កីឡាការនី យី លីហ្សា

ភ្នំពេញ៖ មានតែស្រ្តីតែ១៣នាក់ប៉ុណ្ណោះ ក្នុងចំណោមអត្តពលិកគុនដាវ៦៥នាក់នៅទូទាំងប្រទេសកម្ពុជា ដែលបានហាត់រៀនកីឡាគុនដាវ ដោយសារតែស្រ្តីភាគច្រើន មិនសូវជាចាប់អារម្មណ៍ក្នុងការលេងកីឡា និងបានគិតថា កីឡាគុនដាវ ជាប្រភេទដែលមានគ្រោះថ្នាក់។ 

កីឡាគុនដាវជាប្រភេទកីឡាអភិជន និងជាប្រភេទកីឡាប្រយុទ្ធបែបយុទ្ធសាស្រ្ដ ដោយមិនមែនជាប្រភេទកីឡាប្រើកម្លាំងសុទ្ធសាធនោះទេ។ គុនដាវ មានប្រវត្តិមកពីប្រទេសលោកខាងលិច ឬប្រទេសអឺរ៉ុប ហើយភាគ ច្រើនអ្នកដែលលេងកីឡានេះ មកពីត្រកូលអភិជន អ្នកដែលមានជីវភាពមធ្យមឡើងទៅ ឬក៏បុគ្គលជោគជ័យជាពិសេសគឺជាបុគ្គលល្បីៗ នៅលើពិភពលោកតែម្តង។

ចំណុចល្អនៃកីឡាគុនដាវ គឺវាមិនត្រឹមតែជាប្រភេទកីឡាលេងដើម្បីសុខភាពតែប៉ុណ្ណោះទេ វាក៏ជាប្រភេទកីឡា ហ្វឹកហាត់ផ្លូវចិត្ត និងបញ្ញាស្មារតីឲ្យបានរឹងមាំផងដែរ។ ជាពិសេសប្រភេទដាវនីមួយៗ បានបញ្ជាក់ពីអត្តចរឹក និងភាពឆ្លាតវៃរបស់បុគ្គលដែលហាត់រៀន។ លើសពីនេះទៅទៀតកីឡាគុនដាវ ជាប្រភេទកីឡាអូឡាំពិក មានន័យថា វាជាកីឡាដែលមានសុវត្ថិភាភ បើប្រៀបធៀបជាមួយប្រភេទកីឡាប្រយុទ្ធផ្សេងៗ គុនដាវភាគតិចណាស់ដែលអាចបណ្តាលឲ្យមានរបួសបន្ទាប់ពីការប្រកួត។

លោក សុខ អាង អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវកម្ពុជា បានប្រាប់ឲ្យដឹងពីកត្តាដែលធ្វើឲ្យស្រ្ដីតិចតួច បំផុតចូលរួមលេងកីឡាគុនដាវនេះ ដោយសារតែស្រ្ដីភាគច្រើន មិនចូលចិត្តលេងកីឡាជាពិសេសប្រភេទ កីឡាប្រយុទ្ធ។ សិស្សជានារីៗនៅតាមសាលា ដែលមានចំណង់ចំណូលចិត្តលេងកីឡានេះ ភាគច្រើនអាណាព្យាបាល របស់ពួកគាត់មិនអនុញ្ញាតលេង ព្រោះពួកគាត់យល់ថា វាជាប្រភេទកីឡាដែលគ្រោះថ្នាក់។ 

លោកបានបន្ថែមទៀតថា ធ្លាប់មានកីឡាការិនីខ្លះឈប់ហាត់រៀនទៅវិញ ក៏ព្រោះតែពេលពួកគាត់ប្រកួតហើយមានស្មាមជាំនៅលើ ដងខ្លួន អ្នកខ្លះគិតថាវាឈឺសាច់ និងធ្វើឲ្យប៉ះពាល់ដល់សម្រស់ អ្វីដែលជាផលវិបាកជាងនេះទៅទៀតគឺគុនដាវ ជាប្រភេទកីឡាត្រូវការប្រើប្រាស់សម្ភារៈថ្លៃៗ និងពិបាករកទិញនៅក្នុងប្រទេសកម្ពុជា។ 

លោក សុខ អាង បានលើកឡើងថា៖«គិតត្រឹមឆ្នាំ២០១៩នៅក្នុងសហព័ន្ធកីឡាគុនដាវកម្ពុជា មានស្ដ្រីចំនួនតែ ១៣នាក់​​ប៉ុណ្ណោះ ក្នុងចំណោមអត្តពលិកគុនដាវ ៦៥នាក់ទូទាំងប្រទេស ក្នុងចំណោមនោះមានកីឡាការិនីចំនួន៤នាក់ ត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិ»។

កីឡាការ នី យី លីហ្សា ដែលមានអាយុ ១៩ឆ្នាំ ជាសិស្សរៀននៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា បានចូលហាត់រៀន កីឡាគុនដាវអស់រយៈពេល៤ឆ្នាំមកហើយ។ គាត់បានប្រាប់ឲ្យដឹងពីមូលហេតុដែលគាត់ចូលហាត់រៀនកីឡាគុនដាវ ពីព្រោះដោយសារតែ ជាការស្រលាញ់ពេញចិត្តរបស់គាត់ ហើយមួយវិញទៀត គាត់បានមើលឃើញថា កីឡាគុនដាវមិនទាន់មានអ្នកស្គាល់និងលេងច្រើន ដូច្នេះវាក៏ជាឪកាសល្អសម្រាប់គាត់ក្នុងការហាត់រៀនផងដែរ ។

កញ្ញាបានបន្ថែមទៀតថា វាមានផលពិបាកបន្តិចបន្តួចសម្រាប់មនុស្សស្រីដូចគាត់ក្នុងការហាត់រៀនកីឡាគុនដាវនេះ គឺតម្រូវឲ្យគាត់ហ្វឹកហាត់ច្រើនម៉ោង ដើម្បីធ្វើឲ្យរាងកាយសម្បទារបស់គាត់រឹងមាំ តម្រូវឲ្យគាត់ត្រូវតែមានកម្លាំងខ្លាំង មានភាពឈ្លាតវៃ និងមានភាពរហ័សរហួន ផ្គួបផ្សំជាមួយនឹងបច្ចេកទេសរបស់គាត់ផ្ទាល់ខ្លួនតែម្តង។ 

កីឡាការនី យី លីហ្សា បានលើកឡើងថា៖ «តាំងពីនាងខ្ញុំចូលហាត់រៀនកីឡាគុនដាវនេះមក ខ្ញុំទទួលបានភាព សុខប្លែក និងភាពជោគជ័យជាច្រើននៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំបានក្លាយទៅជាគំរូល្អម្នាក់ដល់មនុស្សជាច្រើន ពីព្រោះការលេងកីឡា វាមិនបានធ្វើឲ្យខ្ញុំទៅប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តិអំពើខុសច្បាប់នៅក្នុងសង្គម។ កីឡាបានធ្វើឲ្យខ្ញុំមានសុខភាពល្អ បាននាំខ្ញុំទៅរកក្ដីស្រមៃរបស់ខ្ញុំ ហើយកីឡាបានធ្វើឲ្យខ្ញុំមានមោទនភាព ចំពោះខ្លួនឯង និងសង្គមរបស់ខ្ញុំ»។

កីឡាការនី ឆាយ លីនលី

កីឡាការនី ឆាយ លីនលី ដែលមានអាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក បានចូលហាត់រៀន កីឡាគុនដាវនេះ អស់រយៈពេល៥ឆ្នាំមកហើយ គាត់បានប្រាប់ពីមូលហេតុដែលបានធ្វើឲ្យ គាត់ហាត់រៀន កីឡាគុនដាវ ពីព្រោះតែកីឡាគុនដាវនេះ គឺជាប្រភេទកីឡាដែលមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេល អនាគត។

កីឡាគុនដាវ ប្រើប្រាស់បញ្ញាជាជាងប្រើកម្លាំងលុតដំកាយសម្បទាឲ្យរឹងមាំ គាត់បានបន្ថែមថា ក្នុងនាមជា មនុស្សស្រីម្នាក់វា ពិតជាពិបាកណាស់ ហើយវាក៏មិនងាយស្រួលដូចជាបុរសនោះទេ ក្នុងការហាត់រៀនកីឡាគុនដាវនេះ ប៉ុន្តែក៏មិនប្រាកដថាត្រូវចាញ់បុរសនោះដែរ បើទោះបីជាកាយសម្បទាមិនរឹងមាំដូចជាបុរស ក៏ប៉ុន្តែគាត់ក៏មាន ប្រាជ្ញាដូចបុរស ហើយពេលខ្លះក៏ទទួលបានការជោគជ័យជាងបុរសផងដែរ។

កីឡាការនី ឆាយ លីនលី បានលើកឡើងថា៖ «ក្នុងនាមខ្ញុំជាកីឡាការនីម្នាក់ ខ្ញុំចង់ផ្ដាំផ្ញើទៅដល់អ្នកដែលមាន បំណងចង់ហាត់កីឡាគុនដាវទាំងអស់គ្នាថា កីឡាគុនដាវគឺជាកីឡាមួយដែលកម្ពុជាកំពុងតែត្រៀមធ្វើជា ម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ ដូចនេះអ្នកជំនាន់ក្រោយទាំងអស់ ត្រូវតែខិតខំលុតដំដើម្បីទទួលបាន មេដាយកិត្តិយសសម្រាប់ខ្លួនឯង គ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល»។

គួរបញ្ជាក់ថា កីឡាគុនដាវគឺជាប្រភេទកីឡាប្រយុទ្ធបែបយុទ្ធសាស្រ្ដ ដូច្នេះលក្ខខណ្ឌក្នុងការចូលហាត់រៀន កីឡានេះ បើកទូលំទូលាយដោយមិនប្រកាន់អាយុ ភេទ ឲ្យតែមានកាយសម្បទានមាំមួន។ មកដល់ពេល បច្ចុប្បន្ន សហព័ន្ធអន្ដរជាតិបានរៀបចំការប្រកួតជាច្រើន ក្នុងនោះមានការប្រកួតទៅតាមកម្រិតអាយុ ដូចជាក្រោមអាយុ១៣ឆ្នាំ អាយុពី១៣-១៧ឆ្នាំ អាយុពី១៨-២១ឆ្នាំ ពី២១-៣៥ឆ្នាំ ពី៣៥-៤៥ឆ្នាំ និងពី៤៥ឆ្នាំ-៧០ឡើងទៅ ហើយការប្រកួតទាំងអស់សុទ្ធតែជាការប្រកួតផ្លូវការ និងមានការយកចិត្តទុកដាក់ពីគណៈកម្មការរៀបចំការប្រកួតទាំងអស់៕