ការបង្កើតថ្មី ជាផ្នែកយ៉ាងសំខាន់នៃជីវិតមនុស្សលើពិភពលោក ព្រោះបើគ្មានការច្នៃប្រឌិតបង្កើតសម្មិទ្ធិផលថ្មីៗទេ យើងមិនអាចរស់នៅងាយស្រួល និង​មានសេចក្តីសុខដូចបច្ចុប្បន្ននោះទេ។ ហេតុនេះហើយ ទើប​មនុស្សជាច្រើនព្យាយាមគ្រប់បែបយ៉ាង ដើម្បីបង្កើតគំនិត​ច្នៃប្រឌិតនានាឡើងពីបញ្ហាជុំវិញការរស់នៅ ខណៈអ្នកខ្លះទៀតយល់ថា​ការបង្កើតថ្មី ចាំបាច់ត្រូវតែជាគំនិតដែលនៅឆ្ងាយពីខ្លួនហើយមិនហ៊ានចាប់ផ្តើមធ្វើ។

កញ្ញា ហេង សុវណ្ណមុនីនុត អ្នកជំនាញបច្ចេកវិទ្យានិងជាអ្នកដែលទទួលបានពានរង្វាន់ជាច្រើន ​លើគំនិតបង្កើតបច្ចេកវិទ្យាថ្មីៗ បានលើកឡើងថា គំនិតបង្កើតថ្មីឬនវានុវត្តន៍ (Innovation) ជាផ្នែកយ៉ាងសំខាន់សម្រាប់ជីវិតព្រោះបើមានគំនិតបង្កើតថ្មី ហើយអនុវត្តបានជោគជ័យ នោះមានន័យថាយើងបានបង្កើតសម្មិទ្ធិផលថ្មីមួយដើម្បីជួយដោះស្រាយបញ្ហាមនុស្ស។ 

តែទោះជាយ៉ាងនេះក្តី មានមនុស្សជាច្រើនមិនហ៊ាន​គិត ​បង្កើតសម្មិទ្ធិផលថ្មីៗនោះទេ ដោយសារពួកគេយល់ថាការបង្កើតសម្មិទ្ធិផលថ្មីនានា ត្រូវការការគិតធំហួសពីសមត្ថភាពរបស់គេឬត្រូវការស្រមើស្រមៃវែងឆ្ងាយជាដើម។

កញ្ញា ហេង សុវណ្ណមុនីនុត បាននិយាយថា៖«​តាមពិតទៅ ការបង្កើតគំនិតច្នៃប្រឌិត មិនមែនជារឿងលំបាកពេកនោះទេ។ ឱ្យតែហ៊ានចាប់ផ្តើម យើងនឹងអាចធ្វើវាបាន ព្រោះវានៅជុំវិញខ្លួនយើង​ជារៀងរាល់ថ្ងៃ»។

អ្នកជំនាញបច្ចេកវិទ្យាខាងលើបានបញ្ជាក់ផងដែរថា កុំបារម្ភនិងគិតរូបភាពធំពេក ប្រសិនបើយើងចង់បង្កើតសម្មិទ្ធិផលឬផលិតផលថ្មី តាមរយៈគំនិតច្នៃប្រឌិត។ យើងអាចចាប់ផ្តើមពីតម្រូវការសាមញ្ញៗនៅជុំវិញខ្លួនយើងជាមុនសិន។ ជាធម្មតា ក្នុងការរស់នៅអ្នកណាក៏មានបញ្ហាដែរ ហេតុនេះ​យើងអាចយកបញ្ហាដែលយើងជួបប្រទះ​ទាំងអស់នេះ​មកដោះស្រាយ​ តាមរយៈចំណេះជំនាញរបស់យើងក៏អាចច្នៃបង្កើតឧបករណ៍​ល្អៗបានដែរ។ ជាឧទាហរណ៍នៅពេលក្រុមកញ្ញាឈ្នះពានរង្វាន់​បច្ចេកវិទ្យានៅបរទេសដំបូង ក៏កើតចេញពីផលិតផលដែលដោះស្រាយបញ្ហាតូចៗ​នៅជុំវិញខ្លួនដែរ។

កញ្ញាបានរំឮកថា៖«​ផលិផតផលដែលធ្វើឱ្យយើងឈ្នះពានរង្វាន់នៅពេលនោះ គឺកើតឡើងដោយសារតែយើងមើលឃើញថា​ស្រុកយើងក្តៅ ហើយ​កង្ហារ​ដែលយើងប្រើសព្វថ្ងៃបក់បានតែ​១៨០ដឺក្រេ។ ហេតុនេះយើងយកគំនិតនេះមកវិភាគថា ចុះបើយើងធ្វើឱ្យកង្ហារមួយ​វិលបាន៣៦០ដឺក្រេ នឹងក្លាយជាយ៉ាងម៉េចវិញ។ ពេលនោះយើងចាប់ផ្តើមសាកល្បងអនុវត្ត​ផលិតវា។ ជាលទ្ធផល​ វាអាចដំណើរការ ហើយជួយមនុស្សបានច្រើន រួមទាំងសន្សំសំចៃថវិកាថែមទៀតផង»។

បន្ទាប់ពីកើតចេញ​ផលិតផលគោលនេះហើយ កញ្ញាថា វាជាមូលដ្ឋានក្នុងការបន្ថែមបច្ចេកវិទ្យា ដូចជា​ការធ្វើឱ្យវាដើរដោយស្វ័យប្រវត្តិបង្កើតកម្មវិធីគ្រប់គ្រង​តាមរយៈទូរស័ព្ទដៃ និងបន្ថែមបច្ចេកវិទ្យា​ល្អៗមួយចំនួន​លើកង្ហារនោះ ក៏ក្លាយជា​ផលិផតផលថ្មីនិងមានភាពច្នៃប្រឌិតបានដែរ។ ហេតុនេះ​ ប្រសិនបើយើងចង់បង្កើតគំនិងច្នៃប្រឌិតយើងអាចចាប់ផ្តើមសាកល្បងពីរឿងជុំវិញខ្លួនយើងបាន៕