតប្រាដកនៃដំណើរជីវិតខ្លួនយើងឡើយ។

សម្រាប់អ្នករកស៊ីក៏ដូចគ្នា ប្រសិនបើយើងធ្វើអាជីវកម្មដោយគ្រាន់តែចង់បានលុយកាក់ ការកោតសរសើរពីមហាជនឬចង់បានមុខមាត់​ខ្ពង់ខ្ពស់ ក៏មិនខុសពីមនុស្សយន្តប៉ុន្មានដែរ។ ការខិតខំប្រឹងប្រែងរបស់យើងមិនមែនដើម្បីបុព្វហេតុជីវិតខ្លួនឯង និងសង្គមនោះទេតែដើម្បីតែខ្សែញាក់ពីខាងក្រៅតែប៉ុណ្ណោះ។ ហេតុនេះ​សូមធ្វើអាជីវកម្មដោយមានគោលបំណងច្បាស់លាស់ថា តាមរយៈសកម្មភាពរបស់យើង អាចនឹងធ្វើការផ្លាស់ប្តូរជាវិជ្ជមានអ្វីខ្លះសម្រាប់សង្គម។ ហើយមិនថាកាលៈទេសៈណានោះទេ ទោះមានគេ​លើកទឹកចិត្ត មើលឃើញតម្លៃ ឬមិនមើលឃើញក៏ដោយក៏យើងដឹងច្បាស់ថា​ អ្វីជាចំណុចខ្លាំងដែលយើងចង់សម្រេចពិតប្រាកដ ដើម្បីអនុវត្តផែនការសកម្មភាពប្រកបដោយនិរន្តរភាព៕