ការថែរក្សាសម្រស់គឺជារឿងមួយដ៏សំខាន់សម្រាប់សុភាពនារីគ្រប់ៗរូប ហើយ នៅក្នុងនោះផងដែរ ក្រចកគឺជាផ្នែកមួយដែលនារីៗយកចិត្តទុកដាក់ខ្លាំងដើម្បីថែរក្សាឱ្យរឹងមាំ​ និងឆាប់លូតលាស់វែង។ យ៉ាងណាមិញយើងក៏មានវិធីសាស្រ្តមួយចំនួនដើម្បីជួយឱ្យក្រចក លោកអ្នកឆាប់លូតវែង ហើយថែមទាំងមានសុខភាពល្អ៖

១.សម្អាតជាប្រចាំ៖ ដៃរបស់យើងជាផ្នែកមួយដែលយើងត្រូវប្រើប្រាស់ញឹកញាប់បំផុត ហើយធូលីដីក៏ងាយប្រមូលផ្ដុំនៅក្នុងក្រចក ដែលធ្វើឱ្យមានបាក់តេរី និងមេរោគជាច្រើន។ ដូច្នេះហើយយើងត្រូវសម្អាតឱ្យបានញឹកញាប់ និងប្រើប្រាស់សាប៊ូសម្រាប់សម្លាប់មេរោគ។

២.មើមខ្ទឹមស៖​ មើមខ្ទឹមស ជាឱសថម្យ៉ាងជួយឱ្យក្រចករបស់អ្នករឹងមាំ សស្អាត កាត់សារជាតិស្លែដែលបណ្ដាលឱ្យក្រចកប្រែពណ៌ឡើងលឿង។ ហើយវិធីសាស្រ្តប្រើប្រាស់ងាយស្រួលបំផុត ដោយអ្នកគ្រាន់តែមានមើមខ្ទឹមសមួយកំពឹស លាងទឹកឱ្យស្អាត ហាន់វាយកមកញីលើក្រចករបស់អ្នកឱ្យពេញក្រចក ទុករយៈពេល៤-៥នាទី លាងទឹកចេញជាការស្រេច។

៣.ក្រូចឆ្មា៖ ក្រូចឆ្មាជាប្រភេទគ្រឿងទេសដែលងាយស្រួលរក និងមានអត្ថប្រយោជន៍ខ្ពស់ដល់ក្រចករបស់អ្នក។ ក្រូចឆ្មាត្រូវបានគេប្រើប្រាស់សម្រាប់សម្អាតក្រចក ឱ្យមានសភាពភ្លឺរលោង ហើយសារធាតុដែលមាននៅក្នុងក្រូចឆ្មាក៏ជួយធ្វើឱ្យក្រចកឆាប់លូតវែង និងមិនងាយបាក់។

៤.ជៀសវាងការខាំក្រចក៖ មុខរបួស ឬការរបកស្បែកបន្តិចបន្តួចនៅជិតក្រចក ក៏អាចបណ្ដាលឱ្យមានបាក់តេរី ឬផ្សិតប្រមូលផ្ដុំគ្នាចូលក្នុងក្រចក ដែលអាចធ្វើឱ្យក្រចកងាយឆ្លងមេរោគ។ ប្រសិនបើក្រចករបស់អ្នករបកអ្នកគួរតែប្រើប្រាស់ប្រដាប់កាត់ក្រចកដែលមិនបង្កឱ្យមានរបួស។

៥.ជៀសវាងការលាបពណ៌ក្រចកញឹកញាប់៖ បើអ្នកជាមនុស្សដែលចូលចិត្តលេងពណ៌ក្រចក អ្នកក៏គួរតែលាបប្រភេទថ្នាំក្រចកណាដែលមានគុណភាពល្អ និងមិនមានជាតិអាកុលច្រើន។ ម្យ៉ាងវិញទៀតអ្នកគួរតែទុករយៈពេលឱ្យក្រចកនៅដោយទទេបានខ្លះ ដោយកុំផ្លាស់ប្ដូរពណ៌ញឹកញាប់ពេក។

ក្រចកជាផ្នែកមួយសំខាន់ណាស់ ដូច្នេះហើយអ្នកត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះបញ្ហាសុខភាពក្រចករបស់អ្នក។ ហើយនៅក្នុងអត្ថបទនេះអាចជួយឱ្យអ្នកបានយល់ដឹងចំណេះដឹងទូទៅខ្លះៗ ដើម្បីជួយឱ្យក្រចកលូតលឿន និងមានភាពរឹងមាំ៕