ពេលខ្លះ វាពិតជាពិបាកខ្លាំងក្នុងការគ្រប់គ្រងឬទប់អារម្មណ៍ ស្របពេលដែលអ្នកកំពុងមានអារម្មណ៍ស្មុគស្មាញ កំពុងខឹងឬមានអ្វីមួយមកប៉ះពាល់ផ្លូវចិត្តជាដើម។ វាអាចនឹងបង្កផលអាក្រក់ចំពោះការសម្រេចចិត្តឬទង្វើរបស់អ្នកក្នុងអំឡុងពេលដែលអ្នកមិនអាចគ្រប់គ្រងអារម្មណ៍បានបែបនេះ។ ដូច្នេះប្រសិនបើអ្នកកំពុងជួបបញ្ហាខាងលើនេះអ្នកអាចសាកល្បងវិធីសាស្ត្រតូចៗខាងក្រោមនោះអារម្មណ៍របស់អ្នកអាចនឹងបែរមកធូរស្រាលឡើងវិញមិនខាន។

១. ញញឹម ទោះបីអ្នកកំពុងមិនសប្បាយចិត្តក៏ដោយ

មនុស្សភាគច្រើននិយាយថាឱ្យញញឹមយ៉ាងម៉េចចេញ បើកំពុងមិនសប្បាយចិត្តផងនោះ? ប៉ុន្តែតើអ្នកដឹងទេស្នាមញញឹម ឬសើចអាចនឹងធ្វើឱ្យអ្នករំសាយអារម្មណ៍អវិជ្ជមានបានដោយមិនដឹងខ្លួន។ ទោះបីវាជាស្នាមញញឹមក្លែងក្លាយក៏ដោយ ប៉ុន្តែវាពិតជាមានប្រសិទ្ធភាពដែលធ្វើឱ្យអ្នកភ្លេចរាល់ទុក្ខកង្វល់បានមួយរយៈ ហើយមានពេលវេលាមកគិតគូរឡើងវិញបានល្អ។

២. ចេញដើរទៅក្រៅមួយភ្លែត

ការដើរឬបញ្ចេញចលនាអាចជួយឱ្យខួរក្បាលបានសម្រាក និងស្រាកស្រាន្តពីការគិតរឿងមិនល្អបានផងដែរ។ហេតុផលគឺដោយសារវាជួយបង្កើនអារម្មណ៍ស្រស់ស្រាយ ក៏ដូចជាថាមពលវិជ្ជមានដល់រាងកាយជាពិសេសខួរក្បាល។ អ្នកគួរសាកល្បងវិធីនេះ ប្រសិនបើអ្នកកំពុងស្ត្រេស ឬគិតអ្វីមិនចេញ។

៣. ឈរនៅក្រោមពន្លឺថ្ងៃ


ប្រសិនបើអ្នកមិនចង់ដើរមានវិធីសាស្ត្រមួយទៀតដែលអ្នកអាចធ្វើបាន គឺឈរនៅក្រោមពន្លឺថ្ងៃ ៣-៤នាទីដើម្បីទទួលបានវីតាមីនល្អៗសម្រាប់រាងកាយ និងបង្កើនអារម្មណ៍ល្អឡើងវិញ។ អ្នកអាចឈរដោយបិទភ្នែក ហើយទទួលអារម្មណ៍ពីកម្ដៅភាយៗពីព្រះអាទិត្យ ជាពិសេសនៅពេលព្រឹកដកដង្ហើមចូលវែងៗ ដើម្បីស្រូបយកថាមពលនិងធ្វើឱ្យអារម្មណ៍បានសម្រាកមួយសន្ទុះ។

៤. ផ្ដល់កាដូឱ្យខ្លួនឯង

នេះជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីធ្វើឱ្យអារម្មណ៍របស់អ្នកបានធូរស្រាលឡើងវិញ។ ការផ្ដល់រង្វាន់ដល់ខ្លួនឯងដូចជា ញ៉ាំរបស់ឆ្ងាញ់ៗដែលខ្លួនចង់ជាយូរមកហើយ ការទិញរបស់ដែលខ្លួនស្រលាញ់បំផុត ការទៅកន្លែងដែលខ្លួនធ្លាប់ស្រមៃសុទ្ធតែជាការលួងលោមអារម្មណ៍របស់ខ្លួនយ៉ាងល្អបំផុត ព្រោះកាលណាខ្លួនអ្នកមានក្ដីសុខ នោះអារម្មណ៍របស់អ្នកនឹងបានស្រាកស្រាន្ត ហើយស្រឡះល្អឡើងវិញ។

៥.ដុតទៀនក្រអូបនៅក្បែរខ្លួន

ក្លិនក្រអូបអាចជះឥទ្ធិពលខ្លាំងដល់អារម្មណ៍របស់មនុស្ស។អ្នកអាចដុតទៀនក្រអូបឬបាញ់ក្លិនក្រអូបៗក្នុងបរិវេណដែលអ្នកកំពុងអង្គុយដើម្បីសម្រួលអារម្មណ៍របស់អ្នកនៅពេលនេះ។ក្លិនប្រហើរ ឬក្រអូបដែលអាចជួយសម្រួលអារម្មណ៍ស្មុគស្មាញបាន មានដូចជាក្លិនក្រូចឆ្មារ ក្លិនផ្កាផ្សេងៗ ក្លិនស្លឹកគ្រៃ ឬក្លិនអ្វីផ្សេងដែលអ្នកចូលចិត្ត។

៦. សម្រាកមួយសន្ទុះ ហើយញ៉ាំអាហារសម្រន់ដែលជួយបន្ធូរអារម្មណ៍

បើអ្នកកំពុងស្មុគស្មាញគិតអ្វីមិនចេញ អ្នកគួរតែសម្រាកធ្វើការ ឬគិតរឿងនោះ ហើយងាកមករកអ្វីញ៉ាំដើម្បីបន្ធូរអារម្មណ៍ជាមុនសិន។ អ្នកអាចញ៉ាំសូកូឡាខ្មៅ កាហ្វេ អ័យស្ទ័រសណ្ដែកដី គ្រាប់ស្វាយចន្ទី ជាដើមដែលសុទ្ធតែជាអាហារសម្រន់ដែលជួយឱ្យអ្នកបានធូរស្បើយអារម្មណ៍ និងបង្កើនផលិតភាពនៃការគិតឡើងវិញបាន។

៧. ច្រៀងបទចម្រៀងដែលខ្លួនស្រលាញ់

វិធីរម្ងាប់អារម្មណ៍បានម្យ៉ាងទៀតគឺការស្រែកច្រៀង ឬរាំបទចម្រៀងសប្បាយ ឬបទដែលខ្លួនស្រលាញ់។ បើអ្នកកំពុងនៅក្នុងបន្ទប់ឯកជនអ្នកអាចបើកចម្រៀងឱ្យឮៗ ហើយស្រែកច្រៀង និងរាំតាមមួយសន្ទុះ នោះអារម្មណ៍អាចនឹងស្រឡះឬសប្បាយចិត្តឡើងវិញបាន។

៨. បន្លែងលេងជាមួយសត្វចិញ្ចឹម

សត្វចិញ្ចឹមក៏អាចជាចំណែកមួយឱ្យអ្នកឈប់គិតច្រើនឬសម្រួលអារម្មណ៍ឡើងវិញបាន។ សូមចំណាយពេលលេងជាមួយពួកគេដោយសប្បាយចិត្ត ដូចជា ឆ្កែឆ្មា ទន្សាយ ព្រាប ឬសត្វដទៃទៀតដែលអាចធ្វើឱ្យអ្នកសើចបាន។

៩. ធ្វើសមាធិ

ការធ្វើសមាធិគឺជាការធ្វើឱ្យអារម្មណ៍បានស្ងប់ល្អអាចប្រមូលអារម្មណ៍បានមូល និងកាត់បន្ថយស្ត្រេសបានដែលវាត្រូវបានគេចាត់ទុកថាជាវិធីដ៏មានប្រសិទ្ធភាពមួយ។ ប្រសិនបើអ្នកមិនធ្លាប់បានសាកល្បងការធ្វើបែបនេះទេអ្នកចាប់ផ្ដើមជាមួយនឹងជំហានងាយសម្រាប់អ្នកទើបចាប់ផ្ដើមដំបូង ដោយអនុវត្តតាមវីដេអូដែលគេបង្ហាញក្នុងយូធូប ឬបណ្ដាញសង្គមផ្សេងៗ ឬអង្គុយស្មឹងស្មាធសម្រួលអារម្មណ៍ដោយបិទភ្នែក។ អ្នកនឹងសង្កេតឃើញខ្លួនឯងមានអារម្មណ៍ធូរស្រាលឡើងវិញ ក្រោយធ្វើបែបនេះបានប៉ុន្មាននាទីនិងជាប្រចាំ៕