ការហាត់ប្រាណ គឺជាវិធីសាស្រ្តមួយដែលជួយជម្រុញ ដល់ការសម្រកគីឡូរបស់លោកអ្នកឲ្យមានប្រសិទ្ធភាពខ្ពស់ ប៉ុន្ដែដោយសារតែបច្ចុប្បន្នមនុស្សមួយចំនួនមានការមមាញឹកច្រើនជាមួយការងារ មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ហាត់ប្រាណ ប៉ុន្ដែមានបំណងប្រាថ្នាចង់ឱ្យស្រកក្បាលពោះ អាចប្ដូរមកសាកល្បងជាមួយកិច្ចការប្រចាំថ្ងៃ និងអនុវត្តនូវវិធីសាស្រ្តងាយខ្លះៗដើម្បីទទួលបានរូបរាងស្រឡូនស្អាត៖

១.ការទទួលទានទឹកឲ្យបានច្រើន៖ ការទទួលទានទឹក មុនពេលចាប់ផ្ដើមបរិភោគអាហារជាប្រចាំថ្ងៃរបស់លោកអ្នកចន្លោះពី ១កែវទៅ ២កែវអាចកាត់បន្ថយការឃ្លាន និងជួយឱ្យរបបអាហាររបស់អ្នកមានចំនួនតិចជាងមុន ព្រោះនៅពេលដែលអ្នកទទួលទានទឹកមុនបរិភោគអាហារឲ្យបានច្រើន វានឹងធ្វើឱ្យក្រពះរបស់អ្នកឆ្អែត ​ហើយថែមទាំងជួយជម្រុញដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក ប្រតិបត្តិការបានយ៉ាងល្អថែមទៀតផង។

២.ប្រាប់អ្នកដទៃ៖ អ្នកអាចប្រាប់អ្នកណាក៏បាន ប្រាប់កាន់តែច្រើនកាន់តែល្អ នៅពេលដែលអ្នកប្រាប់ពីគោលបំណងសម្រកគីឡូរបស់អ្នកទៅកាន់ពួកគេ ប្រៀបដូចជាអ្នកមានគណៈកម្មការជាច្រើនរូប ដើម្បីចាំជួយដាក់ពិន្ទុឱ្យអ្នកនៅពេលចេញលទ្ធផល។ ដូច្នេះហើយរាល់ពេលអ្នកចាប់កាន់ចំណីអាហារប្រភេទណាមួយក៏ដោយដែលធ្វើឱ្យអ្នកឡើងគីឡូ អ្នកប្រាកដជា នឹងនឹកឃើញទៅដល់ទឹកមុខដែលគេចាំសើចមកកាន់អ្នកនៅពេលដែល អ្នកនិយាយហើយធ្វើមិនបាន ព្រោះវាជាទំនួលខុសត្រូវមួយសម្រាប់អ្នកជាចាំបាច់ត្រូវធ្វើ។

៣.ទិញខោអាវទុកមុន៖ ការជ្រើសរើសយកសម្លៀកបំពាក់ណាដែលស្អាតបំផុត ហើយជាសម្លៀកបំពាក់ដែលអ្នកចូលចិត្តខ្លាំង ដោយរើសយកខោអាវណាដែលមានសភាពតូចជាង និងចង្អៀតដែលអាចល្មមនៅពេលដែលអ្នកសម្រកគីឡូបានសម្រេច។ ការធ្វើបែបនេះជាវិធីសាស្រ្តជម្រុញចិត្តមួយ នៅពេលដែលឃើញសម្លៀកបំពាក់ទាំងនោះហើយ នឹងធ្វើឱ្យអ្នករឹតតែទទួលបានការតាំងចិត្តខ្ពស់បន្ថែមទៀត ដើម្បីសម្រកទម្ងន់ឱ្យត្រូវជាមួយខោអាវដែលខ្លួនស្រឡាញ់។

៤.រៀបចំនំចំណីដោយប្រុងប្រយ័ត្ន៖ នំចំណីណាដែលធ្វើឱ្យអ្នកឡើងទម្ងន់ដាក់វា ឱ្យមានឧបសគ្គចំពោះអ្នកក្នុងការយកនំចំណីទាំងនោះមកបរិភោគ ដូចជាបិទទុកឱ្យជិតហើយយកដាក់ឱ្យឆ្ងាយដៃ ឬនៅទីខ្ពស់ក៏បាន។ ចំណែកបន្លែផ្លែឈើ ឬក៏អាហារណាមួយដែលជួយសម្រួលដល់ការសម្រកក្បាលពោះរបស់អ្នកបាន គួរដាក់វានៅកន្លែងដែលមានភាពងាយស្រួលដល់អ្នក ដើម្បីយកវាមកទទួលទានឲ្យបានច្រើន។

៥.ឈប់មើលរូបភាព វីដេអូដែលធ្វើឱ្យអ្នកឃ្លាន៖ ប្រភេទវីដេអូបែបនេះមានច្រើនណាស់ នៅតាមបណ្ដាញសង្គមបច្ចុប្បន្ន។ ក្នុងនោះផងដែរការមើលវីដេអូ និងរូបភាពទាំងអស់នោះបើទោះបីជាអ្នកមិនឃ្លាន ក៏អាចធ្វើឱ្យអារម្មណ៍របស់អ្នកប្រែជាឃ្លានខ្លាំងរហូតដល់ថ្នាក់បាយសក៏ឆ្ងាញ់ដែរ ហើយទាំងនេះនឹងអាចធ្វើឱ្យអ្នកកាន់តែឡើងទម្ងន់លឿនយ៉ាងឆាប់រហ័ស។

សរុបរួមមកវិញចំពោះលោកអ្នកដែលខ្ជិលហាត់ប្រាណ ក៏អាចស្រកគីឡូបានដែរ ប៉ុន្តែតម្រូវឱ្យមានការព្យាយាមតាំងចិត្តខ្ពស់ នោះអ្នកនឹងស្រកគីឡូ​ព្រមទាំងមានក្បាលពោះយ៉ាងស្រស់ស្អាត ដោយគ្រាន់តែអនុវត្តនូវវិធីសាស្រ្តសាមញ្ញៗទាំងនេះជាប្រចាំ ហើយវាក៏ជាទម្លាប់ល្អដើម្បីឱ្យមានការផ្លាស់ប្ដូរការទទួលទានរបបអាហារដែលធ្វើឱ្យសុខភាពនិងសម្រស់របស់អ្នកកាន់តែមានភាពស្រស់ស្អាត៕