វីតាមីន C មិនអាចផលិតបានក្នុងខ្លួនមនុស្សឡើយហេតុនេះហើយទើបវាត្រូវការបន្ថែមទៅក្នុងរបបអាហារដើម្បីឱ្យរាងកាយស្រូបយកវីតាមីនមួយប្រភេទនេះបានគ្រប់គ្រាន់។ វីតាមីន C នេះមានសារប្រយោជន៍សម្រាប់សុខភាពដូចជាចំពោះស្បែកឆ្អឹង ធ្មេញ ហើយនិងប្រភេទឆ្អឹងខ្ចី។ កង្វះវីតាមីន Cអាចបណ្ដាលឱ្យកើតជំងឺម្យ៉ាងឈ្មោះថា Scurvy ដែលនាំឱ្យទៅជាអស់កម្លាំងល្ហិតល្ហៃវង្វេងស្មារតី ងាយឡើងស្នាមជាំ ចេញឈាម និងឈឺតាមសន្លាក់ និងសាច់ដុំជាដើម។ អ្នកអាចសង្កេតមើលដោយខ្លួនឯងថាកំពុងខ្វះវីតាមីនដ៏សំខាន់នេះតាមរយៈសញ្ញាណដូចខាងក្រោម៖

-      អស់កម្លាំង ល្ហិតល្ហៃ

-      ឈឺសាច់ដុំ និងសន្លាក់

-      ងាយកើតស្នាមជាំលើស្បែកដោយគ្មានមូលហេតុដែលមានពណ៌ខៀវលាយក្រហម

-      ស្បែកឡើងស្ងួត

-      សក់បែកចុង

-      ហើមអញ្ចាញធ្មេញ ឬប្រែពណ៌

-      នៅសុខៗឧស្សាហ៍ហូរឈាមអញ្ចាញធ្មេញឬឈាមច្រមុះដោយគ្មានមូលហេតុ

-      មានរបួសមិនជាសះ

-      ឆ្អឹងប្រែប្រួលខុសពីធម្មតា

-      មានបាក់ធ្មេញ

-      ស្រកគីឡូ -ល-

ក្នុងករណីដែលមិនត្រូវបានរកឃើញ ឬព្យាបាលឱ្យទាន់ពេលវេលា កង្វះវីតាមីន Cអាចនាំឱ្យកើតបញ្ហាធំៗដូចជា ពិបាកដកដង្ហើម (ដង្ហើមខ្លី) បញ្ហាសរសៃប្រសាទឡើងកម្ដៅខ្លាំង និងប្រកាច់ជាដើម។

គួរធ្វើបែបណាដើម្បីដោះស្រាយកង្វះវីតាមីននេះ?

វិធីតែមួយគត់គឺបង្គ្រប់វីតាមីន C ដែលខ្វះ តាមរយៈការបន្ថែមវាទៅក្នុងរបបអាហារ ឬប្រើថ្នាំវីតាមីនតែម្ដង។  អាហារដែលសម្បូរជាតិវីតាមីន C ដែលអ្នកអាចញ៉ាំរាល់ថ្ងៃដើម្បីបង្គ្រប់សារជាតិដែលខ្វះនេះមានដូចជា​ ពពួកក្រូចរាប់ចាប់ពីក្រូចឆ្មារ រហូតដល់ក្រូចថ្លុង ពពួកផ្លែបឺរី ពពួកត្រសក់ផ្អែមនិងឪឡឹក ផ្លែគីវី បន្លែបៃតង ប៉េងប៉ោះ ផ្កាខាត់ណា ស្ពៃក្ដោបជាដើម។

បរិមាណវីតាមីន Cដែលត្រូវការតាមវ័យ

ការណែនាំសម្រាប់បរិមាណវីតាមីន C ដែលរាងកាយត្រូវគឺមានភាពខុសគ្នាទៅតាមវ័យនិងភេទ។ សម្រាប់ស្ត្រីមានផ្ទៃពោះ និងម្ដាយបំបៅដោះកូនត្រូវការបរិមាណវីតាមីន Cច្រើនជាងគេក្នុងរបបអាហារ។

កុមារអាយុចាប់ពី១-១០ ឆ្នាំត្រូវការវីតាមីនC ៣០ ម.ក្រ ក្នុងមួយថ្ងៃ

កុមារអាយុចាប់ពី១១-១៤ឆ្នាំ ត្រូវការវីតាមីន C ៣៥ម.ក្រ ក្នុងមួយថ្ងៃ

កុមារអាយុលើស១៥ឆ្នាំ និងមនុស្សជំទង់ ត្រូវការវីតាមីន C ៤០ម.ក្រ ក្នុងមួយថ្ងៃ៕