ក្រៅ​ពី​ទំនាក់​ទំនង​ក្នុង​សង្គមគ្រួសារ​ជា​ផ្នែក​មួយ​នៃ​ជីវិត ដែល​មិន​អាច​ខ្វះ​បាន​របស់​អ្នកហើយ​អ្នក​​​ដែល​អាច​ជា​មនុស្ស​សំខាន់​ក្នុង​គ្រួសារ ជា​មេ​គ្រួសារឬ​អនាគត​មេ​គ្រួសារ​ ក៏​អាច​បង្កើត​​ជា​សុភមង្គល​បាន​មិន​ថា​ក្នុង​រង្វង់​គ្រួសារ​ ឬ​សាច់​ញាតិ​របស់​អ្នកដែល​អាច​ផ្តល់​​ឱ្យ​ពួក​គេ​នូវ​ភាព​រីក​រាយ ដែល​មាន​ក្នុង​ចំណុច​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​៖

. ចំណាយ​ពេល​​ខ្លះ​ជា​មួយ​គ្នា​៖

ទោះ​ពេល​ខ្លះ​រវល់​ច្រើន​តែ​ក៏​​គួរ​លៃ​លក​ពេល​វេលា​ខ្លះ​សម្រាប់​អ្នក​ផ្ទះ​បាន​ខ្លះ​ផង​ដែរ មិន​ថា​​ពេល​តិច​តួច​ក៏​ដោយ​ដែល​អ្នក​អាច​ឆ្លៀត​បាន​។ គួរ​ចំណាយ​ពេល​​ខ្លះ​ជា​មួយ​​សមាជិក​គ្រប់​រូប​នៃ​គ្រួសារ​របស់​អ្នក​ មិន​ថា​កូន​ក្មួយ​តូច​ៗនិង​ទោះ​បី​ជា​ពេល​វេលា​ត្រឹម​២​​ទៅ​៣​នាទី​ក៏​ដោយ ព្រោះ​ថា​ពួក​គេ​គឺ​ត្រូវ​ការ​ភាព​កក់​ក្តៅ​ពី​អ្នក​ផង​ដែរ​ ក្នុង​នាម​ជា​គ្រួសារបង​ប្អូន​ និង​សាច់​ញាតិ​។

. កាយ​វិការ​កក់​ក្តៅ​៖

ជា​ឧទាហរណ៍​​ដូច​ជាការ​ពោល​ពាក្យ​ល្អ​ៗ លើក​ទឹក​ចិត្ត​សមាជិក​គ្រួសារ​ណា​មួយ​ ពេល​ដែល​គេ​បាន​ធ្វើ​រឿង​ល្អ​ៗការ​បង្ហាញ​កាយ​វិការ​ស្និទ្ធ​ស្នាល​ រាក់​ទាក់​ចំពោះ​​សមាជិក​​គ្រួសារសាច់​ញាតិ​បង​ប្អូន ដែល​មក​លេង​អ្នក​ជា​ដើម ព្រោះ​ទាំង​ពួក​គាត់​និង​អ្នក​សុទ្ធ​​សឹង​ចង់​បាន​ភាព​កក់​ក្តៅ​​ពី​បង​ប្អូន​ និង​ក្រុម​គ្រួសារ​។

៣. អនុស្សាវរីយ៍​ខ្លះ​ជា​មួយ​គ្នា​៖

ប្រាកដ​ណាស់​ក្រៅ​តែ​ពី​​ការ​ជួយ​ទុក្ខ​ធុរៈ ការ​ផ្តល់​ភាព​កក់​ក្តៅយើង​ក៏​អាច​ឆ្លៀត​បង្កើត​អនុស្សា​វរីយ៍​ល្អ​ៗ ដូច​ជា​រៀប​ចំ​ដំណើរ​កម្សាន្ត​សម្រាប់​គ្រួសារឬ​ទៅ​ជា​មួយ​បង​ប្អូន​​ ញាតិ​មិត្ត​ជា​ដើម​។ សំណើចនិង​ភាព​រីក​រាយ​​ច្រើន​​កើត​​មាន​ក្នុង​ដំណើរ​កម្សាន្ត ព្រម​ទាំង​ទំនាក់​ទំនង​ល្អនិង​អនុស្សាវរីយ៍​ល្អ​ៗ ក៏​មាន​​មក​ជា​មួយ​​ដំណើរ​​កម្សាន្ត​លក្ខណៈ​គ្រួសារ​នេះ​ផង​ដែរ​ ដែល​យើង​អាច​ដឹក​នាំ​ឱ្យ​មាន​​ជា​សុភមង្គល​សម្រាប់​គ្រួសារ​។

៤. មាន​ពេល​ខ្លះ​ពិភាក្សា​ពី​ដំណោះ​ស្រាយ​បញ្ហា​៖

មែន​ហើយ​​​ជីវិត​គ្រួសារ​មិន​ប្រាកដ​ថា​ដើរ​ដោយ​រលូន​និង​ភាព​រីក​រាយ​រហូត​នោះ​ទេ ពោល​គឺ​នឹង​ជួប​បញ្ហា​ខ្លះ​ ឬ​ភាព​ល្អក់​កករ​ខ្លះ​។ ប៉ុន្តែ​ជា​ជាង​ ការ​ខឹង​ អាក់​អន់​ចិត្ត ឬ​​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​នោះអ្នក​អាច​ដឹក​នាំ​គ្រួសារ​ឱ្យ​ចេះ​លើក​ពី​បញ្ហា​នោះ​មក​និយាយ ស្តាប់ ពិចារណាថ្លឹង​ថ្លែង និង​ព្យាយាម​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នោះ​វិញ។ បែប​នេះគឺ​បញ្ជៀស​ជម្លោះ​​​​ផង និង​ពង្រឹង​សាមគ្គីភាព​ក្នុង​គ្រួសារ​ផង​។

៥. បង្កើត​គំរូ​ល្អ​ៗ​ដល់​កូន​​ក្មួយ​៖

ជា​ការ​ពិតអ្នក​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ ជា​មួយ​គ្នា​នេះ គំរូ​ល្អ​ៗ​ដល់​អ្នក​ជំនាន់​ក្រោយ​ក៏​គប្បី​មាន​ផង​ដែរ ព្រោះ​ថា ពួក​គេ​នឹង​បន្ត​គំរូឬ​រៀន​សូត្រ​ពី​អ្នក​ដែល​ជា​រៀម​ច្បង​ក្នុង​គ្រួសារ​។ ដូច​នេះគំរូ​ដោះ​ស្រាយ​បញ្ហា គំរូ​បង្កើត​សុភមង្គលគំរូ​បង្កើត​ភាព​រីក​រាយ​ក្នុង​គ្រួសារ​អ្នក​ជា​អ្នក​ដឹក​នាំ​នឹង​​ជា​តម្រាប់​ដល់​កូន​ ក្មួយ​អ្នក​ជា​បន្ត​បន្ទាប់​។ ដូច្នេះ​ សរុប​មក​​ អ្នក​អាច​​​បង្កើត​ភាព​រីក​រាយ​នៅ​ក្នុង​គ្រួសារ​​បានដោយ​លទ្ធភាព​របស់​អ្នក និង​​ផ្តល់​ជា​គំរូ​ល្អ​ដល់​កូន​ៗ​ក្មួយ​​របស់​អ្នក​ផង​ដែរ​៕ ​