ការអានជាវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការជំរុញឱ្យមនុស្សម្នាក់ៗអភិវឌ្ឍសមត្ថភាពបានយ៉ាងល្អ និងថែមទាំងជំរុញឱ្យមាន​ថាមពលផលផ្លូវចិត្តល្អថែមទៀតផង។

លោក គីម ដារ៉ា ស្ថាបនិក​គ្រឹះស្ថានអប់រំ StartUp Cambodia បានលើកឡើងថា មនុស្សដែលស្គាល់លោកជាច្រើនបានសរសើរលោកថា ជាមនុស្សចូលចិត្តអានសៀវភៅ និងអានសៀវភៅបានច្រើន ពិសេសគឺអាចចាំអ្វីដែលបានអានច្រើនទៀតផង។ លោកថា តាមពិតទៅ បើនិយាយថាចង់តែមួយមុខគឺមិនត្រឹមត្រូវទេ លោកអាចអានបានច្រើនគឺដោយសារកត្តាអំណោយផលរបស់មជ្ឈដ្ឋានដែលលោករស់នៅ។

១. លោកមានឪពុកជាគំរូ គាត់ធ្លាប់បួសជាសង្ឃហើយគាត់តែងតែអាន។  ហេតុនេះលោកបានឃើញឪពុករបស់លោកអានតាំងពីលោកដឹងក្តីម្លេះ ហើយគាត់ក៏លើកទឹកចិត្តឲ្យលោកឱ្យអានផងដែរ

២. លោកគ្មានឧបករណ៍រំខានទេ ស្រមៃទៅ២០ឆ្នាំមុនគ្មានស្មាតហ្វូនប្រើ ហើយផ្ទះរបស់លោកក៏គ្មានទូរទស្សន៍ដែរ ហេតុនេះលោកសល់ពេលជាច្រើនដែលតម្រូវឲ្យលោកត្រូវតែរកអ្វីមកធ្វើ។ នៅពេលនោះ លោកក៏សម្រេចចិត្តអានដើម្បីកំសាន្តនិងដើម្បីចង់ដឹង ហើយលោកក៏បានអានតាំងពីទស្សនាវដ្ដី កាសែតសឹងគ្រប់ភាគ គ្រាន់តែអានរបស់ចាស់ៗមិនសូវបានអានរបស់ថ្មីៗទេ។ 

លោកបានបញ្ជាក់ផងដែរថា លោកក៏អានប្រលោមលោកបានច្រើនផងដែរបើគិតទៅចូលរយរឿង។ លោកបាននិយាយថា៖ «ខ្ញុំចាំបានថា ខ្ញុំចាប់ផ្ដើមអានសៀវភៅរឿងសាមកុកនៅឆ្នាំ២០០៥ហើយបញ្ចប់នៅឆ្នាំ២០០៧ ព្រោះត្រូវសន្សំលុយទិញម្តងមួយភាគ»។

៣. ចែករំលែក ដោយសារលោកចំណាយពេលច្រើនក្នុងការអាន លោកមិនសូវដឹងអ្វីច្រើនក្រៅពីអ្វីដែលគាត់បានអានទេ ពេលនិយាយលេងឬនិយាយអ្វីម្តងៗ លោកតែងតែលើកពីអ្វីដែលខ្លួនលោកផ្ទាល់បានអានហើយវាជាកត្តាធ្វើឲ្យលោកអាចរំលឹកអ្វីដែលបានអាន

៤. ចាប់ពីឆ្នាំ២០០៦មក លោកចាប់ផ្តើមចាប់អារម្មណ៍អានសៀវភៅបែបយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងការធ្វើជំនួញ ហើយតែងតែចែករំលែកគំនិតទាំងនោះ។

៥. ចាប់ពីឆ្នាំ២០១២ លោកចាប់ផ្ដើមផ្តល់គំនិត និងដំណោះស្រាយបញ្ហាជាច្រើនដល់អ្នកស្គាល់និងមិនស្គាល់ហើយវាជាកត្តាជំរុញឲ្យលោកខិតខំអានបន្ថែមទៀត។

និយាយទៅ លោកមិនមែនកើតមកចូលចិត្តអានឬពូកែអានឡើយ តែដោយសារតែបរិបទរបស់លោកអំណោយផល។ តាមរយៈបទពិសោធន៍ទាំងនេះ លោកបង្ហាញការយល់ឃើញថាគ្រប់គ្នាសុទ្ធតែអាចធ្វើបាន៕