កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍ ហេតុនេះ​អ្វីសង្គមត្រូវការបំផុតនោះ គឺធនធានមនុស្សដែលមានសមត្ថភាពដើម្បីចូលរួមជាមួយនឹង​សកម្មភាពនានា នៃការអភិវឌ្ឍទាំងផ្នែកសង្គមនិងវិទ្យាសាស្រ្ត។

ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជាកំពុងព្យាយាមគ្រប់លទ្ធភាព ដើម្បីធ្វើការងារអភិវឌ្ឍនៅទូទាំងប្រទេស។​ ហេតុនេះ មិនថាតំបន់ជនបទ ទីក្រុងនោះទេ យើងត្រូវការអភិវឌ្ឍឱ្យបានគ្រប់ទីកន្លែង ដើម្បីធានាថាយើងមានសមត្ថភាពក្នុងការ​ផ្តល់ឱ្យនូវលក្ខខណ្ឌល្អប្រសើរសម្រាប់ការរស់នៅដល់ប្រជាជនគ្រប់ទីកន្លែង និងមានហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីទាញយកផលប្រយោជន៍ពីការអភិវឌ្ឍ​នៅតំបន់នានានៅក្នុងប្រទេស។ ជាក់ស្តែង បច្ចុប្បន្ននេះ រោងចក្រសហគ្រាសនិងអាជីវកម្មធំៗជាច្រើន បានទៅដល់បណ្តាខេត្ត និងតំបន់ជនបទជាច្រើន។ ស្ថិតក្នុងស្ថានភាពនេះ កម្ពុជាត្រូវការការអភិវឌ្ឍ​ផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីដឹកជញ្ជូននិង​បង្កើនភាពងាយស្រួលក្នុងការអភិវឌ្ឍ និងការរស់នៅ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ផ្អែកលើស្ថានភាពនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះហើយ ទើបកម្ពុជាត្រូវការធនធានមនុស្សជាច្រើន ដើម្បី​ចូលរួមអភិវឌ្ឍប្រទេសជាពិសេស​ផ្នែក​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)។ នៅពេលប្រជាជនរបស់យើងមានជំនាញ STEM ច្រើននោះប្រទេសរបស់នឹងអភិវឌ្ឍបានកាន់តែលឿននិងមានប្រសិទ្ធភាពខ្ពស់។

អ្នកអប់រំខាងលើបានបញ្ជាក់ផងដែរថា មូលហេតុដែលឯកឧត្តមថា STEM ជួយច្រើនដល់ការអភិវឌ្ឍ ព្រោះកន្លងមកយើងឃើញហើយថា​គម្រោងធំៗមួយចំនួន​ យើងត្រូវការពឹងពាក់លើអ្នកជំនាញបរទេសដើម្បីសាងសង់។ ហេតុនេះវាទាមទារឱ្យយើងចំណាយច្រើន និងពេលវេលាយូរដើម្បីអភិវឌ្ឍឱ្យបានសម្រេច តែផ្ទុយមកវិញប្រសិនបើប្រជាជនរបស់យើងមានសមត្ថភាព​លើជំនាញទាំងអស់នោះដោយខ្លួនឯង និងខ្លាំងពូកែ នោះយើងអាចនឹងចំណាយពេលវេលាតិច ឬអាចនិយាយបានថាគម្រោងអភិវឌ្ឍនានានឹងអនុវត្តឆាប់ចប់។ បន្ថែមពីលើនេះយើងក៏ចំណាយថវិកាតិចជាងមុនដែរក្នុងការអភិវឌ្ឍ ដោយសារតែយើងជួលអ្នកជំនាញជាជនជាតិយើង ដើម្បីអភិវឌ្ឍនៅក្នុងតំបន់ដោយខ្លួនឯង៕