បញ្ហាស្បែកមុខ គឺជាកត្តាចាំបាច់មួយសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់យុវវ័យ ខណៈដែលបច្ចុប្បន្ននេះអាកាសធាតុមានការឡើងកម្តៅ បូកផ្សំជាមួយនឹងការថែទាំស្បែកមុខមិនបានត្រឹមត្រូវ ដោយអាចបណ្តាលមកពីការបរិភោគអាហារមិនបានត្រឹមត្រូវ ប្រើប្រាស់ផលិតផលមិនបានល្អ និងកង្វះនៃការថែរក្សាអនាម័យជាដើម។

ចូលទំព័រការងារ របស់ក្រមា សូមចុចទីនេះ

យុវវ័យខ្លះក៏កំពុងតែមានបញ្ហាប្រឈមលើបញ្ហាស្បែកមុខមុន តែពុំបានដឹងពីរបៀបក្នុងការព្យាបាលដើម្បីឲ្យមានប្រសិទ្ធភាព និងមិនប៉ះពាល់ដល់ស្បែកមុខបន្តទៀត ក្រមា ប៉ុស្ដិ៍​ សូមណែនាំអំពីវិធីសាស្ត្រ៥ចំណុចរបស់ លោកឧកញ៉ាវេជ្ជបណ្ឌិត គួចម៉េងលី ដែលជាស្ថាបនិក និងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mengly J. Quach Education ដែលជាវិធីសាស្រ្តបែបសាមញ្ញ និងមិនត្រូវការចំណាយថវិកា តែទទួលបានស្បែកមុខរលោងស្អាតបែបធម្មជាតិ។ វិធីសាស្រ្តទាំងនោះរួមមាន៖

1.   បរិភោគទឹកឲ្យបានច្រើន: ព្រោះទឹកជាសារធាតុសំខាន់ សម្រាប់សារពាង្គកាយមនុស្សហើយការបរិភោគទឹកច្រើនធ្វើឲ្យកាត់បន្ថយការស្រវាំងភ្នែក ធ្វើឲ្យស្បែកស្រស់ថ្លាមិនជ្រីវជ្រួញ និងជួយធ្វើឲ្យសារពាង្គកាយផ្សេងៗទៀតមិនឲ្យមានបញ្ហា ដូចជាក្រពះពោះវៀនជាដើម ដូច្នេះហើយយ៉ាងតិចបរិភោគទឹកឲ្យបាន៣លីត្រក្នុងមួយថ្ងៃ។

2.   កុំលាងមុខភ្លាមៗពេលត្រឡប់មកពីក្រៅ: ត្រូវរង់ចាំយ៉ាងតិច១៥នាទី បន្ទាប់ពីត្រឡប់មកពីខាងក្រៅវិញដោយរក្សាផ្ទៃមុខឲ្យត្រជាក់ និងរន្ធរោមមុខបិទសិន សឹមលាងសម្អាត។

3.   កុំយកដៃប៉ះឬអង្អែលមុខ:  ព្រោះនៅពេលដែលយកដៃទៅប៉ះ ឬអង្អែលមុខ មេរោគដែលនៅជាប់ដៃ និងជាប់មុខអាចជ្រាបចូលក្នុងស្បែកមុខ ជាពិសេសមេរោគអាចឆ្លងតាមការញិចមុន ដោយឆ្លងពីមួយកន្លែងទៅមួយកន្លែងទៀតពាសពេញមុខ ព្រោះសរសៃឈាមស្បែកមុខមិនមានទ្វារបិទការពារមេរោគ ​ដូច្នេះមិនត្រូវញិចមុនដាច់ខាតលើកលែងតែពេលមានខ្ទុះ​ យើងអាចប្រើប្រាស់អាល់កុលជូតនិងលាងសម្អាតដៃឲ្យបានស្អាតនៅពេលញិចមុន។

4.   លាងមុខនិងកក់សក់មុនពេលចូលគេង: មុនចូលគេង ត្រូវលាងមុខជាមួយសាប៊ូនិងកក់សក់ ដើម្បីសម្អាតជាតិខ្លាញ់នៅលើស្បែកមុខ និងក្បាលការពារការស្ទះរន្ធញើស ដែលបណ្តាលឲ្យមុខមានស្នាមខ្មៅនៅលើមុខ។

5.   លុបមុខពេលថ្ងៃនិងកុំបរិភោគអាហារខ្លាញ់ច្រើនហើយហិរ: ​ក្នុងកំឡុងពេលថ្ងៃយ៉ាងតិចលុបមុខ៤ដងជាមួយទឹកស្អាតដោយយកទឹកមកលុបមុខនិងយកកន្សែងស្អាតជូត ដើម្បីឲ្យស្បែកមុខមានសំណើម៕

ប្រភព៖ OknhaDr. Mengly J. Quach