សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សុខភាពមាត់ធ្មេញ គឺពិតជាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់ៗរូបមិនថាក្មេងឬចាស់នោះ ទេ។ ប្រាកដណាស់ថាអ្នកនឹងមិនមានភាពជឿជាក់ឡើយក្នុងការសើច ឬញញឹម​ ប្រសិនបើ ធ្មេញរបស់អ្នកមានបញ្ហាដូចជាធ្មេញលឿងនិងធ្មេញស្រអាប់ ឬពណ៌ខ្មៅជាដើម។ ជាមួយគ្នានេះដែររបបអាហារ គឺជាផ្នែកមួយដ៏សំខាន់ដែលមានឥទ្ធិពលមកលើមាត់ធ្មេញរបស់អ្នក។ ប្រសិនបើអ្នកបរិភោគខុសនោះធ្មេញរបស់អ្នកនឹងមានបញ្ហាជាមិនខានដែលជាហេតុធ្វើឱ្យអ្នកសម្រេចចិត្តទៅរកពេទ្យ។ 

ដូច្នេះតើត្រូវធ្វើបែបណាទើបទទួល បានធ្មេញសស្អាតតាមបែបធម្មជាតិដោយមិនចាំបាច់ទៅរកពេទ្យ?វាមិនពិបាកពេកទេ ដោយគ្រាន់តែអ្នកបរិភោគអាហារទាំងប្រាំប្រភេទខាងក្រោមនេះនឹងជំនួយដល់សុខភាពមាត់ធ្មេញរបស់អ្នក:

១) ផ្លែ Strawberry 

ផ្លែ Strawberry អាចជួយឱ្យធ្មេញរបស់អ្នកប្រែប្រួលទៅជាពណ៌សតាមបែបធម្មជាតិបាន យ៉ាងឆាប់រហ័ស ពីព្រោះវាមានអង់ស៊ីមម៉្យាង ​ហៅថាអាស៊ីត  Malic ដែលជួយជំនួយធ្មេញ ឱ្យសភ្លឺចែងចាំង។ យ៉ាងណាមិញអ្នកគួរតែទទួលទានផ្លែឈើនេះឱ្យបានច្រើន ឬមួយក៏អ្នកអាចបុកវាឱ្យម៉ត់ រួចលាបវានៅលើធ្មេញក្នុងមាត់ ទុករយៈពេលប្រមាណប្រាំនាទី​ សឹមលាងទឹក ឬខ្ពុរមាត់ចេញ។ ក្នុងនោះផងដែរប្រសិនបើអ្នកធ្វើច្រើន ដងក្នុងមួយថ្ងៃនឹងកាន់តែឆាប់ទទួលបានប្រសិទ្ធភាពរហ័ស។

២) ផ្លែប៉ោម 

ផ្លែប៉ោម គឺផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក ពោលគឺវាជួយបង្កើនការផលិតទឹកមាត់ដែលមានតួនាទីជាភ្នាក់ងារដ៏សំខាន់ក្នុងការសម្អាតមាត់របស់អ្នក។ ជាមួយគ្នានេះផង ដែរពួកវាជួយសម្អាតធ្មេញឱ្យស្អាតនិងរឹងមាំ ជាពិសេសគឺជួយកំចាត់បាក់តេរីដែលបណ្តាល ឱ្យខ្យល់ដង្ហើមរបស់អ្នកមានក្លិនមិនល្អផងដែរ។

៣) ផ្លែក្រូច 

ផ្លែក្រូច ក៏មានសារៈប្រយោជន៍មិនចាញ់ផ្លែប៉ោមនោះដែរ ពោលគឺវាជួយផលិតទឹកមាត់កាន់ តែច្រើនក្នុងការលាងសម្អាតធ្មេញឱ្យសស្អាតតាមបែបធម្មជាតិ ព្រោះថាធ្មេញ ត្រូវការទឹកមាត់ដើម្បីជួយសម្អាតបាក់តេរីក្នុងមាត់ជារៀងរាល់ថ្ងៃដូច្នេះអ្នកគួរតែ ព្យាយាមបរិភោគពួកវាឱ្យបានច្រើន។

៤) ផ្លែម្នាស់ទុំ

ចំពោះផ្លែម្នាស់ទុំ គឺពិតជាមានអត្ថប្រយោជន៍ជាច្រើនទៅមាត់ធ្មេញ ព្រោះថារសជាតិជូរអែមៗរបស់វា​អាចជួយលាងសម្អាតផ្នែកខាងក្នុងមាត់ឱ្យជ្រះល្អ ពីបាក់តេរីតូចៗដែលធ្វើឱ្យធ្មេញមានពណ៌លឿង។

៥) ម៉ើមការ៉ុត

ការ៉ុត គឺជួយបង្កើនការផលិតទឹកមាត់ ហើយវាក៏ជួយលាងសម្អាតសារជាតិពុលផ្សេងៗ​ ដែលមាននៅជាប់ជើងធ្មេញរបស់អ្នកព្រមទាំងជួយកម្ចាត់ក្លិនមិនល្អ នៅពេលដែលអ្នកដកដង្ហើមផងដែរ។ លើសពីនោះទៅទៀតវាជាអាហារដែលមិន ពិបាករកនោះទេ ពោលគឹលោកអ្នកអាច​បរិភោគឆៅក៏បាន​ ឬចម្អិនឱ្យឆ្អិនធ្វើជាម្ហូបក៏បាន។

សរុបរួមមកវិញ ប្រសិនបើអ្នកបរិភោគផ្លែឈើទាំងប្រាំប្រភេទខាងលើឱ្យបានច្រើនជាប្រចាំថ្ងៃ នោះធ្មេញរបស់លោកអ្នកនឹងឆាប់ទទួលបានការសម្អាតជារៀងរាល់ថ្ងៃ ហើយវានឹងប្រែក្លាយមកជាពណ៌សយ៉ាងស្រស់ស្អាតតាមបែបធម្មជាតិ និងកាត់បន្ថយក្លិនមាត់ មិនល្អថែមទៀតផង។ ម៉្យាងវិញទៀត​អ្នកគួរជៀសវាងការយកក្រូចឆ្មារ ទៅញីលើធ្មេញ របស់អ្នកដោយផ្ទាល់ពីព្រោះវាមានជាតិអាស៊ីតខ្ពស់ដែលអាចបំផ្លាញធ្មេញរបស់អ្នកបាន៕