ស្ថិតក្នុងដំណាក់កាលដ៏លំបាកដែលកើតឡើងដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ-១៩ នេះ ស្ថានភាពសេដ្ឋកិច្ចនៅស្ទើរគ្រប់ប្រទេសទាំងអស់សុទ្ធតែរង្គោះរង្គើ។ សម្រាប់កម្ពុជាយើងវិញ ក៏កំពុងប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីទប់ទល់ជាមួយនឹងការរីករាលដាលជំងឺដ៏កាចសាហាវនេះ។
លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា បុគ្គលដែលមានជីវភាពពឹងផ្អែកលើប្រាក់ខែតែមួយមុខ គួរយកឱកាសនៃការបិទខ្ទប់នេះសិក្សាស្រាវជ្រាវ ស្វែងយល់ពីឱកាសនិងបង្កើតជំនាញថ្មីៗ ដើម្បីអាចរកចំណូលក្រៅម៉ោងធ្វើការដែលនៅអាមេរិកគេហៅថា “Side Hustle”។ យើងមិនដឹងថា វិបត្តិនេះនឹងអូសបន្លាយដល់ពេលណា? ហើយធ្ងន់ធ្ងររហូតដល់ក្រុមហ៊ុន និងស្ថាប័នជាច្រើនបន្តបិទទ្វារឬយ៉ាងណា? បើដូច្នេះមែននោះ ការពឹងផ្អែកតែប្រាក់ខែមួយមុខប្រឈមនឹងហានិភ័យធំណាស់ ព្រោះមនុស្សជាច្រើនបានទិញផ្ទះបង់រំលស់មានបំណុលធនាគារ ត្រូវបង់ថ្លៃសាលាកូន និងត្រូវរ៉ាប់រងចំណាយក្នុងគ្រួសារ។ល។
លោក ង៉ែត ជូ បាននិយាយថា៖ «ខ្ញុំលើកទឹកចិត្តអោយអ្នកធ្វើការ គិតគូរក្នុងការរកការងារក្រៅម៉ោងឬវិនិយោគដើម្បីបង្កើតប្រភពចំណូលលើសពីមួយ»។
អ្នកជំនាញហិរញ្ញវត្ថុខាងលើបានលើកឡើងផងដែរថា លោកមិនគាំទ្រឱ្យបុគ្គលិកមិនយកចិត្តទុកដាក់លើការងារដែលកំពុងធ្វើនោះទេ។ ផ្ទុយទៅវិញគួរតែខិតខំធ្វើការអោយសកម្មប៉ុន្តែមានការងារក្រៅម៉ោង ឬចេះវិនិយោគមិនមានន័យថាត្រូវមិនយកចិត្តទុកដាក់នឹងការងារពេញម៉ោងនោះទេ។
ម្ចាស់ក្រុមហ៊ុនវិយោគ២-៣មុខរបរដើម្បីធ្វើពិពិតកម្ម (diversification) បុគ្គលិកក៏គួររកការងារឬវិនិយោគបន្ថែមដើម្បីជាការធ្វើពិពិតកម្មប្រភពចំណូលដែរ។ បើក្រុមហ៊ុនត្រូវបិទទ្វារម្ចាស់ក្រុមហ៊ុនប្រហែលជា នៅសល់ទ្រព្យសម្បត្តិឬមុខរបរផ្សេងទៀត ប៉ុន្តែបើបុគ្គលិកបាត់បង់ការងារនោះប្រាកដជាលំបាកខ្លាំងណាស់ហើយ។ ក្នុងវិបត្តិនេះ ឬទោះជាវិបត្តិនេះត្រូវចប់ក្នុងពេលឆាប់ៗក៏ដោយ ក៏យើងមិនដឹងថានឹងមានវិបត្តិអ្វីផ្សេងទៀតនឹងកើតមានឡើងនៅពេលអនាគតនោះទេ ដូច្នេះមិនគួរធ្វើតាមទម្លាប់ចាស់ដោយមានប្រភពចំណូលតែមួយនោះឡើយ៕