បបូរមាត់ គឺជាផ្នែកមួយដែលសំខាន់ក្នុងការទាក់ទាញនៅលើផ្ទៃមុខរបស់មនុស្សគ្រប់រូប។ ​ជាទូទៅអ្នកប្រាកដជាឧហ្សាហ៍ជួបនូវបញ្ហាមាត់ស្ងួត ឬប្រេះជាក់ជាមិនខាន ដែលវាមិនត្រឹមតែធ្វើឱ្យអ្នកបាក់សម្រស់នោះទេថែមទាំងធ្វើឱ្យអ្នកឈឺថែមទៀតផង។

វាតែងតែកើតឡើងនៅរដូវងារពេលដែលអាកាសធាតុចុះត្រជាក់​​ ហើយវាក៏បណ្តាលមកពីការលិតបបូរមាត់ញឹកញាប់ឬការប្រើប្រាស់ក្រែមដែលមានគុណភាពអន់ផងដែរ ពីព្រោះថា ស្បែកនៅលើបបូរមាត់គឺមិនមានក្រពេញប្រេងដែលអាចបញ្ចេញសំណើមដូចផ្នែកផ្សេងៗទៀតនៅលើខ្លួនអ្នកនោះទេ។ ដូច្នេះហើយទើបវាជាផ្នែកមួយដែលងាយនឹងទទួលរងភាពស្ងួតនិងការប្រេះ។

តើអ្នកអាចព្យាបាលវាតាមរយៈវិធីណាខ្លះ?

១) ផឹកទឹកឱ្យបានច្រើន

ការផឹកទឹកច្រើននិងញឹកញ៉ាប់ គឺអាចជួយព្យាបាលមាត់របស់អ្នកពីការប្រេះឬស្ងួតបាន ហើយវាក៏មិនមែនជាវិធីដែលពិបាកក្នុងការធ្វើនោះដែរ។ទឹកផ្តល់សំណើមដល់បបូរមាត់របស់អ្នក និងជួយកាត់បន្ថយការប្រះ​ឬស្ងួតបាន ព្រោះថាវាគឺជាសារធាតុមួយដែលរាង្គកាយ ត្រូវការចាំបាច់បំផុត។ ដូច្នេះអ្នកគួរតែព្យាយាមផឹកទឹកឱ្យបានច្រើន តាមដែលអាចធ្វើបានយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ ឬច្រើនជាងនេះ។

២) លាបទឹកឃ្មុំ

ទឹកឃ្មុំ ក៏ជាសារធាតុម៉្យាងដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការជួយឱ្យកោសិកាស្បែកនៅលើបបូរមាត់ក៏ដូចជាកោសិកាផ្សេងទៀតនៅលើរាងកាយអ្នកផងដែរ។ អ្វីដែលអ្នកត្រូវធ្វើគឺលាបទឹកឃ្មុំនៅលើបបូរមាត់របស់អ្នកទុកចោលរយៈពេលពី២០ ទៅ៣៥នាទី។​ បន្ទាប់មកអ្នកលាងវាចេញជាមួយទឹកថ្មមៗជាការស្រេច។ ធ្វើបែបនេះជារៀងរាល់យប់កាន់តែមានប្រសិទ្ធភាពចំពោះបបូរមាត់របស់អ្នក។

៣) លាបប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ ក៏មិនខុសពីទឹកឃ្មុំប៉ុន្មានដែរ គឺវាមានសារធាតុសំណើមសម្រាប់ជួយជួសជុលកោសិកា នៅលើបបូរមាត់របស់អ្នក ឱ្យមានសំណើម​និងទន់រលោង។ នៅពេលអ្នកជួបបញ្ហាប្រេះ ឬស្ងួតបបូរមាត់​អ្នកគួរតែលាបប្រទាលកន្ទុយក្រពើស្រសើឱ្យបានច្រើនដងក្នុងមួយថ្ងៃ។

៤) ​ព្យាយាមបរិភោគផ្លែឈើ ដែលមានវីតាមីនឱ្យបានច្រើន ដើម្បីផ្តល់សំណើមដល់កោសិកាស្បែកបបូរមាត់ ដូចជាផ្លែចេក ក្រូច និងម្នាស់ជាដើម។

៥) ឈប់លិតបបូរមាត់

ការលិតមាត់ខ្លួនឯងជាញឹកញ៉ាប់គឺកត្តាមួយដែលបំផ្លាញសំណើមនៅលើបបូរមាត់របស់អ្នក។បើទោះបីជាខណៈពេលដែលលិតអាចធ្វើអោយបបូរមាត់មានសំណើមជាបណ្តោះអាសន្នក៏ពិតមែន   ប៉ុន្តែទំលាប់នេះអាចធ្វើអោយមានបញ្ហាកាន់តែធ្ងន់ធ្ងរ។នៅពេលទឹកមាត់ហួតវានឹងទាញសំណើមពីផ្ទៃបបូរមាត់ ដែលអាចធ្វើឱ្យបបូរមាត់ស្ងួតកាន់តែខ្លាំងឡើងថែមទៀត។ដូច្នេះអ្នកគួរតែបញ្ឈប់វាពីពេលនេះតទៅ៕