១. សុបិនឃើញសត្វត្រី

ប្រសិនបើអ្នកយល់សប្ដិឃើញហ្វូងត្រីហែលជុំវិញឬក្បែរៗអ្នក នោះគឺជាប្រផ្នូលល្អណាស់។ តាមជំនឿនៃសុបិន ត្រីត្រូវបានគេចាត់ទុកថាជាប្រផ្នូលនៃការនាំលុយកាក់សំណាងល្អដល់អ្នកដែលកំពុងយល់សុបិននោះ។ លើសពីនេះទៅទៀត ការយល់សប្ដិឃើញត្រីធំឬចាប់បានត្រីធំបង្ហាញថា អ្នកនឹងមានសំណាងកាន់តែច្រើនឱកាសល្អៗនឹងមកដល់ក្នុងពេលឆាប់ៗ។

២. យល់សប្ដិឃើញភ្លើង

ការយល់សប្ដិឃើញភ្លើងអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលពេលភ្ញាក់ដឹងខ្លួន។ ប៉ុន្តែ វាត្រូវបានគេជឿថាការយល់សប្ដិឃើញបែបនេះគឺជារឿងល្អទៅវិញ។ សុបិនឃើញភ្លើងបង្ហាញថាសំណាងល្អកំពុងតែស្ថិតនៅជិតអ្នក ឬអ្នកនឹងមានដំណឹងល្អឆាប់ៗ។

៣. យល់សប្ដិឃើញឆ្កែរត់ចូលក្នុងផ្ទះ

បើអ្នកយល់សប្ដិឃើញសត្វឆ្កែរត់ចូលមកក្នុងផ្ទះរបស់អ្នកនោះជាប្រផ្នូលដ៏ល្អមួយ។ សត្វឆ្កែត្រូវបានគេចាត់ទុកថាជានិម្មិតរូបនៃភាពចម្រុងចម្រើននាំសំណាងល្អដល់ក្រុមគ្រួសារ។ សុបិនបែបនេះបង្ហាញថា អាជីព ការងារនិងស្នេហារបស់អ្នកកំពុងតែមានភាពវិជ្ជមានហើយអ្នកអាចនឹងមានដំណឹងល្អដែលមិនបានព្រៀងទុកឆាប់ៗនេះ។

៤. យល់សប្ដិឃើញអណ្ដើកវារចូលផ្ទះ

តាំងពីបុរាណកាលមកគេមានជំនឿថាអណ្ដើកគឺជាប្រផ្នូលនាំសំណាងល្អ។ ការយល់សប្ដិឃើញអណ្ដើកវារចូលមកក្នុងផ្ទះគឺនឹងនាំចំណូលចូលផ្ទះកាន់តែច្រើនជាពិសេសសម្រាប់អ្នកដែលកំពុងធ្វើមុខជំនួញ។ ប្រសិនបើអ្នកយល់សប្ដិឃើញថាមានតាចាស់ម្នាក់កាន់អណ្ដើកចូលមកក្នុងផ្ទះ វាជាប្រផ្នូលនៃអាយុវែងនិងគ្រួសារមានសុភមង្គល។

៥. យល់សប្ដិឃើញបានអាំងប៉ាវ

ការយល់សប្ដិបែបនេះក៏ជាប្រផ្នូលល្អណាស់ដែរ។ វានាំសំណាងល្អដល់អ្នក ជាពិសេសក្នុងរឿងការងារ។ វាបង្ហាញថាការខិតខំប្រឹងប្រែងរបស់អ្នកក្នុងពេលបច្ចុប្បន្ននិងពីអតីតកាលមកកំពុងតែត្រូវបានមើលឃើញដោយថ្នាក់លើរបស់អ្នកហើយ។

៦. យល់សប្ដិឃើញកំពុងរាប់លុយ

ការយល់សុបិនឃើញបែបនេះកំពុងបង្ហាញថាការងាររបស់អ្នកកំពុងតែទៅមុខយ៉ាងរលូនសំណាងល្អរាប់មិនអស់ ចំណែកជោគជ័យកំពុងរង់ចាំអ្នកនៅខាងមុខ។ សម្រាប់អ្នកមានគ្រួសារឬអ្នករៀបការរួចវិញ សុបិននេះឱ្យប្រផ្នូលលើភាពមានបាន ក្លាយជាអ្នកមានដោយមិនចាំបាច់ភ័យខ្លាចរឿងខ្វះខាតអ្វីឡើយ។ សម្រាប់អ្នកនៅលីវវិញវាជាប្រផ្នូលថាស្នេហារបស់អ្នកនឹងទៅមុខយ៉ាងរលូន។

៧. យល់សប្ដិឃើញសត្វពស់

មនុស្សជាច្រើនជឿថាការយល់សប្ដិឃើញពស់គឺជាការបង្ហាញពីរឿងអាថ៌កំបាំង។ ហើយមនុស្សមួយចំនួនក៏ជឿថា ការយល់សប្ដិឃើញពស់គឺជាប្រផ្នូលនៃសំណាងល្អទាំងជីវិតប្រចាំថ្ងៃផ្នែកហិរញ្ញវត្ថុ និងអាជីពការងារផងដែរ។

៨. យល់សប្ដិឃើញមាស ប្រាក់ ត្បូង

ប្រសិនបើអ្នកយល់សប្ដិឃើញរបស់ណាមួយក្នុងចំណោម៣នេះជាពិសេសក្នុងចំនួនជាក់លាស់ណាមួយ វាតំណាងឱ្យភាពចម្រុងចម្រើន ឧត្ដុងឧត្ដម។ សុបិននេះបង្ហាញថា អ្នកអាចនឹងទទួលបានជោគសំណាង ឬលុយកាក់ដែលមានបានព្រៀងទុកណាមួយ៕