ដោយសាររយៈពេលនេះ ស្ត្រីមេផ្ទះភាគច្រើនត្រូវទិញម្ហូបសាច់ និងបន្លែបង្ការទុកក្នុងទូរទឹកកកឱ្យបានច្រើនដើម្បីប្រើបានយូរ មិនចាំបាច់ចេញទៅផ្សារច្រើនដង។ ដូច្នេះសម្រាប់ត្រី សាច់ដើម្បីរក្សាឱ្យនៅស្រស់បានយូរ ស្ត្រីយើងត្រូវទុកវានៅកន្លែងកកដែលត្រូវចំណាយពេលរង់ចាំឱ្យវារលាយ ទម្រាំអាចយកមកធ្វើម្ហូបបាន។ ថ្ងៃនេះ ក្រមាប៉ុស្តិ៍ សូមបង្ហាញពីរបៀបធ្វើឱ្យសាច់ដែលកកឆាប់រលាយ ហើយមិនខូចគុណភាព ឬស្លេកសាច់ដោយប្រើគ្រឿងផ្សំក្នុងផ្ទះបាយដែលអ្នកមានយ៉ាងងាយ។
១. អំបិល និងទឹកខ្មេះ
វិធីដំបូងដែលអ្នកអាចប្រើបានគឺដាក់អំបិលបន្តិច និងទឹកខ្មេះបន្តិចចូលក្នុងកន្ធន់ទឹក។ សូមកុំបារម្ភ ព្រោះល្បាយនេះនឹងមិនធ្វើឱ្យសាច់ទៅជាប្រៃឬជូរឡើយ ប្រសិនបើអ្នកដាក់ក្នុងបរិមាណតិចតួច។ វាមានតែធ្វើឱ្យសាច់នៅស្រស់ល្អ ទន់និងកាត់ឆ្អាប។ ទឹកខ្មេះមានផ្ទុកអាស៊ីតអាសេទិច ដែលជួយធ្វើឱ្យកម្រិតកកក្នុងទឹកមានការថយចុះ និងធ្វើឱ្យរលាយឆាប់។ ចំណែកអំបិលអាចជួយសម្លាប់បាក់តេរី និងជាកាតាលិករក្នុងការធ្វើឱ្យសាច់ឆាប់រលាយបានលឿនផងដែរ។ ប្រសិនបើអ្នកខ្លាចសាច់ហូរឈាមក្នុងទឹកនោះ អ្នកអាចដាក់វាចូលទាំងថង់ដែលនៅកកនោះក៏បានដែរ។
២. ស្ករស
វិធីសាស្ត្រមួយទៀតគឺប្រើស្ករស។ ជំហានដំបូងអ្នកត្រូវលាយទឹកក្ដៅឧណ្ហៗដែលមានសីតុណ្ហភាព ៤០អង្សារ ដោយលាយទឹកត្រជាក់ជាមួយទឹកក្ដៅដាំពុះក្នុងបរិមាណទឹកត្រជាក់៥ភាគ ទឹកក្ដៅ១ភាគ។ បន្ទាប់មក ដាក់ស្ករសចូល ២ស្លាបព្រាបាយ រួចកូរឱ្យរលាយ ហើយសឹមដាក់សាច់ដែលកកនោះចូលត្រាំប្រមាណ ៧ ទៅ១០នាទី អ្នកអាចយកវាមកហាន់ និងចម្អិនបាន។ ម៉ូលេគុលរបស់ស្ករសអាចជួយរំលាយគ្រីស្តាល់ទឹកកកក្នុងសាច់បានលឿន ចំណែកឥទ្ធិពលរបស់ទឹកក្ដៅឧណ្ហៗក៏អាចជួយឱ្យសាច់ឆាប់រលាយបានផងដែរ។
៣. ប្ដូរកន្លែងទុកសាច់ មុនយកមកចម្អិន
ប្រសិនបើអ្នកមានពេលយូរគួរសម ឬត្រៀមសម្រាប់ចម្អិននៅព្រឹកស្អែក អ្នកអាចជ្រើសរើសរំលាយសាច់កកដោយការប្ដូរកន្លែងទុកសាច់ ព្រោះវិធីសាស្ត្រនេះមានសុវត្ថិភាពនិងរក្សាគុណភាពសាច់បានល្អបំផុត។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែយកសាច់ពីកន្លែងកកមកដាក់នៅឃ្លុបខាងក្រោមដែលមានសីតុណ្ហភាពត្រជាក់ល្មមដើម្បីឱ្យសាច់នោះរលាយតាមធម្មតា។ ប៉ុន្តែត្រូវប្រាកដថាសាច់របស់អ្នកត្រូវបានទុក ឬខ្ចប់ក្នុងថង់ ឬប្រអប់ត្រឹមត្រូវ ជៀសវាងការហូរទឹកឈាមប្រឡាក់ក្នុងទូរ ពេលរលាយទឹកកក៕