សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទព័ត៌មាន អប់រំ ធុរកិច្ចល្អៗ

មានសកម្មភាពជាច្រើនដែលម្នាក់ៗបានបំពេញជាប្រចាំថ្ងៃ ដែលស្ទើរតែរកពេលទំនេរមិនបានសម្រាប់អ្នកដែលធ្វើកិច្ចការពិតប្រាកដ។ កិច្ចការខ្លះ ពិតជារឿងដ៏សំខាន់ដែលមិនអាចខ្វះបាន ហើយកិច្ចការមួយចំនួនទៀត ក៏អាចក្លាយជាការរំខានដល់អារម្មណ៍ ស្មារតីរបស់អ្នកពេញមួយថ្ងៃ និងរកផលិតភាពការងារមិនឃើញ និងរវល់ដោយសារតែវា។

មិនថាអ្នកមានលុយច្រើនប៉ុណ្ណា អ្នកមិនអាចទិញបានពេលវេលាច្រើនទេ ម្នាក់មានតែ២៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ។ នេះជាចំនុចចាប់ផ្ដើម ដែលត្រូវផ្តោតការយកចិត្តទុកដាក់លើអ្វីដែលចាំបាច់សម្រាប់អ្នក និងអាជីវកម្មរបស់អ្នក ហើយរារាំងនូវគំនិត ព័ត៌មាន និងមតិយោបល់ដែលមិនពាក់ព័ន្ធ។

សំណួរដែលអ្នកត្រូវសួរជាប្រចាំថ្ងៃគឺ៖ "តើកិច្ចការនេះ សំខាន់ទេ?"

សង្កេតមើលពីការងារទាំងនេះឡើងវិញ ក្នុងរយៈពេលខ្លីមួយ ធៀបជាមួយនឹងគោលដៅពិតប្រាកដដែលអ្នកចង់បាននៅចុងខែ ឬចុងឆ្នាំ តើការងារទាំងនេះកំពុងនាំផ្លូវអ្នកឆ្ពោះទៅរកវាដែរឬទេ? តើការងារអ្វីខ្លះដែល ចំណាយពេលវេលាច្រើននិងទទួលបានលទ្ធផលតិច ដែលអ្នកអាចនឹងត្រូវបោះបង់ចោល ហើយមកចាប់យកកិច្ចការមួយដែលពិតប្រាកដដើម្បីធ្វើឡើងវិញ រៀបផែនការឡើងវិញ?

ដើម្បីយល់ច្បាស់ថា ពេលវេលារបស់អ្នកមានតម្លៃប៉ុណ្ណាសូមចាប់ផ្តើមដោយវាយតម្លៃលើការប្រជុំរបស់អ្នក។ ការប្រជុំខ្លះ ពិតជាឥតប្រយោជន៍ ពិតជាឧបសគ្គមួយដែលបានចំណាយពេលវេលានិងរំខានដល់ការផ្តោតអារម្មណ៍លើកិច្ចការផ្សេងទៀតដែលចាំបាច់។

ការផ្ដាតអារម្មណ៍ និងធ្វើកិច្ចការដែលសំខាន់ប្រចាំថ្ងៃក៏ជាជំហានមួយដែលអាចនាំអ្នកទៅកាន់តែជិតគោលដៅ ដែលអ្នកត្រូវតែគ្រប់គ្រងខ្លួនឯងបានយ៉ាងល្អពីការគ្រប់គ្រងពេលវេលានេះ៕