សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ជំនាញ​ទន់ (Soft Skills) ​សម្តៅ​លើ​សមត្ថភាព​ជា​សិល្បៈ​​​ នៃ​ការ​ធ្វើ​អ្វី​មួយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត និង​​​ទៅ​តាម​ចរិត​នស្ស័យ​របស់​មនុស្ស​ម្នាក់​ៗ​ ហើយ​ជំនាញ​នេះ​ពុំ​សូវ​មាន​បង្រៀន​​នៅ​សាលា​ឡើយ តែ​គេ​អាច​ស្វែង​យល់ ឬ​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង​​ ជា​ឧទាហរណ៍​ដូច​ជា​ជំនាញ​នៃ​ការ​ស្តាប់ការ​ទំនាក់​ទំនង ការ​លើក​ទឹក​ចិត្ត ​​​ការ​ដោះ​ស្រាយ​បញ្ហា ការ​គ្រប់​គ្រង​ពេល​វេលា ការ​និយាយ​​ជា​សាធារណៈជា​ដើម។ ជំនាញ​ទាំង​នេះដែល​បូក​ផ្សំ និង​ជំនាញ​បច្ចេក​ទេស (Hard Skills) សម្តៅ​លើ​ជំនាញ​ឯកទេស​​​សម្រាប់​ការងារ​ក្នុង​វិស័យ​ណា​មួយ ​ដូច​ជា​ហរិញ្ញវត្ថុ ច្បាប់ សេដ្ឋកិច្ចវិទ្យាសាស្រ្ត ភាសា​បរទេស នឹង​កាន់​តែ​​បង្កើន​​​​នូវ​​សមត្ថភាព​​​ និង​ប្រសិទ្ធិភាព​មិន​ថា​​ក្នុង​កិច្ច​ការងារ ឬ​របរ​ជំនួញ​​ផ្សេង​ៗ។ ជា​មួយ​គ្នា​នេះ ជំនាញ​ទន់​​សំខាន់​ៗដែល​បង្ហាញ​ដោយ​ វិបសាយ LifeHack​ សម្រាប់​ជា​ទុន​​សម្រាប់​បុគ្គលិក​ក្នុង​ការ​អភិវឌ្ឍ​ជា​សមត្ថភាព​បន្ថែម​មាន​ដូច​ជា​៖

.ការ​បើក​ចិត្ត​ទូលាយ​ទទួល​​​គំនិត​​ថ្មី​ៗ

ឧបមា​ថាមាន​មនុស្ស​​ច្រើន​នាក់​មិន​​ទទួល​យក​នូវ​គំនិត​ថ្មី​ៗ​បន្ថែម នោះ​ប្រហែល​ជា​គ្មាន​​ការ​បញ្ចេញ​​​មតិ​ថ្មី​ៗការ​បង្កើត​របស់​របរ​ថ្មី​ៗ និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗប្រហែល​នឹង​បាត់​បង់​។ ដូច​នេះ ហ្វឹក​ហាត់​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ ទទួល​យក​គំនិត​ថ្មី​បន្ថែម​ ពុំ​មែន​​ជា​​ការ​​​ទទួល​យក​គ្រប់​រឿង​នោះ​ទេ តែ​ជា​ការ​បើក​​គំនិត​ទទួល​យក​អ្វី​ថ្មី​ៗ សម្រាប់​ពិចារណាដើម្បី​បង្កើត​ជា​របៀប​មួយ​​មាន​ភាព​ប្រសើរ និង​ងាយ​ស្រួល​ក្នុង​ជីវភាព​រស់​នៅ​។

Image

.ទំនាក់​ទំនង និង​បង្កើត​មិត្ត​ថ្មី​ៗ

ជំនាញ​ទំនាក់​ទំនង​ជា​រឿង​សំខាន់​មួយ​ដែល​គួរ​មានមិន​ថា​សរសេរ ឬ​និយាយ​ទាក់​ទង​គ្នាព្រោះ​ថា​ក្នុង​​សកម្មភាព​ការងារអ្នក​​ត្រូវ​ការ​ប្រាស្រ័យ​ទាក់​ទងចែក​រំលែក​ និង​ផ្លាស់​ប្តូរ​គំនិត​អ្នកជា​មួយ​អ្នក​ដទៃដើម្បី​​ប្រើ​​ក្នុង​ការ​សម្រេច​គោល​ដៅ​​រួម​ដែល​ចង់​បាន។ បន្ថែម​ពី​នោះ​ការ​ចេះ​បង្កើត​​​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ថ្មីៗស្គាល់​មនុស្ស​ថ្មីៗគឺ​អាច​បង្កើត​ឱកាស​រៀន​សូត្រ និង​បទ​ពិសោធ​ថ្មី​ៗ​បន្ថែម​​​​ទាំង​ក្នុង​កិច្ច​ការងារ​ជា​ក្រុម​និង​ជីវិត​ផង​ដែរ។ ដូច​នេះ​ទំនាក់​ទំនងនិង​ការ​បង្កើត​មិត្ត​​ថ្មីជា​ចំណែក​សំខាន់​មួយដែល​ជួយ​ឱ្យ​ប្រសិទ្ធិភាព​ការងារ​យើង​បាន​រីក​ចម្រើន​ទៅ​មុខ​។

.ដោះ​ស្រាយ​បញ្ហា

ជំនាញ​​មិន​អាច​ខ្វះ​បាន​នេះគឺ​កាន់​តែ​ប្រកាន់​ភ្ជាប់នឹង​ធ្វើ​ឱ្យ​​យើង​កាន់​តែ​មាន​ភាព​វាង​វៃ​ឆ្លាត​ក្នុង​ការ​​រក​ដំណោះ​ស្រាយ​ចំពោះ​មុខ​។ ទន្ទឹម​នឹង​នេះ ជំនាញ​នេះ​ ក៏​ជម្រុញ​ឱ្យ​បង្កើន​ជំនាញ​បន្ទាប់​បន្សំ​​ផង​ដែរដូច​ជា​ការ​ចេះ​អង្កេតការ​រិះ​រក​ប្រភព​បញ្ហាវិភាគ​ និង​យក​ដំណោះ​ស្រាយ​ពី​បទ​ពិសោធ​នានាមក​អនុវត្ត​។ ហើយ​ជា​មួយ​គ្នា​នោះទម្លាប់​ដោះ​ស្រា​យ​បញ្ហា នឹ​ង​ធ្វើ​ឱ្យ​យើង​កើន​គំនិត​ច្នៃ​ប្រឌិត​​នានា ដែល​ជា​សមត្ថភាព​​​ក្នុង​ខ្លួន​បន្ថែម​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម។

Image

.ទំនុក​ចិត្ត​​ខ្លួន​ឯង

ប្រាកដ​ណាស់ថៅ​កែ ឬ​នយោជកឬ​អ្នក​ធ្វើ​ការងារ​ជា​ក្រុម ​សឹង​គ្រប់​ៗ​គ្នា​ពិត​ជា​ចង់​បាន​សមាជិក​ដែល​មាន​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង ទំនុក​ចិត្ត មិន​អាច​ខ្វះ​បាន ក៏​ដូច​ជា​ ការ​ចេះ​គ្រប់​គ្រង​ពេល​វេលា​​បាន​ល្អ​ ដើម្បី​សម្រេច​គោល​ដៅ។ នេះ​ក៏​ព្រោះ​ថាការ​សម្រេច​ចិត្ត​​ដោយ​​ភាព​ទុក​ចិត្ត ភាព​ទទួល​ខុស​ត្រូវ​លើ​សកម្មភាព​​​ដែល​បាន​បំពេញ​ នឹង​ធ្វើ​កិច្ច​ការងារ​អ្នក​មាន​គុណ​ភាព​​មាន​ភាព​ច្បាស់​លាស់អាច​ឃើញ​ពី​​ចំណុច​ដែល​​គួរ​កែ​តម្រូវ និង​​អាច​​រីក​ចម្រើន​​បន្ត​ទៅ​មុខ​ទៀត​ក្នុង​​ពេល​​អនាគត។

.ភាព​ជា​អ្នក​ដឹក​នាំ

ចំណុច​មួយ​នេះក៏​រឹត​តែ​សំខាន់​មិន​​ថា​តែ​បុគ្គលិក​ធ្វើ​ការ ប៉ុន្តែ​សម្តៅ​ដល់​មនុស្ស​ទូ​ទៅ​គ្រប់​គ្នា​។ ព្រោះ​ថា​ជំនាញ​នេះ នឹង​នាំ​ឱ្យ​​យើង​ចេះ​​ទៅ​រក​​ដំណោះ​ស្រាយ​​ដោយ​ឯករាជ្យ ​​ស្វែង​យល់​ អង្កេត និង​​​អាច​ពិចារណា​​រក​ដំណោះ​ស្រាយ​​លើ​បញ្ហា​ប្រឈម​​​ដែល​កើត​មាន។ មាន​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ខ្លួន នឹង​អាច​​ដឹក​នាំ​ក្រុម​ការងារ​​ឆ្លង​កាត់​បញ្ហា​នានា​បាន​ដោយ​មាន​ប្រសិទ្ធិភាព តាម​រយៈ​ការ​​ថ្លឹង​ថ្លែង ស្គាល់​​ពី​ប្រភព​សមត្ថភាព​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ ភាព​ជា​​អ្នក​ដឹក​នាំ​គេ​​ក៏​អាច​បង្កើន​ជំនាញ​នេះ​​តាម​រយៈ​ការ​សង្កេត​មើល​បទ​ពិសោធ​អ្នក​ជំនាន់​មុន​ៗ​ តាម​រយៈ​​​ការ​​អាន​សៀវភៅ​​ពី​បទ​ពិសោធ​បុគ្គល​ដឹក​នាំ ឬ​​មួយ​ក៏​ទេព្យកោសល្យ​ពី​ធម្មជាតិ​របស់​បុគ្គល​​​​នោះ​ផ្ទាល់​៕​​​​​​​​​