ការចិញ្ចឹមមាន់លក្ខណៈគ្រួសារមានការពេញនិយមខ្លាំង ដោយសារតែមាន់ស្រែនៅលើទីផ្សារមានតម្រូវការខ្លាំង ហើយតម្លៃដែលទទួលបានក៏ខ្ពស់ដូចគ្នា។ ម្យ៉ាងវិញទៀតការចិញ្ចឹមមាន់លក្ខណៈគ្រួសារអាចជួយសម្រួលដល់ជីវភាពបានខ្លះផងដែរ។ តែបញ្ហានៅត្រង់ថាមាន់ជាសត្វដែលងាយក្នុងការកើតជំងឺដូចគ្នា ទាំងនេះជាវិធីសាស្រ្តសាមញ្ញមួយចំនួនដែលជួយ​ឱ្យការចិញ្ចឹមមាន់លក្ខណៈគ្រួសារមិនសូវមានជំងឺ៖

១.ការជ្រើសទីតាំងសង់ទ្រង់មាន់៖ 

ជ្រើសយកទីតាំងដែលមានបរិយាកាសល្អ មានដើមឈើសម្រាប់ធ្វើម្លប់ដល់សត្វចិញ្ចឹម និងទុកឱ្យមានទីធ្លាខ្លះសម្រាប់មាន់បានដើរលេង បណ្ដើរកូន ឬមួយក៏ជាទីកន្លែងដែលមានរុក្ខជាតិដុះលូតលាស់ច្រើន។

២.ការសង់ទ្រង់មាន់៖ 

សង់ទ្រង់ឡើងឱ្យមានបរិយាកាសល្អ មានខ្យល់ចេញចូលបានគ្រប់គ្រាន់ មិនធ្វើឱ្យជិតខ្លាំងពេក ដោយទុកចន្លោះឱ្យមានពន្លឺព្រះអាទិត្រចូល បានសម្លាប់មេរោគនៅខាងក្នុងទ្រង់ ជាពិសេសមិនសូវមានពពួកសត្វល្អិត ដូចជាស្រមោច កណ្ដៀរមកពូនសម្បុកបាន។

៣.ក្រាលអង្កាមពីក្រោមទ្រុង៖ 

ការក្រាលអង្កាមនៅពីក្រោមទ្រុងសត្វ គឺដើម្បីសម្ងួតលាមកឱ្យឆាប់ស្ងួត និងមិនប្រលាក់ទ្រុងដែលធ្វើឱ្យពិបាកសម្អាត ព្រមទាំងជួយការពារកុំឱ្យទ្រង់មាន់មានក្លិន ដែលទាក់ទាញដល់សត្វរុយ ធ្វើឱ្យមាន់មានសុខភាពមិនល្អឆាប់មានជំងឺ។

៤.សម្អាតទ្រុងជាប្រចាំ៖ 

សម្អាតទ្រុងឱ្យស្អាតជាប្រចាំ និងដិតដល់ ជាពិសេសគួរផ្លាស់អង្កាមកន្លះខែម្ដងនៅពេលដែលទ្រុងចាប់ផ្ដើមមានក្លិនតិចៗ និងចាក់អង្កាមថ្មីចូលជំនួសវិញនៅពេលដែលទ្រង់ចាប់ផ្ដើមស្ងួត។

៥.ឱ្យមាន់ដើរតាមទីធ្លាផ្ទះ៖ 

ប្រសិនបើចិញ្ចឹមមាន់លក្ខណៈគ្រួសារទេ អ្នកគួរតែឱ្យមាន់ដើរជុំវិញទីធ្លាផ្ទះប្រសើរជាង ព្រោះការដាក់ឱ្យរស់នៅតាមធម្មជាតិបែបនេះមាន់ក៏មិនសូវមានជំងឺ ម្យ៉ាងវិញទៀតអាចធ្វើឱ្យបរិយាកាសផ្ទះរបស់អ្នកគួរឱ្យចង់រស់នៅ។

អនុវត្តវិធីសាស្រ្តសាមញ្ញសម្រាប់អ្នកដែលចិញ្ចឹមមាន់លក្ខណៈគ្រួសារខាងលើនេះ នឹងធ្វើឱ្យសត្វចិញ្ចឹមរបស់អ្នកមិនសូវមានជំងឺ ហើយថែមទាំងធ្វើឱ្យបរិយាកាសនៅផ្ទះរបស់អ្នកមានខ្យល់អាកាសបរិសុទ្ធ និងសម្អដោយសត្វចិញ្ចឹមទៀតផង៕