ប្រភពរូបភាពពី sustainable-living.blog

បុគ្គលដែលមានគោលដៅច្បាស់លាស់ នឹងមានលទ្ធផលសូម្បីតែលើផ្លូវដែលពិបាក។ បុគ្គលដែលគ្មានគោលដៅច្បាស់លាស់ នឹងមិនមានលទ្ធផលទោះជាលើផ្លូវដែលរលោងស្រិល។ ​Tomas Carlyle

អ្វីដែលកើតឡើងចំពោះអ្នកគឺ ភាគច្រើនលើ អ្វីដែលអ្នកគិតនិងរបៀបដែលអ្នកគិត។ មនុស្សដែលទទួលបានជោគជ័យ គិតពីគោលដៅរបស់ពួកគេគ្រប់ពេលវេលា។ ជាលទ្ធផល ពួកគេរមែងឆ្ពោះទៅរកគោលដៅនោះ ឯគោលដៅនោះ រមែងឆ្ពោះមករកពួកគេជានិច្ច។ មិនថាអ្នកគិតអំពីអ្វីក៏ដោយ អ្នកនឹងមានទំនោរទៅរកការសម្រេចនោះបានកាន់តែច្រើននឹងឆាប់រហ័ស ជាងមនុស្សទូទៅដែលភាគច្រើនរមែងគិតនិងនិយាយពី ការព្រួយបារម្ភនិងបញ្ហា។

ខាងក្រោមនេះ គឺជារូបមន្ត៧ជំហានសាមញ្ញៗ ក្នុងការកំណត់និងសម្រេចគោលដៅ ដែលអ្នកអាចប្រើដើម្បីសាងខ្លួនឯងជាសេដ្ឋីគឺ៖

ទី១៖ សម្រេចចិត្តឲ្យច្បាស់ ពីអ្វីដែលអ្នកចង់បានក្នុងជីវិតរបស់អ្នកជាពិសេសអ្នកផ្នែកហិរញ្ញវត្ថុ។

ទី២៖ សរសេរគោលដៅរបស់អ្នកឲ្យបានច្បាស់ និងជាក់លាក់បំផុត។ រឿងដ៏អស្ចារ្យនឹងកើតឡើងរវាងក្បាលនិងដៃរបស់អ្នក នៅពេលអ្នកសរសេរពីគោលដៅនោះ។

ទី៣៖ កំណត់ពេលវេលាជាក់លាក់ សម្រាប់គោលដៅនីមួយៗ។ ប្រសិនបើគោលដៅនោះធំចូរកំណត់ពេលវេលាជាជំហានតូចៗ និងតម្រង់ទៅឲ្យចំគោលដៅ។

ទី៤៖ ធ្វើបញ្ជីការងារ ដែលអ្នកគិតថាអ្នកនឹងត្រូវធ្វើដើម្បីសម្រេចគោលដៅនីមួយៗនោះ។ នៅពេលអ្នកគិតឃើញគំនិតថ្មីចូរសរសេរវាបន្ថែមនៅលើបញ្ជីរហូតទាល់តែពេញ។

ទី៥៖រៀបចំបញ្ជី ចេញជាផែនការសកម្មភាព។ កំណត់ពីអ្វីដែលអ្នកនឹងត្រូវធ្វើមុននឹងអ្វីដែលអ្នកនឹងត្រូវធ្វើនៅពេលក្រោយ។ កំណត់ពីអ្វីដែលសំខាន់ខ្លាំងបំផុត និងអ្វីដែលមិនសូវសំខាន់។

ទី៦៖ធ្វើសកម្មភាព តាមផែនការរបស់អ្នកភ្លាមៗ។ វាគឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដែលថាគោលដៅនិងផែនការល្អៗជាច្រើនមិនដែលបានសម្រេច ព្រោះតែការការអូរដំណើរការនិងការពន្យាពេល។

ទី៧៖ ប្រហែលជាចំនុចដ៏សំខាន់បំផុតនោះគឺ ធ្វើអ្វីមួយរៀងរាល់ថ្ងៃ ដែលនាំអ្នកឆ្ពោះទៅរកគោលដៅដ៏សំខាន់បំផុតរបស់អ្នក។ ការតាំងចិត្តក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃនេះ នឹងធ្វើឲ្យអ្នកទទួលបានជោគជ័យដ៏ធំធេងទៅលើអ្វីដែលអ្នកបានតាំងចិត្តថា នឹងធ្វើឲ្យបានសម្រេច៕

បកប្រែពីសៀវភៅ Brian Tracy: 21 Success Secrets of Self-Made millionaires