សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

នៅក្នុងការរស់នៅ មនុស្សគ្រប់ៗគ្នាអាស្រ័យទៅលើ​​​ការខិតខំប្រឹងប្រែង​​ការតស៊ូ និងអត់ធ្មត់របស់ខ្លួនជាប្រចាំថ្ងៃ ដើម្បីទទួលបានជោគជ័យក្នុងឆាកជីវិត។ ប៉ុន្តែនៅក្រោយខ្នងនៃភាពជោគជ័យ គឺសុទ្ធតែមានការលំបាកហើយថែមទាំងធ្លាប់ឆ្លងកាត់បទពិសោធន៍ ភាពបរាជ័យ ពិសេសគឺសម្ពាធផ្លូវចិត្ត ដែលធ្វើឱ្យយើងមានភាពតានតឹងនឹងកើតអាការៈស្ត្រេស​ រហូតពេលខ្លះគិតថាខ្លួនអន់​​ ពេលខ្លះចង់យំ​ រហូតកើតជំងឺបាក់ទឹកចិត្តថែមទៀតផង។

ដូច្នេះខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលធ្វើឱ្យមនុស្សដាក់សម្ពាធទៅលើខ្លួនឯងដូចជាៈ

1.  ការគិតពីរឿងអនាគតច្រើនពេក

ជាការពិតណាស់ រឿងអនាគតគឺសំខាន់ ​ហើយមនុស្សភាគច្រើនគាត់តែងតែគិតអវិជ្ជមាន​ ម៉្យាងរឿងទាំងនេះចង់សំដៅទៅលើយុវជនតែម្ដង។ ជាមួយគ្នានេះដែរ វាប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណអញ្ចឹង ដូច្នេះគ្រប់ពេលដែល អ្នកគិតពីរឿងរ៉ាវអនាគត នោះអ្នកដឹងតែពិបាកចិត្តទុកជាមុន គិតអ្វីក៏មិនចេញពេលខ្លះអង្គុយអស់សង្ឃឹមម្នាក់​ឯងតែម្នាក់ឯង​ក៏មានផងដែរ។

2.    ការសិក្សា

តើពេលខ្លះអ្នកធ្លាប់គិតចង់បោះបង់ចោលការសិក្សាដែរឬទេ? ការរៀនសូត្រជាកាតព្វកិច្ចរបស់អ្នកសិក្សា​  ហើយត្រូវផ្ដោតខ្លួនជាមួយមេរៀន លំហាត់​ ​កិច្ចការសាលារៀនដែលគ្រូបានដាក់ឱ្យ ហើយទាំងនោះសុទ្ធសឹងតែត្រូវចំណាយ ពេលវេលាយ៉ាងហោចណាស់ក៏ពាក់កណ្ដាលជីវិត ដើម្បីរៀនពីមេរៀនជីវិត ពេលខ្លះក៏ហត់ និងកើតមានអាការៈស្ដ្រេសខ្លាំង ប៉ុន្តែនៅតែបន្តវាដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងដំណើរជីវិតមួយនេះ។

3.   ការដាក់បន្ទុកទៅលើការងារ

វាពិតជាលំបាកណាស់ ក្នុងការសម្របខ្លួនទៅតាមចិត្តរបស់អ្នកដទៃជាពិសេស នៅក្នុងស្ថាប័នការងារត្រូវគោរពទាំងពេលវេលា និងច្បាប់ទម្លាប់ក្នុងក្រុមហ៊ុន​ហើយទាំងអស់នេះ ក៏ព្រោះដើម្បីប្រាក់ប្រចាំខែរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរម្នាក់ៗ គឺសុទ្ធសឹងតែចង់បានការងារល្អសម្រាប់ខ្លួនឯង។ ប៉ុន្តែវាមិនងាយស្រួលនោះឡើយព្រោះថា វាត្រូវការភាពអត់ធ្មត់នឹងការផ្ដោតអារម្មណ៍ទៅលើការងារខ្លាំង បើទោះបីជានូវជុំវិញខ្លួនកំពុងតែជួបប្រឈមមុខ នឹងបរិយាកាសបែបណាក៏ដោយ។

4. បញ្ហគ្រួសារ

ក្នុងនាមជាមេគ្រួសារ ត្រូវគិតពីអនាគតរបស់មនុស្សជាទីស្រឡាញ់វាជារឿងធម្មតា ប៉ុន្តែនៅពេលដែលអ្នកចេះចាប់ផ្ដើមរកលុយទើបដឹងថាលំបាក ព្រោះត្រូវរាប់រ៉ងរាល់ការចំណាយក្នុងគ្រួសារទាំងស្រុង។ ហេតុដូច្នេះការរកប្រាក់បានក្លាយទៅជាផ្នែកមួយយ៉ាងសំខាន់សម្រាប់អ្នក។ សរុបរួមមកវិញ អ្នកក៏ត្រូវចងចាំថា គ្រប់រឿងរ៉ាវទាំងអស់សុទ្ធសឹងតែមាន ដំណោះស្រាយ ប៉ុន្តែអ្វីដែល​សំខាន់គឺយើងម្នាក់ៗត្រូវចេះត្រៀមចិត្តនិងរៀនទទួលយកការពិត៕