មួយរយៈពេលនេះ នៅលើពិភពលោកសុទ្ធតែប្រឈមជាមួយនឹងបញ្ហា​ផលប៉ះពាល់នៃជំងឺកូវីដ១៩ ដូចគ្នាដែលវាបានផ្តល់ផលប៉ះពាល់យ៉ាងច្រើនដល់ការអប់រំ ជាពិសេសគឺកុមារតូចៗ។ ស្ថិតក្នុងស្ថានភាពនេះ អាណាព្យាបាលជាច្រើនក៏បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះវិធីសាស្រ្តក្នុងការអប់រំកូន។

នៅថ្ងៃនេះក្រមា ប៉ុស្តិ៍ សូមលើកយកចំណុចសំខាន់ៗ៣យ៉ាង ដើម្បីអប់រំកូនតូចៗក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ជាលក្ខណៈសហគមន៍នេះ។

១.ធ្វើជាគំរូល្អ

សកម្មភាពល្អបំផុតក្នុងការបង្រៀនកូនឱ្យអនុវត្តតាមដោយភាពវិជ្ជមាន គឺការធ្វើជាគំរូល្អដល់ពួកគេព្រោះកុមារ​ទាំងអស់សុទ្ធតែរៀនដោយសង្កេតតាមសកម្មភាពជាក់ស្តែងរបស់មនុស្សធំ។ ហេតុនេះ ការអនុវត្តគំរូល្អនៅក្នុងសកម្មភាពប្រចាំថ្ងៃ គឺជារឿងល្អបំផុត​ដើម្បីបង្រៀនកុមារឱ្យមានអាកប្បកិរិយាល្អ និងរៀនពីមេរៀនជាក់ស្តែងក្នុងជីវិតរស់នៅ។

២.បង្កើតសកម្មភាពដោយការអនុវត្តផ្ទាល់

ការពន្យល់ដោយផ្ទាល់មាត់ ថ្វីត្បិតតែមានប្រសិទ្ធភាព តែវាមិនអាចធ្វើឱ្យក្មេងចងចាំបានល្អ និងច្បាស់លាស់នោះទេ។ ជាឧទាហរណ៍ បើយើចង់បង្រៀនកូនតូចឱ្យចេះយល់ពីតម្លៃនៃការរង់ចាំ កុំចង់​បានអ្វីភ្លាមៗតាមចិត្តចង់យើងអាចបង្កើតជាសកម្មភាពមួយចំនួន ដើម្បីបង្ហាញការពិតដល់ពួកគេ។ ជាក់ស្តែងឪពុកម្តាយអាច​សាកល្បង​នាំគេទៅភ្លក្សម្ហូបណាមួយដែលគេចូលចិត្តនៅជិតផ្ទះ បន្ទាប់មក​ប្រាប់គេថា ពេលខ្លះបើចង់ញ៉ាំរបស់ឆ្ងាញ់ជាងនេះ កូនត្រូវចេះរង់ចាំបន្តិច។ 

បន្ទាប់មក យើងអាចសាកល្បងនាំគេទៅភោជនីយដ្ឋានល្បីជាងគេ ឬតំបន់ដែលលក់នំឆ្ងាញ់ជាង ដើម្បីឱ្យគេភ្លក្សរស់ជាតិ។ នៅពេលនោះយើងអាចពន្យល់ពួកគេបន្ថែមថា ជាលក្ខខណ្ឌជាក់ស្តែង បើគេមិនចេះរង់ចាំគេអាចទទួលបានត្រឹមរសជាតិអាហារធម្មតាៗនៅជិតផ្ទះតែបើចេះរង់ចាំតែប​ន្តិច គេនឹងអាចទទួលបានរបស់ល្អហួសពីការស្មាន។

៣. ប្រឹក្សាផ្លូវចិត្ត និងលេងកីឡាងាយៗ

កុមារដែលនៅតែកន្លែងដដែលៗច្បាស់ណាស់ថា នឹងអាចមានបញ្ហាប្រឈមជាច្រើន​ផ្នែកផ្លូវចិត្ត ព្រោះពួកគេជាវ័យរពឹស និង​មិនអាចនៅស្ងៀមបាននោះទេ។ ហេតុនេះក្នុងកាលៈទេសៈនេះ អាណាព្យាបាលត្រូវចេះសួរពួកគេដោយត្រង់ អំពីស្ថានភាពអារម្មណ៍របស់ពួកគេដើម្បីបង្ហាញការយល់ចិត្ត។ បន្ទាប់មក​អាចស្វែងរកកីឡាងាយៗដែលអាចលេងបាននៅក្នុងផ្ទុះ ដើម្បីបង្កើតសកម្មភាពដល់ពួកគេ។ នៅពេលនោះ អារម្មណ៍របស់ក្មេងៗក៏អាច​នឹងរសាយបានមួយចំនួនទៅតាមនោះដែរ៕