តើអ្នកហត់នឿយនិងស្មុគស្មាញដែរឬទេ នៅពេលដែលអ្នកទទួលបាននូវប្រសិទ្ធភាពទាប ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មតាមបែបទីផ្សារប្រពៃណី? ប្រសិនបើដូច្នោះមែន គឺដល់ពេល ដែលអ្នកត្រូវចាប់ផ្តើមជាមួយនឹងការវិនិយោគទៅលើវិស័យបច្ចេកវិទ្យានិងការទិផ្សារឌីជីថល ដើម្បីផ្សព្វផ្សាយនូវផលិតផលរបស់អ្នកវិញម្តងហើយ។ អាជីវកម្មរបស់អ្នកនឹងទទួលបាននូវផលប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ នៅពេលដែលអ្នកចាប់ផ្តើមប្រើប្រាស់នូវយុទ្ធសាស្រ្តទីផ្សារឌីជីថលមួយនេះ ពីព្រោះថាវាអាចជួយឲ្យអាជីវកម្ម របស់អ្នកកាន់តែរីកលូតលាស់ទៅមុខជាលំដាប់ ព្រមទាំងផ្តល់អាចជួយក្នុងការបន្ថែម នូវគុណតម្លៃនៃអាជីវកម្មរបស់អ្នកផងដែរ។
ដូច្នេះតើអ្នកត្រៀមខ្លួនហើយ ឬនៅដើម្បី សិក្សារៀនសូត្រថាតើហេតុអ្វីបានជាការធ្វើទីផ្សារបែបឌីជីថលគឺជាយុទ្ធសាស្រ្តមួយដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន និងអង្គភាពអាជីវកម្មផ្សេងៗក្នុងការឈានទៅរកវឌ្ឍន៍ភាព?
១/ ចំណាយតិចចំណេញច្រើន
អត្ថប្រយោជន៍ដ៏ធំបំផុតនៃការធ្វើទីផ្សារឌីជីថលគឺការចំណាយតិច ពីព្រោះវាបានជួយឲ្យម្ចាស់អាជីវកម្មកាត់បន្ថយនូវរាល់ការចំណាយទៅលើការផ្សព្វផ្សាយ ដែលពុំសូវមានប្រសិទ្ធភាព ហើយថែមទាំងជួយសន្សំថវិកាបានយ៉ាងច្រើនថែមទៀតផង។ យ៉ាងណាមិញការប្រើប្រាស់ យុទ្ធសាស្រ្តឌីជីថល ដើម្បីផ្សព្វផ្សាយនោះទៀតសោតគឺមានតម្លៃសមរម្យ ទទួលបាននូវប្រសិទ្ធភាពខ្ពស់ ព្រមទាំងអាចផ្តល់ព័ត៌មានទៅកាន់អតិថិជនគោលដៅបានឆាប់រហ័សទៀត។
កាលពីមុននៅពេលដែលម្ចាស់អាជីវកម្ម ឬក៏ក្រុមហ៊ុន ចង់ធ្វើការផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួនឲ្យមានអ្នកស្គាល់ច្រើន មានគំាទ្រច្រើន គឺពួកគេត្រូវចំណាយនូវថវិកាយ៉ាងច្រើនក្នុងការផ្សព្វផ្សាយ ដូចជាតាមទូរទស្សន៍ វិទ្យុ និងផ្ទាំងបដាជាដើម។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ជាមួយនឹងការអនុវត្តនូវយុទ្ធសាស្រ្តឌីជីថលម្ចាស់អាជីវកម្ម បានចំណាយថវិកាតិចជាងមុន ហើយផ្សព្វផ្សាយចំអតិថិជនគោលដៅ ដែលអ្នកបានកំណត់ទៀតផង។
ឧទាហរណ៍ថា អ្នកជាម្ចាស់អាហារដ្ឋានដ៏ធំមួយ ហើយអ្នកចង់ធ្វើការផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នកដើម្បីឲ្យមានអតិថិជនស្គាល់ច្រើនជាងមុន ដូច្នេះអ្នកអាចបង្កើតជាវីដេអូដែលបង្ហាញពីមុខម្ហូបដ៏គួរឲ្យចង់បរិភោគ និងប្រកបដោយភាពទាក់ទាញ រួចបង្ហោះវានៅ លើបណ្តាញសង្គម នៅពេលនោះអតិថិជនគោលដៅរបស់អ្នកនឹងបានឃើញព្រមទាំងចាប់អារម្មណ៍ទៅលើមុខម្ហូបនៅក្នុងហាងអ្នក ហើយពួកគេក៏អាចចែករំលែកទៅកាន់មិត្តភក្តិរបស់ពួកគេផងដែរ។
បន្ទាប់ពីធ្វើបែបនោះ អ្នកនឹងទទួលបាននូវអតិថិជនជាច្រើន ព្រមទាំងធ្វើឲ្យមនុស្សរាល់គ្នាស្គាល់ពីម៉ាកយីហោនៃអាជីវកម្មរបស់អ្នកក៏កាន់តែច្រើនផងដែរដោយអ្នកគ្រាន់តែចំណាយថវិកាតិចតួចតែប៉ុណ្ណោះ។
២/ អាចវាស់វែងបាន
នៅពេលដែលអ្នកធ្វើការវិនិយោគលុយទៅក្នុងយុទ្ធការទីផ្សារ គឺអ្នកត្រូវតែតាមដាននូវលទ្ធផលនោះឲ្យបានល្អិតល្អន់ព្រោះវាពិតជាមានសារៈសំខាន់ដើម្បីដឹងថាតើយុទ្ធសាស្រ្តដែលអ្នកកំពុងតែអនុវត្តនោះមានប្រសិទ្ធភាពដែរ ឬក៏អត់ហើយវាអាចជួយឲ្យក្រុមហ៊ុនអ្នក កាន់តែរីកចម្រើនទៅមុខបានដែរ ឬក៏អត់។ ចំពោះគុណប្រយោជន៍មួយទៀតនៃយុទ្ធសាស្រ្តទីផ្សារឌីជីថលនោះ គឺវាមានលទ្ធភាពអាចវាស់វែងនូវទិន្នន័យនិងផ្តល់ជូននូវលិទ្ធផល ឲ្យម្ចាស់អាជីវកម្មបានដឹងបានភ្លាមៗ។
ខណៈពេលដែលការប្រើយុទ្ធនាការចាស់បុរាណ ដែលជាការផ្សព្វផ្សាយបែបប្រពៃណីយកមកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយនៅក្នុងសតវត្សនេះ គឺពិតជាប្រឈមមុខជាមួយនឹងហានិភ័យជាខ្លាំងព្រោះអ្នកអាចចំណាយលុយច្រើន ប៉ុន្តែប្រសិទ្ធភាពវិញគឺមានភាគរយតិចតួចបំផុត ហើយវាក៏ពិបាកក្នុងការវាស់ស្ទង់ពីទិន្នន័យនិងលទ្ធផលដែលទទួលបានពីការផ្សព្វផ្សាយនោះផងដែរ។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការតាមដានទិន្នន័យដូចជាពី Social media ទៅ SEOអ្នកអាចតាមដានរាល់ ទិន្នន័យ និងលទ្ធផលពីយុទ្ធនាការរបស់អ្នក។
៣/ ជួយកំណត់អតិថិជនគោលដៅរបស់អ្នក
ដើម្បីឲ្យយុទ្ធនាការទីផ្សារក្រុមហ៊ុនអ្នកទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកត្រូវផ្តល់ព័ត៌មានពីផលិតផលរបស់អ្នកទៅកាន់អតិថិជនគោលដៅ ដែលមានចំណាប់អារម្មណ៍មកលើអាជីវកម្មរបស់អ្នកចង់ដឹង ចង់លឺ និងចង់សាកនូវផលិតផល ឬសេវាកម្មអ្នក។
យ៉ាងណាមិញ ការកំណត់អតិថិជនគោលដៅជាមួយនឹងការធ្វើទីផ្សារបែបប្រពៃណី គឺវាមានភាពលំបាក ប៉ុន្តែអ្នកអាចកំណត់ថា អតិថិជនណាជាអតិថិជនគោលដៅរបស់អ្នកបាន នៅពេលដែលអ្នកចាប់ផ្តើមប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារឌីជីថលនៅក្នុងឧស្សាហកម្មរបស់អ្នក។ ជាក់ស្តែងប្រសិនបើអ្នកបង្កើតនូវ Facebook Ad អ្នកនឹងទទួលបានអតិថិជនគោលដៅរបស់អ្នក ព្រមទាំងអាចកំណត់ ប្រភេទអតិថិជនរបស់អ្នកតាមរយៈអាយុភេទ ការងារ ចំណាប់អារម្មណ៍ និងចំណង់ ចំណូលចិត្តជាដើម។
៤/ ងាយស្រួលក្នុងការផ្តល់នូវព័ត៌មាន
មនុស្សតែងតែចូលទៅក្នុងប្រព័ន្ធអុីនធឺណេត ដើម្បីពិនិត្យមើលទំនិញដែលពួកគេកំពុងតែត្រូវការ មុនពេលដែលពួកគេសម្រេចចិត្តទិញផលិតផលណាមួយ។ ហើយប្រសិនបើអ្នកអាចផ្តល់នូវផលិតផល ឬសេវាកម្មដែលពួកគេចង់បាន នោះរឹតតែប្រសើរហើយវាគឺជាពេលមួយដែលអ្នកនឹងទទួលបានអ្នកគាំទ្រ និងអ្នកប្រើប្រាស់យ៉ាងច្រើន។
ម្យ៉ាងទៀតអតិថិជនរបស់អ្នក ក៏កំពុងតែស្វែងយល់ពីផលិតផល ឬសេវាកម្មរបស់អ្នកដើម្បីឲ្យបានដឹងច្បាស់ថា តើពួកគេគួរតែទិញទំនិញនោះយកមកប្រើប្រាស់ដែរ ឬអត់។
៥/ ធ្វើឲ្យអាជីវកម្មអ្នកវិវត្តន៍ខ្លួនបានយ៉ាងឆាប់រហ័ស
អត្ថប្រយោជន៍ដ៏ធំបំផុតនៃទីផ្សារឌីជីថល គឺអាចជួយឲ្យអាជីវកម្មរបស់អ្នកអាចបម្លាស់ខ្លួននិងពង្រីកខ្លួនបានយ៉ាងឆាប់រហ័សដែល នេះគឺជាចំណុចពិសេសមួយដែលទីផ្សារឌីជីថលអាចធ្វើបានប៉ុន្តែការធ្វើទីផ្សារបែបប្រពៃណីមិនអាចធ្វើបាន។
នៅពេលអ្នកវិនិយោគទៅលើទីផ្សារអនឡាញ អ្នកនឹងមានកម្លាំង និងអានុភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរអាជីវកម្មរបស់អ្នកឲ្យកាន់តែរីកចម្រើនឡើង ដោយអ្នកអាចអភិវឌ្ឍយុទ្ធនាការ Pay Per Click របស់អ្នក បង្កើនល្បឿននៃការផ្សព្វផ្សាយតាមបណ្តេញសង្គមនិងជួយបង្កើននូវប្រសិទ្ធភាព នៃយុទ្ធនាការ SEO របស់អ្នកឲ្យកាន់តែប្រសរើឡើង។
សរុបរួមមកវិញយើងឃើញថា ការប្រើប្រាស់ទីផ្សារឌីជីថលគឺពិតជាផ្តល់នូវឪកាសមួយដ៏ អស្ចារ្យក្នុងការអភិវឌ្ឍអាជីវកម្មរបស់អ្នកឲ្យកាន់តែរីកចម្រើនឡើង ព្រមទាំងទទួលបាននូវគុណតម្លៃមួយយ៉ាងអស្ចារ្យ ហើយថែមទាំងជួយឲ្យអាជីវកម្មរបស់អ្នកទទួលបានប្រាក់ចំណូលច្រើន និងមានការអភិវឌ្ឍន៍ខ្លួនខ្ពស់ទៀតផង៕