ឪពុក​ម្ដាយ​ជា​ច្រើន​តែង​ជ្រើស​យក​វិធី​ឱ្យ​កូន​លេង​ទូរស័ព្ទឬ Tablet ដើម្បី​បញ្ឈប់​ភាព​រពឹស ឬ​យំ​រំអុក​របស់​ពួក​គេ។ ប៉ុន្តែ​មាន​អត្ថបទ​សុខភាព​ជា​ច្រើន​មក​ហើយ​ ដែល​បាន​ចុះ​ផ្សាយ​ពី​គុណ​វិបត្តិ​នៃ​ឧបករណ៍​អេឡិចត្រូនិក​ទាំង​នេះ​ចំពោះ​​ក្មេង​តូចៗ​ ដែល​មិន​ទាន់​​គ្រប់​វ័យ​នឹង​ប្រើ​វាហើយ​ឪពុក​ម្ដាយ​ទាំង​នោះ ​ក៏​បាន​យល់​ដឹងគ្រាន់​តែ​​គ្មាន​ជម្រើស​ដែល​អាច​ជួយ​កូនៗ​របស់​ពួក​គាត់​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ចំនួន ​ដែល​អ្នក​អាច​សាក​ល្បងនិង​​បន្ត​ព្យាយាម​ដើម្បី​​ឱ្យ​កូនៗ ​ងាក​មក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​​គ្រួសារនិង​រម្ងាប់​សភាព​ឆេវឆាវ​របស់​កូនៗ​បាន។

១.រៀន​ទប់​អារម្មណ៍មិន​បញ្ចេញ​ប្រតិកម្ម​រហ័ស​ទៅ​កាន់​ពួក​គេ៖

ប៉ា​ម៉ាក់​ដឹង​ទេថា​ ការ​ដែល​យើង​បញ្ចេញ​ប្រតិកម្ម​រហ័ស​​តប​ទៅ​នឹង​សកម្មភាព​របស់​កូន ​ដូច​ជាស្រែក​គំហក វាយ ឬ​ស្ដី​បន្ទោស​កូន វា​កាន់​តែ​ធ្វើ​ឱ្យ​ពួក​គេ​ចង់​ឈ្នះនិង​បន្ត​ភាព​រឹង​រូស​ទៅ​វិញ។ ប្រសិន​បើ​អ្នក​​ធ្វើ​មិន​ដឹង​មិន​ឮឬ​ប្រាប់​ពួក​គេ​តាម​សម្រួល ពួក​គេ​អាច​នឹង​ចាប់​ផ្ដើម​កែប្រែ​មក​ជា​ថមថយ​ជាង​មុន។ គួរ​ចាំ​ថា ឪពុក​ម្ដាយ​គឺ​ជា​ផ្ទាំង​កញ្ចក់​ឆ្លុះ​បញ្ចាំង​សម្រាប់​កូនៗ ដូច្នេះ​បើ​​កូន​របស់​អ្នក​មាន​អាកប្បកិរិយា​រឹង​រូស ឬ​ឆេវឆាវគួរ​សួរ​ខ្លួន​ឯង​វិញ​ថា​អាច​មក​ពី​ខ្លួន​អ្នក​ធ្លាប់​ធ្វើ​អាកប្បកិរិយា​បែប​នេះ​ដាក់​កូន​ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​ជា​រឿយៗ​​​ដែរ​ឬ​ក៏​អត់ ហើយ​បន្ទាប់​មក​គឺ​ផ្លាស់​ប្ដូរ​ពី​ខ្លួន​អ្នក​ជាមុន មុន​នឹង​ឱ្យ​កូន​ធ្វើ​តាម។

២.លេង​ហ្គេម​ជាមួយ​កូន​បន្ថែម៖

ជំនួស​ឱ្យ​កូន​លេង​អ្វី​តែ​ម្នាក់​ឯង ម្ដាយ​ឪពុក​ត្រូវ​ចំណាយ​ពេល​វេលា​បន្ថែម​ដើម្បី​លេង​ជាមួយ​កូន បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​ពួក​គេ ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​អារម្មណ៍​កក់​ក្ដៅ​ ឱ្យ​បាន​កាន់​តែ​ច្រើន។ អ្នក​អាច​បង្កើត​ហ្គេម​ផ្សេងៗ​គ្នា​ដើម្បី​លេង​ជាមួយ​កូន ជួយ​ពួក​គេ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​​ក្នុង​ហ្គេម​ទាំង​នោះ​ ហើយ​ត្រូវ​បង្រៀន​ពួក​គេ​ឱ្យ​ចាំ​ពាក្យ​ថា "កុំ​ឆេវឆាវ" ឬ "ទប់​អារម្មណ៍" ដូច​ចំណុច​ខាង​លើ។

៣.ផ្ដល់​ជម្រើស​ឱ្យ​ពួក​គេ​ជ្រើស​រើស៖

ក្មេង​​រឹង​រូសឬ​ឆេវឆាវ​ច្រើន​តែ​មក​ពី​ពួក​គេ​មិន​ចូល​ចិត្ត​ផ្ដល់​ជម្រើស។ ដូច្នេះ​ប៉ា​ម៉ាក់​គួរ​បង្រៀន​ពួក​គេ​ឱ្យ​ចេះ​ជ្រើស​រើស​រវាង​របស់​ពីរ ហើយ​ឱ្យ​ពួក​គេ​ផ្ដល់​ហេតុ​ផល​អំពី​ជម្រើស​ដែល​ពួក​គេ​បាន​ជ្រើស។ ការ​ធ្វើ​បែប​នេះ​គឺ​ធ្វើ​ឱ្យ​កូន​ចេះ​ស្វែង​រក​ហេតុ​ផល និង​រម្ងាប់​អារម្មណ៍​ចង់​បាន​របស់​ពួក​គេ​​ដែល​ធ្លាប់​តែ​ចង់​បាន​ភ្លាមៗ មក​ជា​ចំណាយ​ពេល​បន្តិច​ក្នុង​ការ​គិត​គូរ ថ្លឹង​ថ្លែង។អ្វីៗ​ត្រូវ​ធ្វើ​ឡើង​សន្សឹមៗ​ទើប​អាច​ទទួល​បាន​លទ្ធផល។ ប៉ាម៉ាក់​គួរ​តែ​អត់ធ្មត់​និង​ចូល​រួម​ឱ្យ​បាន​ច្រើន​ដើម្បី​​ពត់​អត្តចរិត​របស់​កូន​ដែល​ធ្លាប់​តែ​រឹង​រូសនិង​ឆេវ​ឆាវ​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព៕​