បុគ្គលិកគឺជាកម្លាំងស្នូលនៅក្នុងក្រុមហ៊ុន។ ហេតុនេះការខ្វះខាតបុគ្គលិក ក៏នាំឲ្យដំណើរការនៃប្រតិបត្តិការនៅក្នុងអាជីវកម្មមួយមានការរអាក់រអួលដែរ។ មិនត្រឹមតែប៉ុណ្ណោះវានាំឲ្យអាជីវកម្មឈានទៅដល់ការខាតបង់ប្រាក់ចំណេញ អតិថិជនអស់ជំនឿចិត្ត ឬឈានដល់ការបិទទ្វារ ឬក្ស័យធនជាដើមក៏មាន។ 

នៅកំឡុងពេលដែលក្រុមហ៊ុនមិនទាន់អាចរកអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់ មកបំពេញដំណែងណាមួយបានផ្នែកគ្រប់គ្រងធនធានមនុស្សត្រូវរកដំណោះស្រាយ ដើម្បីចាត់ការបញ្ហាខ្វះខាតកម្លាំងពលកម្មទាំងនោះ។ ក្នុងនោះផងដែរគេសង្កេតឃើញថា មានវិធីជាច្រើនដែលគេអាចប្រើដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពដូចជា:

១/ យកអ្នកដែលចូលនិវត្តន៍ហើយត្រឡប់មកធ្វើការវិញ

មនុស្សដែលបានចូលនិវត្តន៍ហើយ មានន័យថាពួកគាត់ជាបុគ្គលិកចាស់ ដែលមានបទពិសោធន៍ច្រើន​និងជាវ័យដែលឈប់ប្រឡងប្រជែងដណ្តើមផលប្រយោជន៍ទៀតហើយ។ អ្នកយកពួកគាត់មកធ្វើការវិញក្នុងនាមជាបុគ្គលិកកុងត្រា សម្រាប់យកមកជួយជាអ្នកប្រឹក្សាយោបល់ លើការសម្រេចចិត្តនិងចែករំលែកបទពិសោធន៍ដែលគាត់មានដល់បុគ្គលិកឯទៀត

ដោយផ្តល់ប្រាក់បៀវត្សរ៍តិចជាងមុន។ ​អាជីវកម្មនឹងមិនរលំឡើយ ប្រសិនបើអ្នកមានភាពវ័យឆ្លាតដោះស្រាយបញ្ហានិងប្រើប្រាស់ធនធានឲ្យអស់ពីលទ្ធភាព។​

២/ កាត់បន្ថយការលាឈប់របស់បុគ្គលិក

នៅកំឡុងពេលខ្វះខាតបុគ្គលិកបែបនេះ អ្នកត្រូវធ្វើយ៉ាងណាកុំឲ្យបុគ្គលិកចាកចេញ ព្រោះថាវានឹងបណ្តាលឲ្យដំណើរការរបស់ក្រុមហ៊ុនកាន់តែពិបាក។ ប្រសិនបើពួកគេមានបំណងចង់ឈប់អ្នកគួរសាកសួរពីហេតុផលរបស់គេឲ្យបានច្បាស់លាស់ និងដឹងពីតម្រូវការពិតប្រាកដរបស់គេដូចជាការអភិវឌ្ឍជំនាញប្រាក់ខែ និងប្រាក់លើកទឹកចិត្តផ្សេងៗជាដើម។​

៣/ ស្វែងរកបុគ្គលិក ឬក្រុមហ៊ុនពីខាងក្រៅ

វាគឺជាវិធីល្អមួយនៅពេលអ្នកខ្វះខាតបុគ្គលិក ឬអ្នកគិតថាផ្នែកដែលអ្នកខ្វះនោះគឺមិនសូវជាចាំបាច់ប៉ុន្មានទេ។ វាក៏ចាប់ផ្តើមមានការពេញនិយមជាបណ្តើរៗ ជាពិសេសសម្រាប់ក្រុមហ៊ុនធំៗព្រោះថាវាចំណាយអស់តិច។ អ្នកអាចរកក្រុមហ៊ុនផ្សេងដោយឲ្យគេចុះកុងត្រា ធ្វើផ្នែកណាមួយមកឲ្យក្រុមហ៊ុនរបស់អ្នករហូតដល់កិច្ចការនោះចប់សព្វគ្រប់​ឬដល់ពេលដែលអ្នកអាចរកបុគ្គលិកមកចូលក្នុងដំណែងនោះបានត្រឹមត្រូវហើយ។ 

ចំណែកបុគ្គលិកវិញបុគ្គលិកពេញសិទ្ធិ យើងត្រូវការចំណាយច្រើនទៅលើប្រាក់ខែធានារ៉ាប់រងថ្លៃត្រួតពិនិត្យសុខភាព និងប្រាក់សោធននិវត្តន៍ជាដើម។ ប៉ុន្តែប្រសិនបើ​អ្នករើសបុគ្គលិកពីខាងក្រៅអ្នកនឹងមិនសូវព្រួយបារម្ភពីបញ្ហាទាំងនោះទេ ព្រោះអ្នកអាចជួលគេក្នុងនាមជាបុគ្គលិកក្រៅក្របខ័ណ្ឌបាន។ មួយវិញទៀតអ្នកអាចជួលបុគ្គលិកពីក្រុមហ៊ុនផ្គត់ផ្គង់បុគ្គលិកជាដើម។​

៤/​ អនុវត្តវិធីផ្សេងឲ្យបុគ្គលិកធ្វើការ

ដោយសារតែបច្ចេកវិទ្យាសព្វថ្ងៃមានការរីកចម្រើនជាលំដាប់ ដែលវាជាជំនួយដល់ការធ្វើការរបស់មនុស្សបានច្រើនណាស់ដោយពួកគេអាចធ្វើការនៅទីណាក៏បាន។ ហេតុនេះអ្នកគ្រប់គ្រងអាចស្នើឲ្យបុគ្គលិកយកការងារទៅធ្វើនៅផ្ទះឬកន្លែងណាក៏បានក្រៅពីការិយាល័យរបស់គេបន្ថែមទៀត ដើម្បីឲ្យពួកគេអាចបញ្ចប់ការងារបានទាន់ពេលវេលា។

វាពិតជាមិនមានភាពពិបាកឡើយ ព្រោះអ្នកអាចប្រើកម្មវិធីតភ្ជាប់គ្នាដើម្បីទំនាក់ទំនងធ្វើការបានច្រើនយ៉ាងអាស្រ័យលើប្រភេទការងារនីមួយៗ។ ម្យ៉ាងទៀតអ្នកអាចពិភាក្សាជាមួយបុគ្គលិកពីកិច្ចការណាខ្លះដែលគេអាចជួយបាននិងប្រាក់ឈ្នួលដែលសមស្របគេអាចទទួលយកបាន ព្រោះថា ទោះបីជាពួកគេជាបុគ្គលិកមែនតែគេបានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនមកធ្វើការ។​

៥/ បង្កើនម៉ោងធ្វើការបុគ្គលិក

វាគឺជាវិធីការបង្គាប់បញ្ជាឲ្យបុគ្គលិកប៉ុន្តែក្នុងនាមជាអ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មក៏ត្រូវគោរពតាមច្បាប់ការងារដែរ។ប្រសិនបើការងារមានច្រើនប៉ុន្តែក្រុមហ៊ុនអ្នកនៅខ្វះមនុស្ស អ្នកអាចស្នើឲ្យពួកគេតម្លើងម៉ោងធ្វើការរបស់គេដោយមានការគណនាប្រាក់បន្ថែមម៉ោងក្រៅពីម៉ោងធ្វើការធម្មតាឲ្យបានត្រឹមត្រូវតាមច្បាប់។ ជាពិសេសមិនថាអ្នកជាម្ចាស់ក្រុមហ៊ុនក៏ដយ ក៏អ្នកគ្មាន

សិទ្ធិនឹងគម្រាមគំហែងគេឲ្យធ្វើការឲ្យអ្នកដែរអ្នកត្រូវរង់ចាំការស្ម័គ្រចិត្តពីគេជាមុនសិន។​ អ្នកត្រូវចៀសវាងការប្រើប្រាស់អំណាចរំលោភបំពានលើសិទ្ធិរបស់បុគ្គលិកជាដាច់ខាត៕​